ក្រុមហ៊ុន​ផលិត​រថយន្ត​សកលលោក​ឱបក្រសោប​យក​បច្ចេកវិជ្ជា​ចិន​

558
ចែករម្លែក

​ខណៈដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​បាន​ផ្លាស់ប្តូរ​ទៅរក​សេវា​ចល័ត​ឆ្លាត​វៃ កិច្ចព្រមព្រៀង​កាន់តែច្រើន​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​និង​បម្រើ​អតិថិជន​ឱ្យបាន​កាន់តែ​ប្រសើរ​នៅក្នុង​ទីផ្សារ​រថយន្ត​ធំ​បំផុត​របស់​ពិភពលោក​។​

​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ចុងក្រោយ​បំផុត​នេះ​គឺ​រវាង​មណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ចិន​របស់​ក្រុមហ៊ុន Mercedes-Benz និង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Xiaomi ។ សារព័ត៌មាន Sina Finance បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា ពួកគេ​កំពុងធ្វើការ​ងារ​ដើម្បី​បង្កើត​ប្រព័ន្ធ​សំឡេង XiaoAi ទៅក្នុង​យានយន្ត​របស់ខ្លួន​។​

​នៅ​ពិព័រណ៍ CES Asia នៅ​ទីក្រុង​សៀង​ហៃ​នៅ​ដើមខែ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Mercedes-Benz បានបង្ហាញ​ប្រព័ន្ធ​បទពិសោធន៍​ព័ត៌មាន​កម្សាន្ត​សម្រាប់​អ្នកប្រើប្រាស់​រថយន្ត Mercedes-Benz​។ វា​អនុញ្ញាតឱ្យ​អ្នកបើកបរ​គ្រប់គ្រង​គ្រឿង​ប្រើប្រាស់​នៅផ្ទះ​តាមរយៈ​ការណែនាំ​ដោយ​សំឡេង ដូចជា បញ្ជា​ឱ្យ​មនុស្ស​យន្ត​ជូត​ផ្ទះ ឬបញ្ជា​ឱ្យ​បើក​ម៉ាស៊ីនត្រជាក់​។​

​ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់​មួយទៀត​គឺ​ក្រុមហ៊ុន BMW បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ឈានមុខ​គេ​របស់​ចិន​ឈ្មោះ Alibaba នៅ​ដើម​ឆ្នាំនេះ​នៅ​ពិព័រណ៍ CES នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​សហរដ្ឋ​អាម៉េរិក​។ ពួកគេ​នឹង​បញ្ចូល​ជំនួយការ​សំឡេង​ឆ្លាត​វៃ​របស់ខ្លួន គឺ Tmall Genie ទៅក្នុង​រថយន្ត​របស់​ខ្លួន រាប់បញ្ចូល​ទាំង​ស៊េរី​រថយន្ត BMW 3 និង​ស៊េរី 5 ។ សេវា​នេះ​នឹង​អាច​រកបាន​នៅ​ចុង​ឆ្នាំនេះ​។​

​លោក ដាយ​អឺត​ធឺ ម៉េ អតីត​អនុប្រធាន​នៃ​ផលិតផល​ឌីជីថល​និង​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន BMW បាន​និយាយថា កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នេះ​កត់សម្គាល់​ពី​ព្រឹត្តិការណ៍​សំខាន់​នៃ​ការតភ្ជាប់​របស់​យានយន្ត​។ នេះ​គឺ​ដោយសារតែ​ក្រុមហ៊ុន BMW កំពុង​កសាង​ប្រព័ន្ធ​អេកូ​ឌីជីថល​នៅក្នុង​ប្រទេស​ចិន​។​

​ជាមួយនឹង​ការរួមបញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​សំឡេង Tmall Genie និង BMW ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​ងាយស្រួល​និង​រហ័ស​សម្រាប់​អតិថិជន​ចិន​។​

​នេះ​មិនមែនជា​កិច្ចព្រមព្រៀង​តែមួយគត់​រវាង​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​នោះទេ​។ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Alibaba បានប្រកាសថា​ខ្លួន​នឹង​ផ្តល់​សេវា​ជំនួយការ​សំឡេង​សម្រាប់​រថយន្ត​ម៉ូ​ដែល Volvo, Daimler និង Audi ផងដែរ​។​

​ផ្នែក​ផលិត​ផែនទី​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា Auto-Navi Software Co ដែល​គេ​ស្គាល់​ផងដែរ​ថា Gaode Map និង​ប្រព័ន្ធ​ប្រតិបត្តិការ AliOS នឹង​ចាប់ផ្តើម​គម្រោង​ជាមួយ​ក្រុមហ៊ុន Audi, Lincoln, Jaguar Land Rover, Cadillac និង Porsche៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​កំពុង​ឱបក្រសោប​យក​បច្ចេកវិជ្ជា​របស់​ចិន