ក្រុមហ៊ុន​មួយ​ចុះកិច្ចសន្យា​ទិញស្រូវ​សរីរាង្គ​២​ពាន់​តោន​ពី​កសិករ​ដើម្បី​នាំចេញ​

530
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​បាន​បាន​ចុះកិច្ចសន្យា​ទិញស្រូវ​សរីរាង្គ​របស់​កសិករ​នៅ​ខេត្តព្រះវិហារ​ដែលជា​ខេត្ត​ផលិត​បាន​ស្រូវ​សរី​រា​អង្គ​ដ៏​ធំជាងគេ​។​ការទិញ​ពី​សហគមន៍​កសិកម្ម​ចំនួន​១១​នៅក្នុង​ខេត្តព្រះវិហារ​ចំនួន​២.០០០​តោន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩=២០២០​សម្រាប់​នាំចេញ​ទៅកាន់​សហគមន៍​អឺរ៉ុប​។​

​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​និង​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ស្តីបី​ការផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ រវាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ និង​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ​អេ​ស៊ា​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ក្រោម​អធិបតី​លោក​គង់​ភា​ច​ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​។

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​, លោក ចាន់ ពេជ្រ នាយក​ចាត់ការ​ទូទៅ​ក្រុ​ហ៊ុន​ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា និង​មានការ​ចូលរួម​ពី លោក មិន សោភ័ណ ប្រធាន​អង្គការ​AVSF​តំណាង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​រួម​នឹង​តំណាង​សហគមន៍​កសិកម្ម​ទាំង ១១ ផងដែរ​។​

​លោក​ពឹង​ទ្រី​ដា​បាន​ថ្លែងថា​ស្រូវ​នៅ​ខេត្តព្រះវិហារ​មានតម្លៃ​ខ្ពស់ជាង​បណ្តា​ខេត្ត​ផ្សេងៗ​តាមរយៈ​ការចាប់​ដៃគូ​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ក្នុង​ក្របខណ្ឌ​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដោយ​កាល​កន្លងមក​ស្រូវ​នៅ​ខេត្តព្រះវិហារ​តែងតែមាន​តម្លៃ​ទាប​ជាងគេ​ក្នុង​រង្វង់​៣០​ទៅ​៤០​រៀល​ក្នុង​មួយ​គីឡូ​ដោយសារ​កាលនោះ មិនទាន់មាន​ក្រុមហ៊ុន​ដៃគូរ​ចូលមក​ទិញ​នៅឡើយ​ទេ​។​

​លោក​ពឹង​ទ្រី​ដា​ក៏បាន​ផ្តាំ​ឱ្យ​តំណាង​សហគមន៍​ទាំងអស់​ត្រូវ​ប្រជុំ​សមាជិក​ឱ្យដឹងថា​ចាប់ពី​ថ្ងៃនេះ​ទៅ​ស្រូវ​មាន​ម្ចាស់​ហើយ​គឺ​ជាប់កិច្ចសន្យា​ហើយ​ត្រូវគោរព​តាម​កិច្ចសន្យា​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​។​កសិករ​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន​ត្រូវ​រក្សា​គុណភាព​ស្រូវ​សរីរាង្គ​ដោយ​មិន​ក្លែងបន្លំ​។​ចៀសវាង​ការលក់​ស្រូវ​ឱ្យ​អ្នកផ្សេងៗ​ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​ប្រមូល​ទិញ​បាន​គ្រប់​ចំនួន​តាម​កិច្ចសន្យា​ជាមួយ​អ្នកទិញ​ខាងក្រៅ​ហើយក៏​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ឆាប់​ចុះ​ប្រមូល​ទិញស្រូវ​នៅ​រដូវ​ច្រូតកាត់​ដើម្បី​កុំឱ្យ​កសិករ​រងចាំ​យូរ​។​

លោកចាន់ ពេជ្រ បានលើកឡើង​ដែរ​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា បាន​ចុះកិច្ចសន្យា​ទិញស្រូវ​សរីរាង្គ ពី​សហគមន៍​កសិកម្ម​នៅក្នុង​ខេត្តព្រះវិហារ ដោយ​លើកដំបូង​នោះ ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​នៅ​ឆ្នាំ​២០១៦​។

