ក្រុមហ៊ុន​ផលិត​ទឹកអូ​គូលែន​ចំណាយ​ជាង​១​លាន​ដុល្លារ​ទិញ​ដី​ជាង​៣០​ហិកតា​សម្រាប់​ដាំ​កូនឈើ

297
ចែករម្លែក

​ដោយៈ​សុផល​/​សៀមរាបៈ ក្រុមហ៊ុន Kulara Water ដែលជា​ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ​ម៉ាក អូ គូលែន​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង​១​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ដី​ចំនួន​៣២​ហិកតា​ទុក​សម្រាប់​ដាំ​កូនឈើ​ប្រណីតៗ និង​ឈើ​កម្រ ដើម្បី​ចូលរួម​ស្ដារ​ព្រៃឈើ​ដែល​បាន​បាត់បង់​ឡើងវិញ ។​

​ការដាំ​ដើមឈើ​នេះ​ជួយ​រក្សា​ស្ថិរភាព​បរិស្ថាន​និង​ប្រភពទឹក​ពិសេស​ដើម្បី​ទុកជា​សម្បត្តិ​មនុស្សជាតិ​ទូទៅ​។​ដាំ​ដើមឈើ​ឡើងវិញ​នេះ​ស្របពេល​ដែលមាន​ការបញ្ជា​ក់ថា​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន​ទាំងមូល​បាន​បាត់​បង់អស់​ប្រមាណ​៨០​ភាគរយ​ដោយ​នៅសល់​ប្រមាណ​២០​ភាគរយ​ប៉ុណ្ណោះ​។​ដើមឈើ​ល្អៗ​និង​កម្រៗ​ក៏ត្រូវ​បាត់បង់​និង​ប្រឈម​នឹង​គ្រោះថ្នាក់​ផងដែរ​។​

​កញ្ញា​ជួប​សុ​ភី​អ្នកគ្រប់គ្រង​សួន​ដាំ​កូនឈើ​និង​សន្តិសុខ​របស់​ក្រុមហ៊ុន​KularaWater​បាន​ប្រាប់​អ្នក​សារពត៌មាន​ចំនួន​១១​ស្ថាប័ន​ដែល​បាន​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​ស្ថិត​ក្នុងស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពីពេល​ថ្មីៗ​នេះ​ថា​៖​ផ្ទៃដី​សរុប​របស់​ក្រុមហ៊ុន​KularaWater​មាន​ប្រមាណ​៤០​ហិកតា​ក្នុងនោះ​ដី​សម្រាប់​រោងចក្រ​ផលិត​ទឹក​មាន​ប្រមាណ​៨​ហិកតា​និង​ប្រមាណ​៣២​ហិកតា​ទៀត ក្រុមហ៊ុន​ទុក​សម្រាប់​ដាំ​ដើមឈើ​ទាំងអស់​។​

​កញ្ញា​សុ​ភី​បាន​បន្តថា​ចាប់ពី​ឆ្នាំ​២០១៨​រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ដាំ​ដុះ​កូនឈើ​ប្រណីតៗ និង​ឈើ​កម្រ​ប្រមាណ​ជាង​៧​ពាន់​ដើម​លើ​ផ្ទៃដី​ប្រមាណ​ជាង​១០​ហិកតា​ហើយ​នៅ​ឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ដាំ​កូនឈើ​ទាំងនេះ​ជាង​២​ពាន់​ដើម​ទៀត ពោល​ក្នុង​មួយឆ្នាំ​ដាំ​ឱ្យបាន​ចាបពី ២​ពាន់​ទៅ​៣​ពាន់​ដើម លើ​ផ្ទៃដី​ជាង​២០​ហិកតា​ទៀត​។​

