ក្រុមហ៊ុនផលិតរថយន្តជាតិម៉ាឡេស៊ី Proton និងក្រុមហ៊ុន Geely របស់ចិនបានបង្ហាញផលិតផលពាណិជ្ជកម្មរួមគ្នាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធទី១២ធ្នូជាមួយនឹងការដាក់លក់រថយន្តប្រភេទ SUV ម៉ាក X70។
រថយន្ត X70 គឺជារថយន្តប្រភេទ SUV ដែលគេទន្ទឹងរង់ចាំបំផុតនៅក្នុងប្រវត្តិសាស្ត្ររថយន្តរបស់ប្រទេសម៉ាឡេស៊ីជាមួយនឹងការកក់ទុកមុនជាង ១០.០០០ គ្រឿងធ្វើឡើងមុនពេលដាក់លក់ជាផ្លូវការទៅទៀត។
រថយន្តនេះគឺជាផលិតផលរួមគ្នាដំបូងគេចាប់តាំងពីក្រុមហ៊ុន Geely បានទិញភាគហ៊ុន ៤៩,៩ ភាគរយនៃក្រុមហ៊ុន Proton ពីក្រុមហ៊ុនពហុផលិត DRB-HICOM ដែលជាក្រុមហ៊ុនឈានមុខគេរបស់ម៉ាឡេស៊ី ដែលមានភាគហ៊ុន ១០០ ភាគរយលើក្រុមហ៊ុន Proton កាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ដែលជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដាក់លក់នោះ បាននិយាយថា រថយន្តនេះតំណាងឱ្យការលោតផ្លោះនៃបច្ចេកវិជ្ជាសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាតិ។
លោកមហាធៀបាននិយាយថា “បច្ចេកវិជ្ជានេះគឺអស្ចារ្យណាស់។ អ្វីៗទាំងអស់ដែលខ្ញុំមិនធ្លាប់គិតថាអាចធ្វើទៅរួចកាលពីមុន ឥឡូវនេះគឺជារឿងធម្មតា។ នៅពេលយើងណែនាំរថយន្ត Proton លើកដំបូងហើយប្រៀបធៀបជាមួយអ្វីដែលយើងមានឥឡូវនេះ វាហាក់ដូចជារទេះគោមួយយ៉ាងអ៊ីចឹងធៀបទៅនឹងរថយន្តចុងក្រោយបំផុតនេះ”៕ ដោយ៖ កញ្ញាដាលីស