ក្រុមហ៊ុន​ស្ករស​កោះកុង និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីខ​លើ ព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​ជា​ស្ថាពរ​ហើយ​

1254
ចែករម្លែក

ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​រក​ដំណោះស្រាយ​រវាង​ប្រជាពលរដ្ឋ ៣៧៥ គ្រួសារ និង​ក្រុមហ៊ុន Koh Kong Plantation Co., Ltd. និង​ក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd. ជា​លទ្ធផល ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ បាន​ព្រមព្រៀង​បញ្ចប់​វិវាទ​ដីធ្លី​នោះ ជា​ស្ថាពរ​ហើយ​។

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា ប្រជាពលរដ្ឋ ១៧៥ គ្រួសារ យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ៣​ហិកតា និង​ថវិកា​ចំនួន ២៥០០ ដុល្លារ ក្នុង ១​គ្រួសារ​។ រីឯ​ក្រុម​ប្រជាពលរដ្ឋ ២០០ គ្រួសារ​ផ្សេងទៀត យល់ព្រម​ទទួលយក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ ហិកតា ក្នុង​មួយ​គ្រួសារ​។ ភាគី​ក្រុមហ៊ុន ក៏​យល់ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ ៨២៥ ហិកតា ស្ថិតក្នុង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បានទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ដើម្បី​រដ្ឋ​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាងលើ ជូន​ក្រុម​ប្រជាពលរដ្ឋ​ក្នុងចំណោម ១៧៥ គ្រួសារ តាម​សំណូមពរ​។​

​សូម​រម្លឹកថា កិច្ចប្រជុំ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នកដឹកនាំ​កិច្ចប្រជុំ ពិភាក្សា​អំពី​ដំណោះស្រាយ​ករណី​វិវាទ​ដី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង លោក George Edgar ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកឧកញ៉ា លី យ៉ុង​ផាត់ តំណាង​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​។​

​សូមជម្រាបថា ចំពោះ​ដំណោះស្រាយ​បញ្ចប់​វិវាទ​នៅថ្ងៃនេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាសថា ស្ថានទូត​សហភាព​អឺរ៉ុប ក៏បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​រៀបចំ​ប្រជុំ​ដោះស្រាយ​វិវាទ​ដ៏​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​នេះ​៕​ ដោយ៖ ម៉េងឆៃ