ក្រុមហ៊ុន​ផលិត​កុន​ថៃ​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​ជុំវិញ​ការថត​ឈុត​ឆាក “​អាសអាភាស​” នៅ​ផ្លូវ​ខៅ​សាន ក្រុង​បាងកក​

654

ប៉ូលិស​ថៃ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​មួយ​បន្ទាប់ពី​បុគ្គលិក​របស់ខ្លួន​ត្រូវគេ​បាន​ចាប់បាន​កំពុង​រៀបចំ​ថត​ឈុត​ឆាក​មិន​សមរម្យ​និង​អាសអាភាស​នៅលើ​ផ្លូវ​ខៅ​សាន នៃ​ក្រុង​បាងកក​។​

​ក្រុមហ៊ុន​ផលិត​កុន Indo Bangkok Film Co Ltd កាលពី​ថ្ងៃ​ពុធ​ទី​១៧​មករា ត្រូវគេ​ឃើញ​កំពុង​ថត​ឈុត​ឆាក​ផ្សេងៗ​រវាង​ម៉ោង ៩:៣០ នាទី និង​ម៉ោង ១១ និង ៣០ នាទី​ព្រឹក ដោយមាន​នារី​ស្លៀកពាក់​ប្រពៃណី​លេច​លើ​លេច​ក្រោម កំពុង​លក់​អ្វី​ម្យ៉ាង ដែល​ទំនងជា​ឧបករណ៍​សិច​។ ផ្ទាំង​ក្រដាស​ផ្សេងៗ​ត្រូវបាន​ដំឡើង​ដោយ​បង្ហាញ​ពាក្យ “Adult Toys” និង “Sex Toys” ព្រមទាំង​រូបថត​របស់​នារីៗ​ស្ទើរតែ​អាក្រាត​។​

​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ថត​ដោយ​លោកពូ បាង​ឡាំ​ពូ ដែល​បង្ហោះ​ឈុត​វីដេអូ​ខ្លី​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​ឥឡូវ​កំពុង​ល្បីល្បាញ​។​

​លោក​វរសេនីយ៍ឯក ពី​តាក់ ស៊ូ​ធី​គុល មេបញ្ជាការ​ប៉ូលិស​ប៉ុស្តិ៍​ចាន់ណា​សុង​ក្រាម បាន​និយាយថា ក្រុមហ៊ុន​ភាពយន្ត​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី ១៦ មករា​បានស្នើ​សុំឱ្យ​ប៉ូលិស​ជួយ​និង​សុំ​ការអនុញ្ញាត ព្រោះ​ពួកគេ​ចង់​ថត​រឿង “Happy Bhag Jayegi Return (2018)” នៅ​ផ្លូវ​ខៅ​សាន​។ ខ្សែភាពយន្ត​នេះ​ហាក់ដូច​ជាមាន​គោលបំណង​សម្រាប់​ចែកចាយ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​សហ​ការីថត​បានបង្ហាញ​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ទេសចរណ៍​ថៃ ក្នុងនោះ​នាយកដ្ឋាន​ទេសចរណ៍​នេះ​បាន​ស្នើឱ្យ​ក្រុមការងារ​ត្រូវ​ដឹងថា​មិនត្រូវ​ធ្វើ​អ្វីដែល​ប៉ះពាល់​អវិជ្ជមាន​ទៅលើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​ទេ​។​

​លោក​វរសេនីយ៍ឯក ពូ​វ៉ា​ដន អ៊ុន​ភូ មេបញ្ជាការរង​ផ្នែក​ចរាចរណ៍​នៅ​ប៉ុស្តិ៍​ប៉ូលិស​ដដែល​បាន​និយាយថា លោក​ត្រូវបាន​គេ​ប្រាប់ថា​ទីតាំង​ថត​ខ្សែភាពយន្ត​នេះ​នឹងត្រូវ​កំណត់​ជា​ប្រទេស​ចិន មិនមែន​ថៃ​ទេ​។​

​លោក​និយាយថា “​ខ្ញុំ​ត្រូវគេ​ប្រាប់​សង្ខេប​ព័ត៌មាន​លម្អិត​អំពី​ឈុត​ឆាក​ហើយ​ប្រាប់ថា​ក្រុមហ៊ុន​បាន​ថត​ឈុត​ឆាក​ជាច្រើន​នៅ​ប្រទេស​ថៃ​ជាច្រើន​កន្លែង​រួចហើយ​” ។​

​ទោះយ៉ាងណា លោក ពី​តាក់ និយាយថា នៅពេលដែល​លោក​បានឃើញ​ឈុត​ឆាក​និង​វត្ថុ​នានា​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ លោក​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការថត​ភ្លាមៗ ពីព្រោះ រូបថត វត្ថុ​ផ្សេងៗ និង​ផ្ទាំង​ក្រដាស គឺ​មិន​សមរម្យ​ទេ​។​

​បន្ទាប់មក លោក​ពី​តាក់ បាន​ប្រាប់​ក្រុមមន្ត្រី​ឱ្យ​ប្តឹង​ក្រុមហ៊ុន​កុន​នេះ​ពីបទ​ល្មើស​ចំនួន ៤ ករណី​៕​ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ផលិត​កុន Indo Bangkok Film Co Ltd ត្រូវបាន​ផ្អាក​មិនឱ្យ​ថតកុន​តទៅទៀត និង​រង​ការចោទប្រកាន់ ៤ ករណី