ក្រុមហ៊ុន​វិនិយោគ​ធំៗ​ជាច្រើន​មកពី​ក្រុង​សៀង​ហៃ​មក​ស្វែងយល់​អំពី​សក្ដានុពល​និង​ឱកាស​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ​

246

(​ភ្នំពេញ​)៖​គណៈប្រតិភូ​សភា​ប្រជាជន​ទីក្រុង​សៀង​ហៃ​ដឹកនាំ​ដោយ​លោក អ៊ូ ហាន​មីន​អនុប្រធាន​គណៈកម្មាធិកា​រ​អចិ​ន្ត្រ​យ៏​ប្រជាជន​​ទីក្រុង​សៀង​ហៃ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​ស្នាក់នៅ​និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក អ៊ូ ហាន​មីន​អនុប្រធាន​គណៈកម្មាធិកា​រ​អចិ​ន្ត្រ​យ៏​ប្រជាជន​ទីក្រុង​សៀង​ហៃ​​បាន​ជួបពិភាក្សា​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ ​
​ក្នុងជំនួប​នោះ​លោក អ៊ូ ហាន​មីន​បង្ហាញ​ពី​ក្តីសង្ឃឹម​និង​មោទនភាព​ប្រកបដោយ​សុទិដ្ឋិនិយម​ចំពោះ​ការវិនិយោគ​នៅ​រាជធានី​​ភ្នំពេញ​។​ក្នុងនោះ​លោក​ក៏បាន​អញ្ជើញលោក ឃួ​ង ស្រេង ដឹកនាំ​ប្រតិភូ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង​ហៃ​នៅ​ឆ្នាំក្រោយ​ហើយ​​នៅពេលនោះ លោក​នឹង​ណែនាំ​អ្នករក​ស៊ីធំៗ​នៅ​សៀង​ហៃ​បាន​ជួប​ដោយផ្ទាល់​ជាមួយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែង​​យល់​កាន់តែច្បាស់​ថែមទៀត​ពី​ឧិ​កាស​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​។​
​ ​
​ជាការ​ឆ្លើយតប​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គោលបំណង​របស់​គ​ណៈ​ប្រតិភូ​ទី​​ក្រុង​សៀង​ហៃ​ដែល​មានបំណង​នាំ​ក្រុម​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​រកស៊ី​នៅ​រាជធានី​ភ្នំពេញ​។​លោក​ក៏បាន​ជំរាបជូន​ភ្ញៀវ​ពី​សក្តានុពល​សេដ្ឋកិច្ច​ដែល​រាជធានី​ភ្នំពេញ​មាន​ទាំង​វិស័យ​សំណង់​,​ទេសចរណ៍​,​ហេដ្ឋារចនាសម្ព័ន្ធ​,​ធនាគារ​,​សុខាភិបាល​,​ពាណិជ្ជកម្ម​ជាដើម​កំពុង​រីកលូតលាស់​យ៉ាងខ្លាំង​ក្នុងពេលដែល​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​។​ដោយសារតែ​កម្ពុ​ជាមាន​ច្បាប់​វិនិយោគ​​ដែលមាន​ការអនុគ្រោះ​ច្រើន​ដល់​ការវិនិយោគ ទើប​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​មករក​ស៊ី​នៅ​កម្ពុជា​ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ​​ក្រោម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​។​
​ ​
​គួរ​បញ្ជាក់ថា​៖​រាជធានី​ភ្នំពេញ និង​ទីក្រុង​សៀង​ហៃ បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធភាព​ជាមួយគ្នា​តាំងពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០០៨​ដើម្បី​​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ផែនការ​អភិវឌ្ឍ​ន៏​ទីក្រុង ការគ្រប់គ្រង សុខមាលភាព វប្បធម៌ ទេសចរ​ណ៏ អប់រំ​យុវជន និង​កីឡា​ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​/sn