ក្រុមហ៊ុន​លំដាប់​ពិភពលោក​របស់​អាល្លឺម៉ង់ ប៊ី​អេ​អេស​អេ​ហ្វ វិនិយោគ​រយៈពេល​វែង​និង​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា​

527
ចែករម្លែក
  • 37
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក​របស់​ប្រទេស​អាល្លឺម៉ង់​ប៊ី​អេ​អេស​អេ​ហ្វ (BASF) បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន ដើម្បី​ពង្រីក​និង​គ្របដណ្តប់​ទីផ្សារ​នៅ​កម្ពុជា និង​គោលបំណង​វិនិយោគទុន​រយៈពេល​វែង បន្ទាប់ពី​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​និង​ការរីកចម្រើន​ផ្នែក​កសិកម្ម​។​

​អេ​អេស​អេ​ហ្វ ដែលមាន​ការិយាល័យ​ក​ណ្តា​ល​នៅ​អាល្លឺម៉ង់ ផ្តល់ជូន​នូវ​ដំណោះស្រាយ សម្រាប់​ឧស្សាហកម្ម​ជាច្រើន ដូចជា គ្រឿង​សង្ហា​រឹម​, ស្បែកជើង​, ម្ហូបអាហារ និង​ភេសជ្ជៈ និង​ចំណី​សត្វ​ព្រមទាំង​ផលិតផល​ការពារ​ផលដំណាំ​និង​ជួយ​ឱ្យ​កសិករ​ទទួល​ទិន្នផល​ខ្ពស់​។​

​សូមជម្រាបថា​ក្រុមហ៊ុន BASF ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ខាង​ផ្នែក​គីមី​សាស្ត្រ នៅលើ​ពិភពលោក បាន​បើកសម្ពោធ​ក្រុមហ៊ុន​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ខ្លួន ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ។

​ពីមុន​ក្រុមហ៊ុន BASF មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​តាមរយៈ​ដៃគូ​ចែកចាយ​របស់ខ្លួន​តាំងពី​ឆ្នាំ ២០១៤ ហើយ​បច្ចុប្បន្ននេះ ក្រុមហ៊ុន BASF មាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយផ្ទាល់ ដែល​នឹង​អាច​ផ្តល់ជូន​អតិថិជន​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដ៏​មាន​សក្ដានុពល​របស់​យើង នូវ​ដំណោះស្រាយ​ថ្មីៗ នៅក្នុង​វិស័យ​ចម្រុះ​គ្រប់​ប្រភេទ​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន លោក Petrus Ng នាយក​គ្រប់គ្រង BASF ប្រចាំ​នៅ​ប្រទេស​ថៃ និង​ឥណ្ឌូចិន បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន BASF មានបំណង​នាំមក​នូវ​ដំណោះស្រាយ ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្ត​ភាពជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន នៃ​ឧស្សាហកម្ម​យុទ្ធសាស្ត្រ របស់​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​គ្រឿង​សង្ហា​រឹម​, កៅស៊ូ​, ស្បែកជើង​, អាហារ​រូប​ត្ថ​ម្ភ​និង​សុខភាព និង​កសិកម្ម​”​។​លោក​បន្តទៀតថា​៖ “​អតិថិជន​របស់​យើង​នៅ​ប្រទេស​កម្ពុជា នឹង​ទទួលបាន​នូវ​ជំនួយ ពី​បណ្តាញ​ជា​សកល​របស់​ក្រុមហ៊ុន BASF, ជំនាញ និង​គំនិត​ច្នៃប្រឌិត​”​។​

​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន BASF នឹង​ផ្ដោត​ជា​ចម្បង ទៅលើ​ផ្នែក​គីមី​សាស្ត្រ (monomers និង intermediates) សំភារៈ​ដំណើរការ (​ដំណោះស្រាយ polyurethane) អាហារ​រូប​ត្ថ​ម្ភ និង​សុខភាព និង​ដំណោះស្រាយ​ខាង​ផ្នែក​កសិកម្ម​។​

