ក្រុមហ៊ុន​យក្ស​ចិន​ចំនួន​៣​គ្រោង​បោះទុន​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​កម្ពុជា​

2286

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​យក្ស​ចំនួន​៣​គ្រោង​វិនិយោគ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា ស្របពេល​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិតរ​មួ​ត​។​
​ ​
​ក្រុមហ៊ុន​យក្ស​ចំនួន​បី​នោះ​រួមមាន Greenland Holding Group, Henan transport Investment Group​និង​ក្រុម​​ហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​សំណង់​ចិន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងត្បូង​។​
​ ​
​អគ្គនាយក​ក្រុមហ៊ុន​GREENLAND Holding Group លោក​ហ្សា​ង យូ​លាង​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទឹក​​ប្រាក់​៤០០០​លាន​ដុល្លារ និង​គ្រោង​បោះទុន​៧០០០​លាន​ដុល្លារ​នៅ​កម្ពុជា​បន្ថែមទៀត បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កាលពីដើម​សប្តាហ៍​នេះ​ថា​លោក​មាន​គំរោង​វិនិយោគ​​សាងសង់​អាគារ​ខ្ពស់ៗ​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ រថភ្លើង​អាកាស និង​គំរោង​ទេសចរណ៍​នៅ​កម្ពុជា ដោយសារ​កម្ពុជា​កំពុងមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស កំនើន​ទេសចរណ៍​អន្តរជាតិ និង​សន្តិភាព​ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​​កំពុង​សម្រេចបាន​។​
​ ​
​ក្រុមហ៊ុន​ទាំងនេះ​នឹង​រៀបចំ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​ក្នុង​ដំនើរ​ទស្សនកិច្ច​របស់​លោក​លី កឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន ដែល​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​និង​ចូលរួម​កិច្ចប្រជុំ​មេគង្គ ឡាន​ឆាង​នា​ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ​។​
​ ​
​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន លោក​Gu Shan តំណាង​ក្រុមហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​សំណង់​ចិន ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងត្បូង​បាន​ថ្លែង​ឲ្យ​ដឹងថា កំនើន​ទេសចរណ៍​អន្តរជាតិ កំនើនសេដ្ឋកិច្ច​និង​ភាពជា​ដៃគូ​គ្រប់​ជ្រុង​​ជ្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា ចិន​លោក​គ្រោង​នឹង​វិនិយោគ​លើ​វុ​ស័​យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​វិស័យ​បដិសណ្ឋារកិច្ច​ទេសចរណ៍​នៅ​កម្ពុជា​។​
​ ​
​អ្វី​ជា​តម្រូវការ​របស់​កម្ពុ​ជា លោក​ថោង ខុន​បាន​មានប្រសាសន៍ថា កម្ពុជា​កំពុងមាន​តម្រូវការ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត​ភ្ជាប់​ទៅកាន់​​គោលដៅ​ទេសចរណ៍​នានា​ពិសេស​តំបន់ឆ្នេរ​កំពុង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មីៗ​ព្រោះ​កម្ពុជា​កំពុង​ទទួលបាន​កំនើន​ទេស​​ចរណ៍​អន្តរជាតិ​ខ្ពស់ និង​រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០​។​
​ ​
​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។​
​ ​
​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រទេស​ណា​ក៏​ត្រូវការ​អ្នកវិនិយោគ​ដែរ ហើយ​ពីមុន​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ជា​អ្នក​ចេញមក​វិនិយោគ​នៅ​បរទេស ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ដែរ ហេតុនេះ​ចិន​មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន​កាលណា​កាន់តែ​ល្អ ព្រោះ​វា​នឹង​ជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។​
​ ​
​លោក​បន្តថា “​មិនមែន​ចិន​ផ្លាស់ប្តូរ​កម្ពុជា​ទេ តែ​កម្ពុជា​នឹង​ដើរ​ក្នុង​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​នយោបាយ​ព្រោះ​ចិន​ជា​អ្នកធ្វើ​ឲ្យ​សេដ្ឋកិច្ច​​កម្ពុ​ជាមាន​លំនឹង​”៕​ដោយ​៖ច្រាយ ចំណាន​/sn

​អាគារ​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ​និង​លោក​គីម ហ៊ាង​(​រូបភាព​ឯកសារ​)