ក្រុមហ៊ុន​ធំៗ​សហការគ្នា​បង្កើត​“​ប្រព័ន្ធ​អេកូឡូស៊ី​”​សម្រាប់​រថយន្ត​ស្វ័យប្រវត្តិ​

1239
ចែករម្លែក

​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​ក្នុង ពិភពលោក ដែល​ឈានមុខ​គេ​នៅក្នុង​ការប្រកួតប្រជែង​ខាង​រថយន្ត បើកបរ ដោយ​ស្វ័យប្រវត្តិ បាន​សហការគ្នា​ដើម្បី បង្កើត “​ប្រព័ន្ធ​អេកូឡូស៊ី​” (Ecosystem) ទុកជា​ការជំរុញឱ្យ​បច្ចេកវិជ្ជា​រថយន្ត បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ កាន់តែ​រីក ចម្រើន​ទៅមុខ ។​
​ ​
​នៅ​សប្តាហ៍​នេះ ក្រុមហ៊ុន Intel ក្រុមហ៊ុន DENSO ក្រុមហ៊ុន Ericsson ក្រុមហ៊ុន Nippon Telegraph and Telephone Corporation (NTT) និង ក្រុមហ៊ុន DOCOMO ព្រមទាំង​ក្រុមហ៊ុន Toyota បានប្រកាសថា ពួកគេ​បាន សហការគ្នា​ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដែលមាន​ឈ្មោះថា Automotive Edge Computing Consortium ។​
​ ​
​ក្រុមហ៊ុន​ទាំងនេះ មាន គម្រោង​ចែករំលែក​ទិន្នន័យ ដើម្បី​បង្កើត ផែនទី​ផ្សេងៗ និង​បច្ចេកវិជ្ជា​ជំនួយ​ដល់ អ្នកបើកបរ ដែល​កាន់តែ​ប្រសើរ​ជាង មុន ។​
​ ​
​ក្រុមហ៊ុន​ទាំងនេះ បានប្រកាស តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ថា “​គោលបំណង​នៃ​ការសហការ​ជា​ដៃគូ នេះ គឺ​ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​មួយ សម្រាប់​រថយន្ត​ភ្ជាប់​ប្រព័ន្ធ​ទៅកាន់ សេវា​គាំទ្រ​គ្រាអាសន្ន​នានា ដូចជា​ការ បើកបរ​ដោយ​ឆ្លាត​វៃ (Intelligent driving) ការបង្កើត​ផែនទី​ជាមួយនឹង ទិន្នន័យ និង​ជំនួយ​បើកបរ ដែល​ផ្តោត លើ cloud computing ជាដើម​” ៕ ប្រែ​សម្រួល​ដោយ​: ខុម​