ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន គួរតែ​ពង្រឹង​នូវ​ការទទួលខុសត្រូវ​!

221
ចែករម្លែក

​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត សម្រេច​លុបចោល​នូវ​ក្រុមហ៊ុន​ផ្ដល់​សេវា សន្ដិសុខ​ឯកជន​ចំនួន​៣៣​ក្រុមហ៊ុន បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញថា​ក្រុមហ៊ុន ទាំងនោះ ពុំមាន សកម្មភាព​ធ្វើ​សេវាកម្ម និង​បានប្រកាស​ក្ស័យធន​។

​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ទាំង​៣៣ ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ធ្វើលិខិត​ជម្រាប​ជូនទៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ផងដែរ​។​

​ក្នុង​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ ឯកជន ទាំង ៣៣ ក្រុមហ៊ុន​នេះ មាន​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន ចំនួន​ប្រាំមួយ​និង ក្រុមហ៊ុន ដែល​ពុំមាន​សកម្មភាព ធ្វើ​សេវាកម្ម​ចំនួន ២៧ ក្រុមហ៊ុន​។

​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានអោយដឹងថា បើ​ដក ទាំង​ក្រុមហ៊ុន ៣៣ ដែល​ត្រូវ​លុបចោល​ឈ្មោះ​ចេញ​នេះ បច្ចុប្បន្ន កម្ពុ​ជាមាន ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន សរុប​ចំនួន ២២១ ក្រុមហ៊ុន​។​

​កន្លងមក ភា្ន​ក់​ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អគ្គ​ស្នង ការដ្ឋាន នគរបាលជាតិ ដើម្បី​បង្កើន​ជំនាញ និង​ពង្រឹងសមត្ថភាព​ផងដែរ​។​

​យ៉ាងណាក៏ដោយ មកដល់​សព្វថ្ងៃនេះ ក៏​នៅតែមាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយចំនួន នៅតែ​ខ្វះ​ការទទួលខុសត្រូវ ពិសេស​នៅតាម​បុរី​ផ្ទះល្វែង​។ ពោលគឺ​នៅពេល​បាត់​របស់ របរ ចោរ​គាស់​ផ្ទះ ឬក៏​មាន​ចោរលួច​ឡាន ជាដើម គឺ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ ព្យាយាម​មិន​ទទួលខុសត្រូវ សង​សំណង​ដល់​ម្ចាស់​របរ ម្ចាស់ផ្ទះ និង​ម្ចាស់​ឡាន​ឡើយ​។​

​ជាក់ស្តែង កាលពី​យប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ម្ចាស់​ផ្ទះល្វែង នៅក្នុង​បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន បាត់​ឡាន ម៉ាក​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2M-5463​។ នៅ​បុរី​ពិភពថ្មី ត្រពាំង​ថ្លឹង គឺ​ម្ចាស់​ផ្ទះល្វែង​ទាំងអស់ បាន​បង់ប្រាក់​ថ្លៃ​សន្តិសុខ​ឯកជន​រៀងរាល់ខែ ចំនួន ១០​ដុល្លារ ក្នុង​មួយ​ផ្ទះ សម្រាប់​ថ្លៃ​សន្តិសុខ និង​អនាម័យ​ជូន​ដល់​ក្រុមហ៊ុន​សន្តិសុខ ឯកជន​មួយ​។

​ក៏ប៉ុន្តែ​នៅមាន​ករណី​បាត់​ឡាន​ខាងលើនេះ បែរជា​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ​មិន ទទួលខុសត្រូវ ហើយ​បែរជា​ប្រាប់​ម្ចាស់​ឡាន ឲ្យ​ដាក់​ការសង្ស័យ​លើ​សាច់ញាតិ​របស់ ខ្លួន​ទៅវិញ​។​

​ករណី​បាត់​ឡាន​នេះ ហាក់ដូចជា ក្រុមហ៊ុន​សន្តិសុខ​ឯកជន ខ្វះ​ការទទួលខុសត្រូវ ព្រោះថា ច្រកចេញ​ចូលក្នុង​បុរី​ផ្ទះល្វែង​ទាំងនោះ សុទ្ធ​តែមាន​ប៉ុស្តិ៍​យាម និង​បា​រ៉ា​ស់ ដោយមាន​ភ្នាក់ងារ​សន្តិសុខ នៅ​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង​ព្រមទាំង​បំពាក់ កាំ​ម៉ា​រ៉ា​សុវត្ថិភាព​ថែម​ទៀតផង​។​

​ដូច្នេះ នៅពេលនេះ ក្រុមហ៊ុន​សន្តិសុខ​ឯកជន មាន​រហូតដល់​ជាង ២០០ ក្រុមហ៊ុន កំពុង​បំពេញ​សេវាកម្ម​សន្តិសុខ នៅ​ទូទាំងប្រទេស ខណៈដែល​ក្រសួងមហាផ្ទៃ​បាន សម្អាត​លុបចោល​នូវ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ៣៤ ដែល​មិនមាន​សកម្មភាព​។ ក្រុមហ៊ុន សន្តិសុខ​ឯកជន​ទាំង​ជាង ២០០ នេះ គួរតែ​បង្កើន​ការទទួលខុសត្រូវ​ដល់​អតិថិជន ដើម្បី ជៀសវាង​នូវ​ការ​រិះគន់ថា ក្រុមហ៊ុន​យកតែ​លុយ​រៀងរាល់ខែ តែ​នៅពេល​មាន​បញ្ហា បែរជា​ដោះសារ និង​ព្យាយាម​មិន​ទទួលខុសត្រូវ​ទៅវិញ​។​

​មានអី​ពិបាក កាំ​ម៉ា​រ៉ា​សុវត្ថិភាព ត្រូវបាន​បំពាក់​គ្រប់​ច្រក​ផ្លូវ ហើយ​តាម​ផ្ទះ​ខ្លះ ក៏មាន​កាំ ម៉ា​រ៉ា​សុវត្ថិភាព​ដែរ​។ ដូច្នេះ​គេ​អាច​ឆែក​មើល ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​។ នៅពេលនោះ ការពិត នឹង​បង្ហាញ ហើយ​បើជា​ការធ្វេសប្រហែស របស់​ក្រុម​ភ្នាក់ងារ​សន្តិសុខ​ឯកជន គឺ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ ត្រូវ​ហ៊ាន​ទទួល ខុសត្រូវ ស្វែងរក​របស់របរ​ដែល​បាត់ ឬក៏​ចេញ​ជា​សំណង​ដល់​ម្ចាស់ទ្រព្យ​វិញ ដូច​ពាក្យ ចាស់​លោក​ពោលថា “​ហ៊ានស៊ី ហ៊ាន​សង​” ហើយ​អតិ​ជន​ក៏​កាន់​តែមាន​ទំនុក​ចិត្តនឹង​សេវា កម្ម​សន្តិសុខ​របស់​ក្រុមហ៊ុន​នោះ​ថែម​ទៀតផង​។ ម្យ៉ាងទៀត ក៏​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ​ផងដែរ​៕ ដោយ​: ម៉េង​ឆៃ​