ក្រុមហ៊ុន​របស់​អឺរ៉ុប “​ជាប់ផុង​នៅ​កណ្តាល​” សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​

424
ចែករម្លែក

​ការស្ទង់មតិ​ធុរកិច្ច​មួយ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​ថា ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន “​កំពុង​ជាប់ផុង​នៅ​កណ្តាល​” សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ហើយ​មនុស្ស​តិចតួច​ណាស់​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ពួកគេ​នៅក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ២ នៅលើ​ពិភពលោក​មួយ​នេះ​។​

​យោងតាម​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ចិន​បានឱ្យដឹងថា ការប៉ះទង្គិច​គ្នា​រវាង​ប៉េកាំង​និង​វ៉ាស៊ីនតោន​មិនបាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​របស់​អឺរ៉ុប​ឡើយ ដែល​ផ្ទុយ​ពី​អ្វីដែល​អ្នកខ្លះ​សង្ឃឹមទុក​នៅពេល​ចាប់ផ្តើម​ជម្លោះ​កាលពី​ឆ្នាំមុន​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​លោក​ឆា​ឡូត រ៉ូ​ល (Charlotte Roule) បាន​និយាយថា “​ឥឡូវនេះ​ភាព​តានតឹង​ពាណិជ្ជកម្ម​ត្រូវបាន​គេ​មើលឃើញថា​ជា​ភាពមិនប្រាកដប្រជា​មួយ​ទៀត​នៅលើ​បរិយាកាស​ធុរកិច្ច ជា​អ្វីមួយ​ដែល​នឹង​មិនអាច​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​បានទេ មិន​ថា​មាន​កិច្ចព្រមព្រៀង​ឬ​អត់​នោះឡើយ​។ យោងតាម​សមាជិក​របស់​យើង ភាព​តានតឹង​ពាណិជ្ជកម្ម​គឺ​មិនល្អ​សម្រាប់​អាជីវកម្ម​ទេ​”​។​

​យោងតាម​ការស្ទង់មតិ សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​ការព្រួយបារម្ភ​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប​នៅក្នុង​ប្រទេស​ចិន (២៣%) បន្ទាប់ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន (៤៥%) សេដ្ឋកិច្ចពិភពលោក (២៧%) និង​ការកើនឡើង​តម្លៃ​ពលកម្ម​នៅ​ចិន (២៣%)​។​

​ការសិក្សា ដែល​ទទួលបាន​ការឆ្លើយ​តប​ពី​ក្រុមហ៊ុន​ចំនួន ៥៨៥ ត្រូវបាន​ធ្វើឡើង​កាលពី​ខែមករា ដោយ​សារភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​បាន​ធូរស្រាល​ខ្លះ​។​

​ភាព​តានតឹង​បានចាប់ផ្តើម​កើនឡើង​ជាថ្មី​ម្តងទៀត​នៅ​ដើមខែ​ឧសភា ជាមួយ​សហរដ្ឋអាមេរិក​និង​ចិន​បាន​ដំឡើង​ពន្ធគយ​ដាក់គ្នា​ទៅវិញទៅមក​៕ ដោយ៖ កញ្ញាដាលីស

ភាព​តានតឹង​ពាណិជ្ជកម្ម​គឺ​មិនល្អ​សម្រាប់​អាជីវកម្ម​ទេ