ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​រថយន្ត Takata ដាក់ពាក្យ​ក្ស័យធន​

1091
ចែករម្លែក

ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​រថយន្ត Takata របស់​ជប៉ុន ដែលមាន​រោងចក្រ​មួយ​នៅ​ថៃ​នេះ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែមិថុនា​ថា ខ្លួន​បានដាក់​ពាក្យ​សម្រាប់​ការការពារ​ក្ស័យធន​។​

​​ចំណាត់ការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ស្តារ​ស្ថានភាព​របស់​ក្រុមហ៊ុន​របស់ខ្លួន​ឡើងវិញ ដែល​បាន​ទទួលរង​ការ​ហៅចូល​ឃ្លាំង​វិញ​នូវ​ពោង​សុវត្ថិភាព​រថយន្ត​ជាច្រើន​ដែលមាន​បញ្ហា នៅ​ជុំវិញ​ពិភពលោក​។​

ក្រុមហ៊ុន​នេះ ប្រឈម​ការខាតបង់​ប្រាក់​ដ៏​ច្រើន​ពី​ការ​ហៅចូល​ឃ្លាំង​វិញ​នូវ​ពោង​រថយន្ត​គ្មាន​សុវត្ថិភាព​ទាំងនេះ​​ដែល​បាន​ជាប់​ទាក់​ទៅនឹង​ការស្លាប់​មនុស្ស​ចំនួន​១១​នាក់ នៅ​សហរដ្ឋអាមេរិក​។​

ជាមួយនឹង​ការ​ជំពាក់​បំណុល​៩​ពាន់​លាន​ដុល្លារ​នោះ ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​Takata គឺមាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ដែល​មិន​ធ្លាប់មាន​ចំពោះ​ក្រុមហ៊ុន​នេះ​។​

​ក្រុមហ៊ុន​ភាគហ៊ុន Tokyo Stock Exchange បាន​និយាយថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Takata នឹងត្រូវ​បាន​ដក​ចេញពី​បញ្ជី​ភាគហ៊ុន នៅ​ថ្ងៃទី​២៧​ខែកក្កដា​។​

​ឥឡូវ ក្រុមហ៊ុន Takata ដែល​ផ្គត់ផ្គង់​គ្រឿងបន្លាស់​រថយន្ត​នេះ នឹង​ចាត់វិធានការ​កែប្រែ​ជាថ្មី​ជាមួយនឹង​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​អាមេរិក Key Safety Systems Inc ដែល​ត្រូវបាន​គ្រប់គ្រង​ជា​ម្ចាស់​ដោយ​ក្រុមហ៊ុន​អេ​ឡិច​ទ្រូ​និ​ច​ចិន Ningbo Joyson Electronic Corp៕

ក្រុមហ៊ុន​ផលិត​ពោង​សុវត្ថិភាព​រថយន្ត​Takata​របស់​ជប៉ុន