ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ស​ហ​ភាព​អឺរ៉ុប និង ម៉ិ​ក​ស៊ិ​ក រិះគន់​ខ្លាំងៗ​លើ​ផែនការ​របស់​ត្រាំ​ក្នុងការ​វាយ​ពន្ធ ២៥ ភាគរយ​លើ​រថយន្ត​នាំចូល​

1173
ចែករម្លែក

​រដ្ឋបាល​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា​បានទទួល​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត រដ្ឋាភិបាល​បរទេស និង​អ្នក​ផ្សេងទៀត ខណៈ​ក្រុមមន្ត្រី​ពិចារណា​វាយ​ពន្ធ​លើ​រថយន្ត​និង​គ្រឿងបន្លាស់​នាំចូល​រហូតដល់ ២៥ ភាគរយ ដែល​អាចធ្វើឱ្យ​រថយន្ត​ឡើងថ្លៃ បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការលក់​រថយន្ត​និង​ការងារ​ក្នុង​ឧស្សាហកម្ម​។​

​កម្មករ​រាប់រយ​នាក់​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​បាន​ប្រមូល​ផ្តុំគ្នា​នៅ​វិមាន Capitol Hill ដោយ​ជំ​រុញឱ្យ​រដ្ឋបាល​ត្រាំ​ទម្លាក់​ចុះ​ផែនការ ដែល​ពួកគេ​និយាយថា​អាច​គំរាមកំហែង​ដល់​ការងារ​របស់​ពួកគេ​។ ក្រុម​មួយ​តំណាងឱ្យ​សមាជិកសភា ១៥០ នាក់​នៃ​បក្ស​ទាំង​២ បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ ដែល​ជំ​រុញឱ្យ​រដ្ឋបាល​ត្រាំ​ទម្លាក់ចោល​ផែនការ​នេះ​ចំពេល​មានការ​ជំទាស់​តវ៉ា​ដោយ​ក្រុម​មួយ​នេះ ដែល​តំណាងឱ្យ​ក្រុមហ៊ុន​រថយន្ត​ធំៗ ឈ្មួញ ក្រុមហ៊ុន​គ្រឿងបន្លាស់ និង​ក្រុមហ៊ុន​លក់រាយ​។​

​មន្ត្រីរដ្ឋបាល​និង​ជំនួយការ​សភា​បាន​និយាយថា ការស៊ើបអង្កេត​អំពី​ពន្ធ ត្រូវបាន​បង្កើត​ឡើងជា​ផ្នែក​មួយ​ដើម្បី​ទទួលបាន​សម្បទាន​ក្នុងអំឡុងពេល​ចរចា​របស់ NAFTA ប៉ុន្តែ​កត់សម្គាល់ថា លោក​ត្រាំ​បាន​ប្រាប់​ជំនួយការ​ថា គាត់​ចង់វាយ​ពន្ធ មុន​ការបោះឆ្នោត​សភា​នៅ​ខែវិច្ឆិកា​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បើក​ការស៊ើបអង្កេត​មួយ​កាលពី​ខែឧសភា​ថា​តើ​រថយន្ត​និង​គ្រឿងបន្លាស់​ដែល​នាំចូល​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ឬ​អត់ និង​បានធ្វើ​សវនាការ​លើ​ការស៊ើបអង្កេត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ទទួលយក​សក្ខីកម្ម​ពី​ក្រុម​រថយន្ត រដ្ឋាភិបាល​បរទេស និង​អ្នក​ដទៃទៀត​។​

​លោក វី​ល​បួ រ៉ូ​ស រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​នៅក្នុង​សវនាការ​ថា វា​ជាការ​ឆាប់​ពេក​ក្នុងការ​និយាយថា​តើ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ត្រាំ​នឹង​វាយ​ពន្ធ​លើ​ទំនិញ​ទាំងនេះ​ឬ​យ៉ាងណា ទោះបី​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​និង​សមាជិកសភា​យល់ថា​វា​ជាការ​សន្និដ្ឋាន​ទុកជាមុន​ក៏ដោយ​។​

​លោក​រ៉ូ​សបាន​និយាយថា​សវនាការ​នេះ​មាន​គោលបំណង​ផ្តោតលើ​ថា​តើ​សកម្មភាព​របស់​រដ្ឋាភិបាល​ទាមទារ​ឱ្យមាន​ការធានា​នូវ​លទ្ធភាព​ជោគជ័យ​នៃ​ផលិតកម្ម​ក្នុងស្រុក​របស់​អាមេរិក​ឬ​យ៉ាងណា​៕ ដោយ៖ កញ្ញាដាលីស

#