ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ​គ្រោង​បង្កើត​ទីក្រុង​ទេសចរណ៍ធម្មជាតិ​ក្នុង​ខេត្តសៀមរាប​

630

(​ភ្នំពេញ​)៖ ដោយសារ​ខេត្តសៀមរាប​មាន​សក្តានុពល​ទេសចរណ៍ ជាពិសេស​កន្លែង​មួយចំនួន​នៅ​ជុំវិញ​តំបន់​អង្គរ​កំពុង​ទាក់ទាញ​បន្ថែម​​ទៀត​លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ​ដែល​ផ្តល់​ការចាប់អារម្មណ៍​ដល់​ក្រុមហ៊ុន​វិនិយោគ ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ​គ្រោង​បង្កើត​តំបន់​​ទេសចរណ៍ធម្មជាតិ​ដ៏​ធំ មាន​លក្ខណៈ​អន្តរជាតិ នឹងមិន​ប៉ះពាល់​បរិស្ថាន​ក្នុង​ខេត្តសៀមរាប ។ ​​គេហទំព័រ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ក្នុងពេល​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ដី​របស់​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៧​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​ជួយ​រាជ​រដ្ឋា​ភិ​​បាល​ក្នុង​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ មិន​ប៉ះពាល់​បរិស្ថាន ជួយ​អភិរក្ស​ធនធានធម្មជាតិ និង​វប្បធម៌​ជាតិ ។
​ ​
​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ចូលរួម​ដល់​ការការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ និង​វប្បធម៌​នៅ​តំបន់​វិនិយោគ​របស់ខ្លួន ក្នុង​ខេត្តសៀមរាប​ព្រោះ​ជា​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​និង​ធម្ម​​ជាតិ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ។
​ ​
​លោក សាយ សំ​អាល់ បាន​បញ្ជាក់ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​មាន​ប្រវត្តិ​ល្អ​ដូច​នៅ​តំបន់​កោះ​សង្សារ ក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​​មាន​ភាព​ទាក់ទាញ​បំផុត​នៅលើ​ពិភពលោក​ពិសេស​គម្រោង​វិនិយោគ បាន​ចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​អភិរក្ស​ជីវៈចម្រុះ ។

​ក្រុមហ៊ុន​បាន​ដឹកជញ្ជូន​កាកសំណល់​គ្រប់​ប្រភេទ​ពី​ដែន​កោះ​យកមក​កន្លែង​ដីគោក​នៃ​ក្រុងព្រះសីហនុ​ដោយ​មិនបាន​បោះចោល​សំណល់​​ទៅក្នុង​ទឹកសមុទ្រ​ឡើយ ។
​ ​
​ចំពោះ​គម្រោង​បង្កើត​ទីក្រុង​ទេសចរណ៍ធម្មជាតិ​លំដាប់​អន្តរជាតិ នាពេលខាងមុខ​លោក​រដ្ឋមន្ត្រី​បាន​ជូន​យោបល់​ដល់​ក្រុមហ៊ុន​ឲ្យ​ពង្រឹង​​កិច្ចសហការ ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ដែល​ទាក់ទង​នឹង​បទដ្ឋាន​គតិយុត្ត​នានា នឹង​សហការ​ជាមួយ​សហគមន៍​នៅក្នុង​តំបន់​ដើម្បី​ឲ្យ​​ការវិនិយោគ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​សម្បត្តិ​វប្បធម៌​នៅក្នុង​តំបន់ ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​មាន​និរន្តរភាព ។​
​ ​
​សូមបញ្ជាក់ថា ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ​(SONG SAA Collective) នឹង​ចំណាយ​ទុន​ដំបូង​ជាង​៣​លាន​ដុល្លារ លើដី​ជាង​៤០០​ហិកតា ដែល​ក្រុមហ៊ុន​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​រួចហើយ ។ នេះ​ជា​គម្រោង​បង្កើត​ទីក្រុង​ទេសចរណ៍ធម្មជាតិ​ដែលមាន​សណ្ឋាគារ​ជា​លក្ខណៈ​​បឹង​កា​ឡូ អាច​ទស្សនា​សត្វ​ស្លាប​នៅក្បែរ​បឹង​ធម្មជាតិ​មួយកន្លែង វិឡា ផ្ទះ​ស្នាក់​នៅមាន​អាង​ហែល​ទឹក មាន​ស្ប៉ា​-​ម៉ាស្សា សាលារៀន មជ្ឍមណ្ឌល​សាសនា កន្លែង​សមាធិ​និង​កន្លែង​កម្សាន្ត​ជាមួយ​ធម្មជាតិ ។
​ ​
​លោក រ៉ូ​រី ហាន់​ធ័​រ​(Rory HUNTER) នាយក​ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ បាន​បញ្ជាក់ថា លោក​បាន​ត្រៀម​ដី​ជាង​១​ហិកតា នៅ​ជុំវិញ​បឹង​ធម្មជាតិ​នៅក្បែរ​កន្លែង​គម្រោង​ដើម្បី​ចូលរួម​អភិរក្ស​មច្ឆា​ជាតិ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​ជាពិសេស​សត្វ​កម្រ​ដូចជា​សត្វ​​ក្រៀល​ជាដើម ។
​ ​
​លោក​បង្ហាញ​ការ​សង្ឃឹមថា គម្រោង​វិនិយោគ​រយៈពេល​៥​ឆ្នាំ​ខាងមុខ នឹង​ដំណើរការ​គម្រោង​ជា​បន្តបន្ទាប់​ជាមួយ​ការផ្តល់​ការងារ​ជូន​​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ។ ពិសេស​អ្នកភូមិ​នៅក្បែរនោះ ដែល​ពុំមាន​វិស័យ​ឧស្សាហកម្ម​រីកចម្រើន​ដូច​នៅ​តំបន់​ទីក្រុង ៕​ដោយៈ​​សម្បត្តិ​កញ្ញា​/sn

​លោក​សាយ សំ​អាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​ពិនិត្យ​ផែនទី