​កញ្ញា បាន​បញ្ជាក់ថា​កូនឈើ​ទាំងនោះ​មានដូចជា គូលែន ក្រញូង បេង ចន្ទន៍​គ្រឹ​ស្នា នាងនួន ផ្ដៀក ច្រេស អង្កាំ ឆ្កែស្រែង ទេព​ពូ​រូ ស្ដី ស្នួល អង្កត់ខ្មៅ ឈើខ្មៅ ឈើភ្លើង ឈើទាល ទ្រយឹង ម្រះព្រៅភ្នំ តា​ត្រាវ​(​ម៉ៃសាក់​)​វល្លិ​ល្មៀត ព្រហូត ដៃខ្លា គគីរថ្ម គគីរ​ដែក គគីរ​ម្សៅ​គគីរខ្សាច់​ស្រឡៅ​រំលាយ​ឈាម ត្រ​សេក ធ្នង់ សា​ឡាក់ ពពេល ជ័រចុង កកោះ សំរង ព្រីង ដូងចែម ស្ពង់ សុ​ក្រំ​ជាដើម​។​

​កូនឈើ​ដែល​យកមក​ដាំ​នៅ​លើដី​របស់​ក្រុមហ៊ុន​KularaWater​នេះ​ទៀតសោត​គឺ​ទិញយក​មកពី​សួន​បណ្ដុះ​កូនឈើ​ក្នុង​សាលាបឋមសិក្សា​សង្កែ​ឡាក់ នៅលើ​ភ្នំ​គូលែន​ឯណោះ​។ លោក ណាំង ដឹប គ្រូបង្រៀន​នៅ​សាលា​សង្កែ​ឡាក់​បានឱ្យដឹងថា​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន​KularaWater​បានមក​ទិញ​កូនឈើ​ពីសា​លា​រាប់ពាន់​ដើម​ដោយ​ទិញ​ក្នុងតម្លៃ​១​ដុល្លារ​ក្នុង​មួយ​ដើម​គឺ​ថ្លៃ​ជាងគេ​ខណៈ​អ្នកផ្សេង​ទិញ​តែ​៨០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ដើម​។​

​ការបណ្ដុះ និង​ដាំ​កូនឈើ​នេះ ក៏​ទទួលបាន​ការចូលរួម​សហការ​ពី​សំណាក់​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ ឬ​ហៅថា​អង្គការ ADF ផងដែរ ដែល​អង្គការ​នេះ​មាន​មូលដ្ឋាន​នៅលើ​ភ្នំ​គូលែន​តែម្ដង ហើយ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​សហគមន៍ សាលារៀន ក្រុមហ៊ុន Kulara Water មន្ទីរ​បរិស្ថាន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​។​រីឯ​ការដាំ​ដើមឈើ​នេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។​

​កញ្ញា ជួប សុ​ភី បាន​បន្តថា ក្រៅពី​ចូលរួម​ស្ដារ​ព្រៃឈើ ការពារ​ប្រភពទឹក រក្សា​ស្ថិរភាព​បរិស្ថាន ផ្ដល់​គម្រប​ព្រៃឈើ​ឡើងវិញ​នោះ​កូនឈើ​ដែល​ត្រូវបាន​ដាំ​ទាំងនោះ​ក៏​អាច​ទាក់ទាញ​សត្វ​ឃ្មុំ​ឱ្យ​រស់នៅ​ទីនោះ​ដែរ​ពីព្រោះ​ឈើ​ដែល​បាន​ដាំ​នេះ​មាន​ប្រភេទ​ផ្សេងៗ​គ្នា​ហើយ​មាន​ផ្កា​តាម​រដូវ​ផ្សេងគ្នា​ដែរ​។​សុ​ភី​បានឱ្យដឹង​ទៀតថា ដី​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Kulara Water បច្ចុប្បន្ននេះ ដើមឡើយ​គឺជា​កម្មសិទ្ធិ​របស់​អ្នកភូមិ​ដោយ​មុនដំបូង​គឺ​សុទ្ធតែ​ព្រៃឈើ​ក្រោយមក​ពួកគាត់​បាន​កាប់​ព្រៃ​នេះ​ធ្វើ​កសិកម្ម​ដាំ​ដំណាំ​ជាដើម​។​លុះ​ក្រុមហ៊ុន​ទិញ​បាន​ក្រុមហ៊ុន​ក៏បាន​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​។​

