ក្រុមហ៊ុន​រដ្ឋ​ចិន​ចាក់ដី​បំពេញ​លយ​ចូល​សមុទ្រ​រួចរាល់​ដើម្បី​សង់​កំពង់ផែ​តម្លៃ ១,៤ ពាន់​លាន​ដុល្លារ​នៅ​ស្រីលង្កា​

482
ចែករម្លែក

​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បានកត់សម្គាល់​កាលពី​ថ្ងៃ​ពុធ​ទី ១៦ ខែមករា​អំពី​ការចាក់ដី​បំពេញ​រួចរាល់​នៅ​ជិត​រដ្ឋធានី​កូឡុំបូ​របស់​ស្រីលង្កា ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ហេដ្ឋារចនាសម្ព័ន្ធ​ក្រវាត់​និង​ផ្លូវ​របស់​ប៉េកាំង ដែល​ធ្វើឱ្យ​ឥណ្ឌា​និង​ប្រទេស​លោកខាងលិច​មានការ​ព្រួយបារម្ភ​។​

​ឯកអគ្គរដ្ឋទូត​ចិន​លោក​ចេង ស៊ូ​យួន បាន​និយាយ​នៅក្នុង​ពិធី​មួយ​ថា “​កំពង់ផែ​ទីក្រុង​កូឡុំបូ​គឺជា​គម្រោង​ដ៏​សំខាន់​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​នៅ​ស្រីលង្កា​ដែលជា​ប្រទេស​សំខាន់​មួយ​នៅតាម​បណ្តោយ​ផ្លូវ​សូត្រ​សមុទ្រ​”​។​

​លោក​បាន​បន្ថែមថា “​មិន​ថា​ស្ថានការណ៍​អន្តរជាតិ​មានការ​ផ្លាស់ប្តូរ​យ៉ាងណា​ទេ ប្រទេស​ចិន​តែងតែ​សម្របសម្រួល​ទំនាក់ទំនង​រវាង​ចិន​និង​ស្រីលង្កា​យ៉ាងសកម្ម​និង​បាន​អនុវត្ត​យ៉ាង​ពេញទំហឹង​នូវ​មតិ​ឯកច្ឆន្ទ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​”​។​

​កំពង់ផែ​ក្រុង​កូ​ឡុំ​ប៊ី​ដែលមាន​ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ព្រមព្រៀងគ្នា​រវាង​ចិន​និង​អតីត​ប្រធានាធិបតី​ស្រីលង្កា​លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា (Mahinda Rajapaksa) ដែលជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ធ្វើ​ឱ្យគេ​បារម្ភ​ថា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ​កំពុង​ធ្លាក់ចូល​ទៅក្នុង​កណ្តាប់ដៃ​របស់​ប៉េកាំង​។​

​នៅ​កំពង់ផែ​ទឹក​ជ្រៅ​មួយទៀត​ឈ្មោះ​ហាំ​បាន​តូ​តា (Hambantota) តម្លៃ ១,៤ ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​សាងសង់​ដោយ​ចិន​ផងដែរ​នោះ ចិន​បាន​ជួល​រយៈពេល ៩៩ ឆ្នាំ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​កូឡុំបូ​បាន​និយាយថា​ខ្លួន​មិនអាច​ទ្រទ្រង់​ប្រាក់កម្ចី​សេវាកម្ម​ដែល​ធ្វើឡើង​ដោយ​ក្រុង​ប៉េកាំង​ដើម្បី​ចំណាយ​លើ​កំពង់ផែ​នេះ​បានទេ​។​

​ព្រលានយន្តហោះ​ហាំ​បាន​តូ​តា​នៅ​ជិត​នោះ ដែល​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​និង​ត្រូវបាន​សាងសង់​នៅក្នុង​មណ្ឌលបោះឆ្នោត​របស់លោក​រ៉ា​ចា​ប៉ាក់​សា នៅ​ចំ​កណ្តាល​តំបន់​អភិរក្ស​សត្វព្រៃ​ពីរ​កន្លែង​នោះ បានប្រែក្លាយ​ទៅជា​ព្រលានយន្តហោះ​ឥតប្រយោជន៍ ដោយ​គ្មាន​ការហោះហើរ​ណាមួយ​ឡើយ​។​

​ពីរភាគបី​នៃ​គម្រោង​រាន​ដី​ថ្មី​២៦៩​ហិកតា ដែល​គេ​គ្រោង​នឹង​ប្រែក្លាយ​ទៅជា​តំបន់​ហិរញ្ញវត្ថុ​ថ្មី​មួយ​និង​ធ្វើឱ្យ​ក្រុម​អ្នក​បរិស្ថាន​ព្រួយបារម្ភ​នោះ បាន​ជួល​ឱ្យ​ចិន​ក្នុង​កិច្ចសន្យា​រយៈពេល ៩៩ ឆ្នាំ​ដែរ​។​

​ទោះយ៉ាងណា លោក​ផា​តា​លី ចាម​ពី​កា រដ្ឋមន្ត្រី​ទទួលបន្ទុក​គម្រោង​នេះ បាន​និយាយថា តំបន់​ដែល​បាន​ចាក់ដី​បំពេញ​នេះ​នឹង​មិនមែនជា​ការគំរាមកំហែង​ចំពោះ​អធិបតេយ្យភាព​របស់​ស្រីលង្កា ឬ បំផ្លាញ​សន្តិសុខ​របស់​ឥណ្ឌា ដែលជា​មហាអំណាច​តំបន់​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

ការចាក់ដី​បំពេញ​ឆ្នេរសមុទ្រ​ធ្វើឡើង​រួចរាល់​ដើម្បី​សង់​កំពង់ផែ​ក្រុង​កូឡុំបូ