ក្រុមហ៊ុន​ស៊ីម៉ង​តិ៍ ថៃ​ប៊ុន​រ៉ុង វិនិយោគ​៤២​លាន​ដុល្លារ​បន្ថែម ដើម្បី​ជួសជុល​និង​ដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី ផលិត​ស៊ីម៉ង​តិ៍​២៥០០​តោន​ក្នុង​១​ថ្ងៃ​

3142
ចែករម្លែក
  • 184
    Shares

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ស៊ីម៉ង​តិ៍ ថៃ ប៊ុន រ៉ុង បាន​វិនិយោគ​ទឹកប្រាក់​៤២​លាន​ដុល្លារ​បន្ថែមទៀត ពីលើ​ការ​សាសង់​រោងចក្រ​ចំនួន​៦៧​លាន​ដុល្លារ​រួចហើយ ដើម្បី​ជួសជុល​និង​ដំឡើង​ខ្សែសង្វាក់​​ផលិតកម្ម​ថ្មី​ទំនើប និង​អាច​ផលិត​ស៊ីម៉ង​តិ៍​បាន ២៥០០​តោន​ក្នុង​១​ថ្ងៃ​។​

​ការជួសជុល និង​បំពាក់​ឧបករណ៍​ថ្មី​នេះ ត្រូវ​ចំណាយ​រយៈពេល​១៤​ខែ ដែល​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០១៩​។ បន្ទាប់ពី​ដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​រួច នឹង​ចាប់ផ្តើម​ផលិត​ស៊ីម៉ង​តិ៍ ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​។​

​កិច្ចព្រមព្រៀង​សហការ​ផ្នែក​បច្ចេកទេស​ជាមួយ ក្រុមហ៊ុន​ចិន​ជា​ដៃគូ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​ថៃ​ប៊ុន​រ៉ុង ខេត្តកំពត​។​

លោក​ឧកញ៉ា ខូវ សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ស៊ីម៉ង​តិ៍ ថៃ​ប៊ុន​រ៉ុង បាន​មានប្រសាសន៍ប្រាប់​អ្នកយក​ពត៌មាន​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១២ មិថុនា​ថា ក្រុមហ៊ុន​ស៊ីម៉ង​តិ៍​ថៃ ប៊ុន​រ៉ុង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ជា​ដៃគូ​ផ្នែក​បច្ចេកទេស ដែល​នឹង​ចំណាយ​ដើមទុន​បន្ថែម ចំនួន​៤២​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​កែប្រែ​ប្រព័ន្ធ​ខ្សែសង្វាក់​ផលិតកម្ម ផលិត​ស៊ីម៉ង​តិ៍​បាន​៧០០​តោន​ក្នុង​១​ថ្ងៃ ទៅជា​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​ទំនើប​ផលិត​ស៊ីម៉ង​តិ៍​បាន​២៥០០​តោន​ក្នុង​១​ថ្ងៃ ដំណើរការ​នោះ នឹង​ហើយ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩​។​

​លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា ដោយ​តម្រូវការ​ស៊ីម៉ង​តិ៍​នៅ​កម្ពុជា​កើនឡើង​ក្រុមហ៊ុន​ស៊ីម៉ង​តិ៍​ថៃ​ប៊ុន​រ៉ុង គ្រោង​នឹង​ដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​មួយទៀត ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ង​តិ៍ គុណភាព​ខ្ពស់​បាន ៥០០០​តោន ក្នុង​មួយថ្ងៃ ស្មើ នឹង​២​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​លោក​ឧកញ៉ា ខូវ សម្បត្តិ បាន​ប្តេជ្ញា​និង​សន្យា​ខិតខំ​ឱ្យអស់​សមត្ថភាព ដើម្បី​ព​ន្លឿ​ន​ការដំឡើង​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​នេះ សំដៅ​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ង​តិ៍​ពី ៧​ទៅ ៨​លាន​តោន ក្នុង​មួយឆ្នាំ នៅ​កម្ពុជា​ក៏ដូចជា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​ជីវភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​គួរ​ជម្រាប​ថា​រោងចក្រ​ស៊ីម៉ង​តិ៍ ថៃ ប៊ុន រ៉ុង មាន​ទីតាំង​ស្ថិតនៅ ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត​។ ក្រុមហ៊ុន​ស៊ីម៉ង​តិ៍​ថៃ ប៊ុន រ៉ុង ជា​សហគ្រាស​ផលិត​ស៊ីម៉ង​តិ៍​ទ្រង់ទ្រាយ​ធំ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម ថៃ ប៊ុន រ៉ុង ចំងាយ​២០​គីឡូម៉ែត្រ​ពី​ខេត្តកំពត និង​១២៥​គីឡូម៉ែត្រ​ពី​ភ្នំពេញ​។ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុន វិនិយោគ​ប្រមាណ​២២០​លាន​ដុល្លារ​សម្រាប់ គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​។ ខ្សែសង្វាក់​ផលិតកម្ម​ថ្មី​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត ដែលមាន​សមត្ថភាព​ផលិត​ស៊ីម៉ង​តិ៍​គុណភាព​ខ្ពស់ ២​លាន​តោន ក្នុង​១​ឆ្នាំ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​។​

លោក​ឧកញ៉ា ខូវ សម្បត្តិ បានលើកឡើង​ផងដែរ​ថា​« ក្រុមហ៊ុន​កំពុងតែ​ប្រឹងប្រែង គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​ដល់​និយោជិត អតិថិជន ដៃគូ​ពាណិជ្ជកម្ម និង​អ្នកប្រើប្រាស់ ផលិត ផល​គ្រប់គ្នា​ក្នុងការ​រួមចំណែក​ការ​អភិវឌ្ឍភាព​រីកចម្រើន​និង​ជោគជ័យ​របស់​ប្រទេស​កម្ពុជា ដែលជា​មោទនភាព​ជាតិ​»​។​

​លោក​បាន​បន្តថា ក្រុមហ៊ុន​នឹង​ខិតខំ​ផលិត​ស៊ីម៉ង​តិ៍​គុណភាព​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ និងចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាជន កាត់បន្ថយ​ចំណាកស្រុក​៕ ល​