ក្រុមហ៊ុន​តាន់​ចុង​ម៉ូ​ទ័​រ​ខេ​ម​បូ​ឌា បង្ហាញ​រថយន្ត​ម៉ាក​នីសា​ន់​ស៊េរី​ថ្មី នៅ​សាខា​ខេត្តសៀមរាប

878
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ក្រុមហ៊ុន​តាន់​ចុង​ម៉ូ​ទ័​រ​ខេ​ម​បូ​ឌា បានបង្ហាញ​រថយន្ត​ម៉ាក​នីសា​ន់​ស៊េរី​ថ្មី​របស់ខ្លួន ដល់​ក្រសែភ្នែក​អតិថិជន​រាប់សិប​នាក់ ក្នុង​ពិធី​បើកសម្ពោធ​សាខា​ថ្មី នៅ​ក្រុង​សៀមរាប នា​ល្ងាច​ថ្ងៃទី​២១​ខែកក្កដា​នេះ​។​

​លោក ហួត គឹម​ម៉េង ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​តាន់​ចុង​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល​និង​ចែកចាយ​រថយន្ត​ម៉ាក​នីសា​ន់ ស៊េរី​ថ្មី ក្នុងប្រទេស​កម្ពុជា​។ លោក​បន្តថា ដោយ​មើលឃើញ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថេរភាព​ផ្នែក​នយោបាយ ក្រុមហ៊ុន​នឹង​ពង្រីក​បណ្តាញ​លក់ និង​សេវាកម្ម ក្រោយពេល​លក់​ឲ្យ​មានការ​គ្របដណ្តប់​ប្រសើរ​នៅលើ​ទីផ្សារ ក៏ដូចជា​បំពេញតម្រូវការ​អតិថិជន តាម​បណ្តា​ខេត្ត​ផ្សេងៗ​។ រថយន្ត​ម៉ាក​នីសា​ន់ (Nissan Urvan) ស៊េរី​ថ្មី គឺ​នាំចូល​ពី​ប្រទេស​ជប៉ុន ហើយ​ថ្នាក់​គ្រប់គ្រង​រំពឹងថា ការលក់​នឹង​កើន​ឡើងជា​លំដាប់​ក្នុងអំឡុង ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​ជាមួយគ្នា​នោះ​លោក ហួត គឹម​ម៉េង ក៏បាន​ណែនាំ​អំពី​គុណប្រយោជន៍ និង​ភាពទំនើប​របស់​រថយន្ត​ផងដែរ ទាំង​រថយន្ត​ប្រភេទ​គ្រួសារ និង​ប្រភេទ​អាជីវកម្ម ដែល​រួមមាន​ដូចជា ម៉ាស៊ីនត្រជាក់​ល្អ ដំបូល​ខ្ពស់ ខាងក្នុង​ធំ​ទូលាយ​។​ល​។ ក្រៅពីនោះ ក្រុមហ៊ុន​មាន​គម្រោង​ដាក់​បង្ហាញ​រថយន្ត​នីសា​ន់​ម៉ូ​ដែល​ថ្មីៗ បន្ថែមទៀត ព្រមទាំង​ពង្រីក​បណ្តាញ​សេ​វ៉ា​កម្ម​លក់​ទូទាំងប្រទេស ដើម្បី​បំរើ​អតិថិជន​អោយ​ប្រសើរឡើង​៕