ក្រុមហ៊ុន​មួយ​កំពុង​បង្កើត​ម៉ូតូ​ហោះ​សម្រាប់​អនាគត

186
ចែករម្លែក

​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​មួយ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​បានប្រកាសថា​ខ្លួន​ទទួលបាន​មូលនិធិ​២​លាន​ដុល្លារ​ដើម្បី​បង្កើត​គំរូ​សម្រាប់​ម៉ូតូ​ហោះ​មួយ​។

​បច្ចុប្បន្ន មាន​ឈ្មោះថា Recreational Speeder ម៉ូតូ​ហោះ​នេះ​នឹង​អាចធ្វើ​ដំណើរ​នៅ​ល្បឿន​រហូតដល់​ទៅ ៦៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង ហោះ​បាន​កម្ពស់ ៤.៥៧២ ម៉ែត្រ​។

​ម៉ូតូ​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន JetPack Aviation (JPA) និង​គាំទ្រ​ដោយ​ការវិនិយោគ​ពី​ក្រុមហ៊ុន Draper Associates, Jaan Tallinn, Y Combinator, Catheis Ventures និង​ក្រុមហ៊ុន​រួម​ទុន​ដទៃទៀត​ជាច្រើន​។

​យោងតាម​វេ​ប​សាយ TechCrunch.​ម៉ូតូ Recreational Speeder នឹង​អាច​បញ្ជា​បាន​ទាំង​ប្រភេទ Manual និង Auto ។​

​ម៉ូតូ​នេះ​នឹង​អាច​ហោះ​និង​ចុះចត​បញ្ឈរ​ត្រង់​នៅ​កន្លែង​ចត​តូច​មួយ​ប៉ុណ្ណោះ ហើយ​វា​នឹង​ដំណើរការ​ដោយ​ប្រើ​ប្រេងម៉ាស៊ូត ប្រេងកាត ឬ ប្រេង​យន្តហោះ​ក៏បាន​ដែរ​។

​ក្រុមហ៊ុន JPA និយាយថា ម៉ូតូ Recreational Speeder នឹង​អាច​ហោះ​នៅលើ​មេឃ​ពី​ចន្លោះ​១០​ទៅ​២២​នាទី អាស្រ័យ​លើ​ទម្ងន់​និង​កម្ពស់​បើកបរ​របស់​វា​។

​ក្រុមហ៊ុន​បញ្ជាក់ថា មនុស្ស​នឹង​អាច​ទិញ​ម៉ូតូ​នេះ​យកទៅ​ជិះ​នាពេល​អនាគត​ដោយ​មិនចាំបាច់​មាន​ប័ណ្ណបើកបរ​យន្តហោះ​នោះទេ​។ ពួកគេ​គ្រាន់តែ​តម្រូវឱ្យ​ចូលរៀន​វគ្គប​ណ្តុះ​បណ្តាល​បន្តិចបន្តួច​ដែល​បង្ហាត់​ដោយ​ក្រុមហ៊ុន JPA ឬ ហាង​លក់​ម៉ូតូ​ដែលមាន​អាជ្ញាប័ណ្ណ​តែប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស