ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន Xiaomi ដាក់​ពាក្យសុំ IPO នៅ​ផ្សារ​ហ៊ុន​ហុងកុង

1580
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Xiaomi បានដាក់​ឯកសារ​ឯក​សារ​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា​នេះ​ទៅ​ប្រតិបត្តិ​ករ​ផ្សារ​ហ៊ុន​ហុងកុង​សម្រាប់​ផ្តល់ជូន​ការលក់​ហ៊ុន​ជា​សាធារណៈ​លើកដំបូង ដែល​អាចជា​ការលក់​ហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​យោងតាម​ក្រុមហ៊ុន International Data Corp បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ទី ៤ របស់​ពិភពលោក ផ្អែក​តាម​បរិមាណ​នាំចេញ​។​

​ឯកសារ​ចុះបញ្ជី​ជាច្រើន​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ផ្នែក​ហិរញ្ញវត្ថុ​អំពី​ការលក់​ភាគហ៊ុន​ឬ​ការកំណត់​តម្លៃ​របស់​ក្រុមហ៊ុន​ឡើយ​។ កាសែត South China Morning Post បាន​ដកស្រង់​ប្រភព​ធនាគារ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ថា ក្រុមហ៊ុន Xiaomi គ្រោង​នឹង​បង្កើន​ប្រាក់​ចំនួន ១០ ពាន់​លាន​ដុល្លារ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ផ្តល់​តម្លៃ​ដល់​ក្រុមហ៊ុន​នេះ ១០០ ពាន់​លាន​ដុល្លារ​។​

​ការណ៍​នេះ​នឹង​ធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​នេះ​ក្លាយជា IPO ដ៏​ធំ​បំផុត​ចាប់តាំងពី​ការបោះ​ផ្សាយ IPO ចំនួន ២១,៨ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​ចិន Alibaba កាលពី​ឆ្នាំ ២០១៤ នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក​។​

​ក្រុមហ៊ុន Xiaomi ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១០ បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយសារ​ភាព​ខ្លាំង​ខាង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​ខ្ទង់ ១១៥ ដុល្លារ និង​ការធ្វើ​ទីផ្សារ​និង​ការចែក​ចាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Xiaomi បានដាក់​ពាក្យសុំ IPO នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា​នេះ​ទៅ​ប្រតិបត្តិ​ករ​ផ្សារ​ហ៊ុន​ហុងកុង​សម្រាប់​ផ្តល់ជូន​ការលក់​ហ៊ុន​ជា​សាធារណៈ​លើកដំបូង