​លោក Martin Wolf នាយក​ពាណិជ្ជកម្ម ប្រចាំ​តំបន់​អាស៊ាន ផ្នែក​ដំណោះស្រាយ​ខាង​កសិកម្ម របស់​ក្រុមហ៊ុន BASF បាន​មានប្រសាសន៍ថា​៖ “​ទោះបីជា​ប្រទេស​កម្ពុជា បានក្លាយ​ទៅជា​ប្រទេស នាំចេញ​អង្ករ​មាន​គុណភាព​ឈានមុខ​គេ យ៉ាង​ឆាប់រហ័ស​ក្តី ប៉ុន្តែ​បញ្ហា​ប្រឈម​មួយចំនួន នៅតែមាន​ក្នុង​វិស័យ​កសិកម្ម ក្នុងនោះ​រួមមាន​ការប្រើប្រាស់​បច្ចេក​វិទ្យា​របស់​កសិករ ស្ថិតនៅក្នុង​កម្រិត​ទាប​នៅឡើយ និង​ការយល់ដឹង​របស់​អ្នក​ដាំ​ដុះ​អំពី​វិធី​ប្រើប្រាស់​នៃ​ការបង្កើត​ថ្មីៗ​ឲ្យ​បានល្អ​បំផុត​”​។

​លោក​បាន​បន្តទៀតថា​៖ “​យើង​ជឿជាក់ថា ក្រុមហ៊ុន BASF មាន​លក្ខណៈ​សមស្រប​ដើម្បី​ជួយ​ដោះស្រាយ នូវ​បញ្ហា​ប្រឈម​ទាំងនេះ ហើយ​ក្រុមហ៊ុន​មាន​ក្តីរំភើប ក្នុង​ការជួយ​កសិករ​កម្ពុជា​ឱ្យទទួល​បាន​ប្រាក់ចំណេញ និង​មាន​និរន្តរភាព​”​។​

​លោក Ingo Karsten ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី​ឈានមុខ​គេ​នៅលើ​ពិភពលោក ក្រុមហ៊ុន BASF មាន​ជំនាញ​ជាច្រើន​ដើម្បី​ផ្តល់ជូន​និង​ចែករំលែក​។​ជំនាញ​ទាំងនេះ​នឹង​ជួយ​និ​យោ​ជិ​ក​កម្ពុជា​ក្នុងការ បង្កើន​ជំនាញ​របស់​ពួកគេ​និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​កាន់តែ​លូតលាស់​ទៅ​ថ្ងៃមុខ​។​
​លោក​បាន​បន្ថែមថា​៖​ការបើក​ក្រុមហ៊ុន BASF Cambodia បង្ហាញ​ឲ្យ​ឃើញថា​កម្ពុជា​នៅមាន​ឱកាស​អាជីវកម្ម​ជាច្រើន​ដែល​នៅ​មិនទាន់មាន​អ្នក​ចាប់យក​។ ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា​ផ្តល់ឱកាស​វិនិយោគ​ជាច្រើន​ដល់​អាជីវកម្ម​អាល្លឺម៉ង់​និង​អឺរ៉ុប​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា ជាមួយនឹង​ការគាំទ្រ​ពី​ក្រុម​ពាណិជ្ជកម្ម​អាល្លឺម៉ង់ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប EuroCham ពួកយើង​ចង់​ផ្សារភ្ជាប់​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​អឺរ៉ុប​ទៅកាន់​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការអភិវឌ្ឍន៍​។ ភាពជា​ដៃគូ​វិស័យ​សាធារណៈ និង​ផ្នែក​ឯកជន មាន​ភាពល្អ​សម្រាប់​ទាំង​អាជីវកម្ម​និង​ការអភិវឌ្ឍ​ន៏ ដោយ​វា​បង្កើ់ត​ឱកាស​ការងារ​និង​ការវិនិយោគ​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​៕ ល​