លោក​JacquesMarcille​អគ្គនាយក​ក្រុមហ៊ុន​KularaWater​បាន​ថ្លែងថា​នៅពេល​ដើមឈើ​ទាំងនេះ​លូតលាស់​ធំ​ទៅ​វា​នឹង​ក្លាយជា​សម្បត្តិ​របស់​មនុស្ស​ជាតិ​ទូទៅ​មិនមែនជា​កម្មសិទ្ធិ​របស់​លោក​ឬ​ក្រុមហ៊ុន​លោក​ដាច់ដោយឡែក​នោះទេ​។​ការដែល​ក្រុមហ៊ុន​KularaWater​សម្រេច​ដាំ​ដើមឈើ​នៅ​តំបន់ភ្នំ​គូលែន​ឡើងវិញ​គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ប្រភពទឹក​ដែល​បានមកពី​ភ្នំ​គូលែន​សម្រាប់​ផលិត​ទឹកអូ​គូលែន​និង​ស្រោចស្រង់​ព្រៃឈើ​នៅ​ទីនោះ​។​ដែល​បាន​បាត់បង់​ដោយសារ​ការកាប់បំផ្លាញ​និង​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ទុច្ចរិត​ដែរ​។​ជាពិសេស​ចង់ឱ្យ​យុវជន​ជំនាន់​ថ្មី​យល់ដឹង​ង​ម​ពី​ការការពា​ថ​ធនធានធម្មជាតិ​។​

​សូមបញ្ជាក់ថា​ក្រៅពី​ដាំ​ដើមឈើ​នៅ​ជុំវិញ​រោងចក្រ​និង​តាម​ជើងភ្នំ​ក្រុមហ៊ុន​KularaWater​ក៏បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា​និង​ការអភិវឌ្ឍ​របស់​បារាំង​ដើម្បី​ដាំ​ដើមឈើរ​ឡើងវិញ​នៅតាម​ខ្នងភ្នំ​និង​នៅលើ​ភ្នំ​គូលែន​។​តាម​ការថត​ពីលើ​អាកាស​ដោយ​ប្រព័ន្ធ​ផ្កាយរណប​នាពេល​ចុងក្រោយ​នេះ​បាន​បង្ហាញថា​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន​ទាំងមូល​បាន​បន្ត​បាត់បង់​អស់​ប្រមាណ​៨០​ភាគរយ ។​បន្ទាប់ពី​ក្រសួងបរិស្ថាន​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ក៏បាន​ទទួលស្គាល់ថា​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន​ទាំងមូល​នៅសល់តែ​ប្រមាណ​២៥​ភាគរយ​ប៉ុណ្ណោះ​បានន័យថា​បច្ចុប្បន្ន​ព្រៃឈើ​នៅលើ​ភ្នំ​នេះ​នៅសល់តែ​ជាង ២០​ភាគរយ​ប៉ុណ្ណោះ ។​

​លោក Jean BaotisteChevance​ប្រធាន​អង្គការ​មូលនិធិ​បុរាណវិទ្យា​និង​ការអភិវឌ្ឍ​របស់​បារាំង​(ADF) បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាង​១​ឆ្នាំកន្លះ​មកហើយ​ដែល​ក្រុមហ៊ុន ផលិត​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន (Kulara Water) បានស្នើ​មក ADF សហការ​ដាំ​ដើមឈើ​ឡើងវិញ នៅលើ​ភ្នំ​គូលែន ។​

លោក​បន្តថា​គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ADF​និង​KularaWater​គឺ​ការបង្កើត​ថ្នាល​បណ្ដុះ​កូនឈើ​ចំនួន​បី​កន្លែង​ក្នុង​សាលារៀន​ចំនួន​បី​នៅលើ​ខ្នងភ្នំ​គូលែន​។ សាលារៀន​បឋមសិក្សា​ទាំងបី ដែល​ទទួល​រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ​រួមមាន​៖​សាលាបឋមសិក្សា​តា​ពេញ​សាលាបឋមសិក្សា​សង្កែ​ឡាក់​និង​សាលាបឋមសិក្សា​អន្លង់​ធំ​។​