កាលនោះ​ធ្វើ​ការចុះ​បញ្ជា​ទិញ​ត្រឹមតែ ១,០០០ តោន​ប៉ុណ្ណោះ​ដោយឡែក​ក្នុង​រដូវ​កាល​២០១៩=២០២០​នេះ​ក្រុមហ៊ុន​ព្រម​ទទួល​ទិញស្រូវ​សរីរាង្គ​ពី​សហគមន៍​កសិកម្ម​ចំនួន ១១ នៅក្នុង​ខេត្តព្រះវិហារ​នេះ រហូតដល់ ២.០០០​តោន ដោយ​សង្ឃឹមថា ស្រូវ​សរីរាង្គ​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​ថ្មី​នេះ នឹងមាន​តំលៃ​ថ្លៃ​ជាង​ឆ្នាំទៅ​។​

​លោក​ចាន់​ពេជ្រ​បាន​បន្តទៀតថា​ក្រុមហ៊ុន​ស៊ី​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​មិន​ត្រឹមតែ​ទិញស្រូវ​សរីរាង្គ​តែម​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ទិញ​ផលិតផល​ផ្សេងៗ​ទៀត មានដូចជា សណ្តែកសៀង សណ្តែកបាយ រមៀត ម្រេច ល្ង សរីរាង្គ ពី​កសិករ​នៅតាម​បណ្តារ​ខេត្ត​ផ្សេងៗ​ទៀត​។ ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​រីកចម្រើន និង​ជួយ​ដល់​កសិករ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​។

​ក្រុមហ៊ុន​ទើបតែ​បង្កើត​នូវ​គំរូ​អាជីវកម្ម​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​«​ភាពជា​ដៃគូរ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម​និង​ខ្សែសង្វាក់​តម្លៃ​»​ក្នុង​គំរោង​អាជីវកម្ម​ថ្មី​នេះ​ក្រុមហ៊ុន​ធ្វើការ​សហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន​ផលិត​ពូជ ក្រុមហ៊ុន​ផ្តល់​បច្ចេកទេស​កសិកម្ម ក្រុមហ៊ុន​ធាតុ​ចូល​កសិកម្ម ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អង្គការ​ជាតិ អន្តរជាតិ​នានា ដើម្បី​ធ្វើ​ឲ្យ​កសិកម្ម​កាន់តែ​មានការ​រីកដុះដាល​។​

​លោក គង់ ភា​ច បានលើកឡើង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ពី​បញ្ហា​ទីផ្សារ​កសិកម្ម សម្រាប់​កសិករ​ដើម្បីឱ្យ​កសិករ​មាន​ជីវ​ភាពល្អ​ប្រសើរឡើង​ដូចជា​ថ្ងៃនេះ​ក្នុង​ក្របខ័ណ្ឌ​កសិកម្ម​តាម​កិច្ចសន្យា​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​គ្រប់ភាគី​ចំណែក​ភាគី​កសិករ​មិន​បារ​ម្មណ៍​លើ​បញ្ហា​កង្វះ​ទីផ្សារ​ទៀតឡើយ ដោយសារ​ទីផ្សារ​បានមក​ដល់ផ្ទះរ​បស់បង​ប្អូន​ប្រជាកសិករ​។​

​លោក​គង់​ភា​ច​បន្តទៀតថា​តម្លៃ​កសិផល​ភាគច្រើន​បានកំណត់​ដោយ​មាត់​ឈ្មួញ​និង​មិនមាន​ភាពច្បាស់លាស់​ឬ​មានការ​ធានា​ទិញ​ដូច​កសិកម្ម​តាម​កិច្ចសន្យា​នេះ​ទេ​ព្រោះ​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​គេ​មាន​កិច្ចសន្យា​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អន្តរជាតិ​ដោយផ្ទាល់​ហេតុដូច្នេះ​ហើយ​ការ​ដែលមាន​កិច្ចសន្យា​កសិកម្ម​នេះ​គឺ​ធ្វើឱ្យ​ឈ្មួញ​ពិបាក​ក្រឡុក​ទីផ្សារ​តាមចិត្ត​ដែល​គេ​ចង់បាន​ណាស់​៕S/​