ក្រុមហ៊ុន​ធំៗ​របស់​បារាំង​ចូលរួម​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៨

890
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​បង្ហាញ​ពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នៅក្នុង​វិស័យ​សំណង់ សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា (CCIFC) ដោយ​សហការ​ជាមួយ​ស្ថាប័ន Business France​និង​ConfluencesConseil​បានរៀបចំ​ពន្លា​ជាតិ​បារាំង​មួយ​នៅក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៨​ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​ដល់​ថ្ងៃទី​១​ធ្នូ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ។

​បន្ទាប់ពី​ពិធី​បើក​ពិព័រណ៍​ជា​ផ្លូវការ​ពន្លា​ជាតិ​បារាំង​ត្រូវបាន​សម្ពោធ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​លោកស្រី​អេ​វ៉ា​ង្វៀន​ប៊ិ​ញ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ។

​ការរៀបចំ​ពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​បារាំង​ដាក់​បង្ហាញ​នូវ​ផលិតផល​និង​សេវា​របស់ខ្លួន​។ វត្តមាន​នៃ​ក្រុមហ៊ុន​បារាំង​ធំៗ​ជាច្រើន​នៅ​កម្ពុជា​បានបញ្ជាក់​ពី​សក្តានុពល​នៃ​វិស័យ​សំណង់ ក៏ដូចជា​ការផ្គត់ផ្គង់​យ៉ាង​សមស្រប​របស់​ក្រុមហ៊ុន​បារាំង​ចំពោះ​តម្រូវការ​របស់​កម្ពុជា​។
​កំណើន​នៃ​សំណង់​អគារ​ដែល​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​នៅ​កម្ពុជា​ទាមទារ​ឱ្យមាន​ជំនាញ​ឯកទេស និង​ការផ្គត់ផ្គង់​សម្ភារៈ​ប្រកបដោយ​គុណភាព​ខ្ពស់​។​ត្រង់ចំណុច​នេះ​ក្រុមហ៊ុន​បារាំង​ត្រូវបាន​ទទួលស្គាល់​ទូទាំង​ពិភពលោក​។

​ដូច្នេះ​ការចូលរួម​របស់​ក្រុមហ៊ុន​បារាំង​ក្នុង​ពិព័រណ៍​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​សំណង់​។​គឺ​ការសាងសង់​ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព សោភ័ណភាព និង​សុវត្ថិភាព​ជាមួយ​ការប្រើប្រាស់​សម្ភារៈ​ដែលមាន​គុណភាព​និង​ការគោរព​តាម​បទដ្ឋាន​សំណង់​ជាដើម​។​ពន្លា​ជាតិ​បារាំង​ដែល​ដាក់​បង្ហាញ​ម៉ាក​ផលិតផល​ចំនួន​ជាង​២០​មុខ​នឹង​បង្ហាញ​ពី​ដំណោះស្រាយ​នានា ដើម្បី​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។

​ពិព័រណ៍​នេះ​ក៏​ជា​ឱកាស​ផងដែរ​សម្រាប់​ក្រុមហ៊ុន​បារាំង​រៀបចំ​ជំនួប​ដាច់ដោយឡែកៗ​ជាមួយ​តំណាង​ក្រុមហ៊ុន​ក្នុងស្រុក​និង​អ្នកជំនាញ​ពី​ស្ថាប័ន​ផ្សេងៗ​ក្នុង​វិស័យ​សំណង់​។​ក្រុមហ៊ុន​បារាំង​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​៖ APCL និង ASSA ABLOY, SOMFY និង ZELNOVA ZELTIA, ATS, CONFLUENCES និង DESAUTEL GERFLOR, LABARONNE CITAF, LEGRAND, NICOLL, SODEX និង ROMUS, ELEK, MANITOU, MATIERE, SAINT-GOBAIN Glass និង​ក្រុមហ៊ុន VINCI CONSTRUCTION GRANDS PROJETS ៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ធំៗ​របស់​បារាំង​ចូលរួម​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​២០១៨