ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​ងាក​ទៅរក​រថយន្ត​អគ្គិសនី​

283

​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ដ​អឺរ៉ុប​ជាច្រើនរូប​ដែល​ជួបជុំគ្នា​សម្រាប់​ការតាំងពិព័រណ៍​រថយន្ដ​ហ្វ្រែ​ង​ហ្វើ​ត​កំពុង​ចាប់ផ្តើម​ដោះស្រាយ​ការពិត​នៃ​តម្រូវ​ការផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ និង​ផលវិបាក​របស់​វា​ចំពោះ​ការងារ​និង​ប្រាក់ចំណេញ ដោយ​គំនិត​របស់​ពួកគេ​គឺ​ផ្តោតលើ​ការសន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការដាក់​កម្រិត​លើ​ម៉ាស៊ីន​ចំហេះ​។​

​ខណៈ​ការប្រកាស​ផលិត​រថយន្ត​អគ្គិសនី​ចុងក្រោយ​បំផុត​ដោយ​ប្រទេស​ចិន​បាន​បន្ថែម​កម្លាំង​ជំរុញ​ដល់​ការលក់​យានយន្ត​មិន​បញ្ចេញ​ផ្សែង​ប៉ះពាល់​បរិស្ថាន ក្រុមហ៊ុន​ផលិត​រថយន្ត Daimler, Volkswagen និង PSA Group បានបង្ហាញ​អំពី​កម្មវិធី​រថយន្ត​អគ្គិសនី​របស់ខ្លួន ដែល​អាច​ផ្តល់ឱ្យ​អ្នកធ្វើ​គោលនយោបាយ​នូវ​ការពន្យារ​ពេលចេញ​ច្បាប់​មួយចំនួន​។​

​ក្រុមហ៊ុន Daimler បាន​ព្រមាន​ថា​ម៉ូ​ដែល​រថយន្ត Mercedes អគ្គិសនី ដែល​គ្រោង​ផលិតឡើង នឹង​រកប្រាក់​ចំណេញ​បាន​ត្រឹម​ពាក់កណ្តាល​នៃ​រថយន្ត​ប្រើ​ឥន្ធនៈ​ប៉ុណ្ណោះ ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​ស្វែងរក​ការ​សន្សំសំចៃ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្រុមហ៊ុន​ផ្សេង​ដើម្បី​ផលិត​គ្រឿងបន្លាស់​ច្រើនជាង​មុន ដែល​ផ្ទុយ​មកវិញ​អាច​នឹង​គំរាមកំហែង​ដល់​ការងារ​របស់​អាល្លឺម៉ង់​។​

​លោក ដាយ​អេ​ត​ធើ ហ្សេ​ត​សេ (Dieter Zetsche) ប្រធាន​ក្រុមហ៊ុន Daimler បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​និង​វិនិយោគិន​នៅ​ល្ងាច​មុន​កម្មវិធី​តាំងពិព័រណ៍​នៅ​ហ្វ្រែ​ង​ហ្វើ​ត ថា “​ផលិតកម្ម​នៅក្នុង​ក្រុមហ៊ុន​ស្ទើរតែ​មិន​ពាក់ព័ន្ធ​នឹង​អតិថិជន​សោះ​”​។ លោក​ថ្លែង​បែបនេះ​គឺ​ចំពេល​អាល្លឺម៉ង់​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​ក្នុងនោះ​ការងារ​ក្នុង​វិស័យ​ផលិត​រថយន្ត​កាន់តែ​ក្លាយជា​ប្រធានបទ​សំខាន់​។​

​ចំណែក​ក្រុមហ៊ុន Volkswagen វិញ​បាន​និយាយថា ខ្លួន​កំពុង​ស្វែងរក​កិច្ចសន្យា​ផ្គត់ផ្គង់​ថ្មី​លើ​ពិភពលោក​ដើម្បី​រក​ប្រភព​ថាមពល​អគ្គិសនី​ចំនួន ៥០ ពាន់​លាន​អឺរ៉ូ (៦០ ពាន់​លាន​ដុល្លារ​) រួមទាំង​អាគុយ​ដែល​មិនទាន់​ផលិត​នៅ​អឺរ៉ុប​។​

​នាយក​ប្រតិបត្តិ​លោក ម៉ាត់​ធី​អាស មូល​ល័​រ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ក្រុមហ៊ុន​ដូចជា​ក្រុមហ៊ុន Volkswagen ត្រូវតែ​ដឹកនាំ​គេ មិនមែន​ធ្វើតាម​គេ​ទេ​”​។​

​ការបោកប្រាស់​អំពី​ការ​បំ​ភាយ​ឧស្ម័ន​និង​ប្រេងម៉ាស៊ូត​របស់​ក្រុមហ៊ុន VW ដែល​ត្រូវបាន​លាតត្រដាង​ដោយ​និយ័ត​ករ​អាមេរិក​បាន​បង្ក​ឱ្យមាន កំហឹង​ជា​សាធារណៈ​ទូទាំង​ពិភពលោក ការស៊ើបអង្កេត​ជាច្រើន​បន្ថែមទៀត​ទៅលើ​ការធ្វើ​តេស្ត​សាកល្បង​ដោយ​ឧស្សាហកម្ម​រថយន្ត​កាន់​តែ​ទូលំទូលាយ និង​ការជំរុញ​ដោយ​សមាជិកសភា​មួយចំនួន​ដើម្បី​ហាមឃាត់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​និង​គ្រប់​ម៉ាស៊ីន​ឥន្ធនៈ​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

លោក ដាយ​អេ​ត​ធើ ហ្សេ​ត​សេ (​ឆ្វេង​) ប្រធាន​ក្រុមហ៊ុន Daimler ថតរូប​ក្បែរ​រថយន្ត Mercedes អគ្គិសនី នៅ​ពិព័រណ៍​រថយន្តក្រុង​ហ្វ្រែ​ង​ហ្វើ​ត