ក្រុមហ៊ុន​ផលិត​ស្បែកជើង​ល្បីៗ​សុំ​អោយ​ត្រាំ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​

368
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ធំៗ​បំផុត​ក្នុង​លោក​ខ្លះ​កំពុង​ទទូច​អោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​ព្រមាន​ថា វា​នឹង​បង្ក​ផល​​ប៉ះពាល់​ដ៏​អន្តរាយ​លើ​អ្នកប្រើប្រាស់​។​

​នៅក្នុង​លិខិត​មួយ​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​១៧០ រួមមាន Nike​និង​Adidas ពួកគេ​បាន​និយាយថា​ការ​សំ​រេ​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ការដំឡើង​ពន្ធ​ដល់​២៥​ភាគ​​រយ​លើ​ទំនិញ​ចិន​វា​ប៉ះពាល់​ដល់​វណ្ណៈ​កម្មករ​។​ពួកគេ​ក៏​ព្រមាន​ថា ការយកពន្ធ​ខ្ពស់​ឡើង​គំរាម​អនាគត​នៃ​ធុរកិច្ច​ខ្លះ​និង​ថា​«​វា​ដល់​ពេល​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ហើយ​»​។​

​សូមបញ្ជាក់​ថា កាលពី​ជាង​មួយ​សប្តាហ៍​មុន​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​ត្រូវ​នាំចូល​អាមេរិក​តំលៃ​សរុប​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ​ពី​អត្រា​១០​ទៅ​២៥​ភាគរយ ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​មិនអាច​សំរេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ពី​កិច្ចពិភាក្សា​ជា​ង​ដប់​ជុំ​។​

​ចិន​បាន​ត​តប​វិញ​ដោយ​ប្រកាស​ផែនការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​តំលៃ​៦០​ពាន់​លាន​ចាប់ពី​ថ្ងៃ​១​មិថុនា​។​

​បណ្តា​ក្រុមហ៊ុន​ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត រួមមាន​Clarks, Dr Martens និង Converse​អះអាងថា ខណៈ​អត្រាពន្ធ​ជា​មធ្យម​លើ​ទំនិញ​ស្បែកជើង​មាន​ចំនួន​១១,៣​ភាគរយ​​ការបន្ថែម​ពន្ធ​២៥​ភាគរយ​ទៀត​ធ្វើអោយ​ករណី​ខ្លះ​ពន្ធ​ឡើងដល់​៦៧,៥​ភាគរយ​។​

​ទោះជា​យ៉ាងណា នៅ​ពេល​លោក​ប្រកាស​ដំឡើង​ពន្ធ លោក​ត្រាំ​បាន​ប្រាប់​បណ្តា​ក្រុមហ៊ុន​ថា ពួកគេ​អាច​កាត់​ប​ន្ថ​ថ្លៃដើម​ដោយ​ដូរ​ទីតាំង​ផលិតកម្ម​មក​ទឹកដី​អាមេរិក​តែ​ពួកគេ​​តប​វិញ​ថា មិន​អាច​ដូរ​បាន​ភ្លាមៗ​ទេ វា​ត្រូវការ​ផែនការ​រយៈពេល​រាប់​ឆ្នាំ​៕​ដោយ​៖​វាសនា​