ក្រុមហ៊ុន​ផលិត​ស្បែកជើង​ចិន​មួយ មិនត្រូវ​ការ​ទីផ្សារ​បរទេស​

1319
ចែករម្លែក
គណៈប្រតិភូ​អ្នកកាសែត​ចិន​-​អាស៊ាន​ទស្សនកិច្ច​ទីក្រុង​ស៊ូ​ចូ​វ ខេត្ត​អាន​ហួយ​កាលពី​ថ្ងៃ​៣១ ខែ ឧសភា ឆ្នាំ​២០១៨ (​រូប សុផល​)

ដោយ​: សុផល / ទីក្រុង ស៊ូ​ចូ​វ ខេត្ត​អាន​ហួយ​: ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​ស៊ូ​ចូ​វ (Suzhou) ខេត្ត​អាន​ហួយ ដែលមាន​ចំណូល​ជិត​៥​ពាន់​លាន​យ័ន និង​ផលិត​ស្បែកជើង​៤​ម៉ឺន​លាន​គូ​ក្នុង​១​ឆ្នាំ បាន​និយាយថា ខ្លួន​មិន​ត្រូវការ​ទីផ្សារ​បរទេស​សម្រាប់​នាំចេញ​ទេ ដោយសារតែ​ការផ្គត់ផ្គង់​ក្នុងស្រុក ផលិត​សឹង​មិនទាន់​។ ទោះយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​យក្ស​មួយ​នេះ បានឱ្យដឹងថា នៅពេល​អនាគត​នឹង​ពិចារណា​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប អាស៊ី និង​អាស៊ាន​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​តំណាង​ក្រុមហ៊ុន Belle Group ក្នុងអំឡុងពេល​ទស្សន​កិច្ច​ក្រុមហ៊ុន​របស់​គណៈប្រតិភូ​អ្នកកាសែត​ចិន​-​អាស៊ាន​កាលពី​ថ្ងៃ​៣១ ខែ ឧសភា ឆ្នាំ​២០១៨​។​

​តំណាង​ក្រុមហ៊ុន Belle Group បានឱ្យដឹងថា​ក្រុមហ៊ុន​មាន​សាខា​ចំនួន​៩​ក្នុងប្រទេស​ចិន​និង​មាន​បុគ្គលិក​៥០០០​នាក់ ហើយ​រោងចក្រ​ផលិត​ស្បែកជើង​ធំជាងគេ​គឺ​នៅ​ទីក្រុង​ស៊ូ​ចូ​វ ខេត្ត​អាន​ហួយ​។​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ជាង​១០​ប្រភេទ ដូចជា​ម៉ាក Belle, Tata, Teenmix​ ដែល​ក្នុង​មួយឆ្នាំ​ក្រុមហ៊ុន​ផលិត​ស្បែកជើង​៤០ លាន​គូ​។ រីឯ​តម្លៃ​វិញ ចាប់ពី​៦០០​យ័ន​(​ប្រមាណ​៩០​ដុល្លារ​)​ដល់​ជាង​១០០០​យ័ន​។​ស្បែកជើង​លក់ដាច់​ជាងគេ​គឺ​ស្បែកជើង​នារី​។ ចំណែក​ចំណូល​ពី​ការលក់ គឺ​២០​ពាន់​លាន​យ័ន​ក្នុង​មួយឆ្នាំ​និង​បង់ពន្ធ​ចូល​រដ្ឋ ប្រមាណ​៥៩០​លាន​យ័ន​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ដដែល​នោះ គណៈប្រតិភូ​អ្នកកាសែត​ចិន​-​អាស៊ាន​ប្រមាណ​៤០​នាក់ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច តំបន់​សួន​ឧស្សាហកម្ម​ទំនើប​ស៊ូ​ចូ​វ ម៉ា​អាន​សាន​និង​តំបន់​អភិវឌ្ឍ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ស៊ូ​ចូ​វ​។​តំបន់​ទាំងបី​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​តាំងពី​រោងចក្រ​ស្បែកជើង ,​អាហារ​,​ឱសថ​,​វត្ថុធាតុដើម​,​បច្ចេកវិទ្យា​,​ហ្គេម​,​អេឡិចត្រូនិក​,​ថាមពល និង​ក្រុមហ៊ុនទូរស័ព្ទ​ជាដើម​៕