​លោក​ឲ្យ​ដឹង​ទៀត​ដឹង​ទៀតថា​គោលដៅ​បណ្ដុះ​កូនឈើ​ទាំងបី​នោះ​គឺ​មួយផ្នែក​ផ្ដល់​ពូជ​ដើមឈើ​យកមក​ដាំ​ឡើងវិញ​ក្នុង​បរិវេណ​ក្រុមហ៊ុន KularaWater​ទុកជា​សម្បត្តិ​របស់​ម​នុស្ស​ជាតិ​និង​មួយផ្នែក​ទៀត ផ្ដល់​កូនឈើ​យកទៅ​បណ្ដុះ​ដើម្បី​ដាំ​ឡើងវិញ​នៅ​ខ្នងភ្នំ​គូលែន​។​លោក​ប្រធាន​ADF​បញ្ជាក់ថា​ការបង្កើត​និង​ការ​មើលថែ​ថ្នាល​បណ្ដុះ​កូនឈើ​ទាំងអស់​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ចំនួន​៤០០​នាក់ គ្រូ​១៥​នាក់ ក្នុងការ​តាមដាន​និង​មើលថែ​កូនឈើ​ជា​រៀងរាល់ថ្ងៃ ។​

​លោក​JeanBaotisteChevance​បានឱ្យដឹងថា​៖​ជាការ​ពិតណាស់​តាម​បណ្ដោយ​ជើងភ្នំ​គូលែន​ភាគខាងត្បូង​ដែល​ឃើញ​តាមរយៈ​យន្តហោះ​ថតរូប​ពីលើ​អាកាស​ឬ​ហៅថា​Drone​នោះ​គឺ​ភាគច្រើន​ជាទី​វាលស្រែ​និង​ចម្ការ​ស្វាយចន្ទី​ជាដើម​មិនសូវ​ជាមាន​ព្រៃឈើ​ធំៗ​ខ្ពស់ៗ​ដូច​មុន​ឡើយ​ជំនួស​មកវិញ​នូវ​ភាព​សោកស្ដាយ​ពន់ពេក​ចំពោះ​ព្រៃឈើ​ក្បែរ​ជើងភ្នំ​ដ៏​ពិសិដ្ឋ​នៃ​ប្រជាជាតិ​យើង​។​

នាពេល​ចុង​ក្រោយនេះ បានបង្ហាញ​ឱ្យឃើញថា ព្រៃឈើ​នៅលើ​ភ្នំ​គូលែន​ទាំងមូល​បាន​បន្ត​បាត់បង់​អស់​ប្រមាណ ៨០​ភាគរយ​ទៅហើយ​បន្ទាប់ពី​ក្រសួងបរិស្ថាន​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ក៏បាន​ទទួលស្គាល់ថា​ព្រៃឈើ​នៅលើ​ភ្នំ​គូលែន​ទាំងមូល​នៅសល់តែ​ប្រមាណ​២៥​ភាគរយ​ប៉ុណ្ណោះ​បានន័យថា​បច្ចុប្បន្ន​ព្រៃឈើ​នៅលើ​ភ្នំ​នេះ​នៅសល់តែ​ជាង ២០​ភាគរយ​ប៉ុណ្ណោះ​។​

​គួរឱ្យ​ដឹងថា​៖​ភ្នំ​គូលែន​មាន​ទំហំ​៣៧.៣៧៣​ហិកតា​លាតសន្ធឹង​ចាប់ពី​ភ្នំ​ក្បាលស្ពាន​ក្នុងស្រុក​បន្ទាយស្រី​និង​ស្រុក​ស្វាយ​លើ​ជា​ភ្នំ​មាន​សណ្ឋាន​ដី​រាបស្មើ​នៅ​ផ្នែក​ខាងលើ​និង​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចូល​ទៅជា​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ នៅ​តំបន់ភ្នំ​គូលែន​នេះ​សំបូរ​ទៅដោយ​ជីវៈចម្រុះ​និង​ព្រៃឈើ​ជាច្រើន។

​ក៏ប៉ុន្តែ​ក្រោយមក​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន​ត្រូវ​ទទួលរង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ទុច្ចរិត​យក​ធ្វើជា​កម្មសិទ្ធិ​។​កន្លងមក​ទៅ​ក្រុម​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ទេសភាព​ភ្នំ​គូលែន​ដែល​ស្តែង​ចេញពី​សកម្មភាព​ការកាប់បំផ្លាញ​ព្រៃឈើ​ធ្វើឱ្យ​ទំហំ​នៃ​ការខូចខាត​រីកធំឡើង​ជា​លំដាប់​៕S/