ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាមេរិក​ជាច្រើន​នឹងរង​ផលប៉ះពាល់​ខ្លាំង​ពី​ការដាក់ទណ្ឌកម្ម​ក្រុមហ៊ុន Huawei

716
ចែករម្លែក

​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង ដែល​បានដាក់​លើ​ក្រុមហ៊ុន Huawei ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ អាចធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​បណ្តា​ក្រុមហ៊ុន​ជាច្រើន​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់ជូន​ការផ្គត់ផ្គង់​បច្ចេកវិជ្ជា​ដល់​ក្រុមហ៊ុន​យក្ស​ចិន​មួយ​នេះ​។​

​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​លក់​គ្រឿងបន្លាស់​ក្នុងតម្លៃ​ប្រហែល ១១ ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​កាលពី​សប្តាហ៍​មុន​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ក្តីបារម្ភ​ផ្នែក​សន្តិសុខ​ជាតិ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​កាន់តែ​រីកធំឡើង​។​

​បទបញ្ជា​ប្រតិបត្តិ​របស់​ត្រាំ​បាន​ហាមឃាត់​បណ្តា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក Hardware និង Software របស់​សហរដ្ឋអាមេរិក​ពី​ការលក់​ឱ្យទៅ​ក្រុមហ៊ុន Huawei ដោយ​តម្រូវឱ្យមាន​អាជ្ញាប័ណ្ណ​ពិសេស​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមុនសិន​។​

​សារព័ត៌មាន Bloomberg News បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប Intel, Qualcomm, Broadcom និង Xilinx ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានបញ្ជាក់​ថា ពួកគេ​នឹង​ផ្អាក​ការនាំ​ចេញទៅ​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​នៅលើ​ពិភពលោក​និង​ជា​អ្នក​នាំមុខ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​និង​បណ្តាញ 5G ទំនើប​។​

​ក្រុមហ៊ុន Google បាន​និយាយថា ខ្លួន​នឹង​គោរព​តាម​បទបញ្ជា​របស់​សហរដ្ឋ​អាមេរិក ដោយ​ធ្វើឱ្យ​ក្រុមហ៊ុន Huawei លែងមាន​លទ្ធភាព​ចូលទៅ​កាន់​សេវាកម្ម​សំខាន់ៗ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដូចជា Gmail និង Google Maps​។​

​ក្រុមហ៊ុន Microsoft ដែល​ផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ជាច្រើន​ប្រភេទ​នោះ មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP អំពី​ថា​តើ​បទបញ្ជា​របស់​ត្រាំ​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​រ៉េត​ម៉ុ​ន នៅ​រដ្ឋ​វ៉ាស៊ីនតោន​នេះ​យ៉ាងដូចម្តេច​នោះទេ​។​

​លោក បុ​ប អូ​ដូន​នែ​ល (Bob O’Donnell) មកពី​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​បច្ចេកវិជ្ជា Technalysis Research បាន​និយាយថា ការហាមឃាត់​នេះ​គឺ​ស្ទើរតែ​ច្បាស់ការ​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន Microsoft ។​

​លោក​អី​ដូន​នែ​ល​បាន​និយាយថា “​ប្រសិនបើ​វា​ប៉ះពាល់​ដល់​ក្រុមហ៊ុន Google ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​វា​មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន Microsoft ដែរ​នោះទេ​។ កំណែ Window ថ្មី​គឺ​ចេញ​មកពី Microsoft ព្រោះ​គ្មាន​កំណែ Open-source នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ទណ្ឌកម្ម​លើ Huawei ទំនង​ប៉ះពាល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាមេរិក​ជាច្រើន