ក្រុមហ៊ុន​ឡុង​ស្រេង​នាំចេញ​ចេកអំបូង​លឿង​ជិត​៣០០​តោន​បន្ទាប់ពី​ចំណាយ​ទុន​អស់​ជាង​៨​លាន​ដុលារ​

422
ចែករម្លែក
  • 423
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អា​ហរ​ណ​នៅ​ខេត្តកំពង់ចាម​បាន​សាកល្បង​នាំចេញ​ចេកអំបូង​លឿង​ជា​លើកដំបូង​ជិត​៣០០​តោន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បន្ទាប់ពី​បាន​ចំណាយ​ទុនវិនិយោក​លើ​ដំណាំ​អស់​ទឹកប្រាក់​ជាង ៨​លាន ដុល្លារ​អាមេរិក​។

​លោក​ឧកញ៉ា​ហេង​ឡុង​ប្រធាន​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អាហារ​ណ​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​បើក​ការនាំចេញ​ថ្ងៃទី​២០​មករា​២០១៩​ថា​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​វិនិយោគ​ដំណាំ​ចេកអំបូង​លឿង​។​ចេកអំបូង​លឿង​នាំ​ពូជ​ពី​ចិន​ចំនួន​៥០០​ហិកតា​នៅលើ​ផ្ទៃដី​ចម្ការកៅស៊ូ​បឹងកេត​ជាង​៦​ពាន់​ហិកតា​ដែល​វិនិយោគ​ពីរ​ដ្ឋ ដើម្បី​នាំចេញ​ទៅ​ប្រទេស​ចិន​។​

​លោក​ឧកញ៉ា​បន្តថា គិតពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី ២០ មករា​២០១៩ ក្រុមហ៊ុន​ប្រមូលបាន​ចេកអំបូង​លឿង​ជិត ៣០០​តោន​ហើយ​វេច​ខ្ចប់​ដាក់​កេស​ដឹក​តាមរ​ថ​យន្ត​កុងតឺន័រ​១៤​គ្រឿង​ទៅកាន់​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។​ការសាកល្បង​លើកដំបូង​នេះ​បើ​ទទួលបាន​ជោគជ័យ​ក្រុមហ៊ុន​នឹង​ពង្រីក​ផ្ទៃដី​ដាំចេក​អំបូង​លឿង​ដល់​ចំនួន ១.៥០០ ហិកតា​បន្ថែមទៀត​។​

​ឧកញ៉ា​ហេង​ឡុង​ឱ្យដឹងថា​ការវិនិយោគ​ចេកអំបូង​លឿង​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ពិភពលោក​ខណ​:​ដែល​តម្លៃ​ជ័រកៅស៊ូ​ក្រែប​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ជាក់ស្តែង​កៅស៊ូ​មួយ​ហិកតា​ក្នុង​មួយឆ្នាំ​ផលិត​ជ័រ​ក្រែប​បានតែ​១.៣០០​គីឡូក្រាម​ហើយ​លក់​បានតែ​១.៣៥០​ដុល្លារ​ទេ​។​ប៉ុន្តែ​ចេកអំបូង​លឿង​វិញ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំងណាស់​ក្នុង​មួយ​ហិកតា​មួយឆ្នាំ​អាច​លក់​ផលិតផល​បាន​ពី ៥​ពាន់​ទៅ ១​ម៉ឺន​ដុល្លារ​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ឡុង​ស្រេង​បឹងកេត​នី​ហរ​ណ​អា​ហរ​ណ​នឹង​ធ្វើជា​ខ្នងបង្អែក​ដ៍​រឹងមាំ​សម្រាប់​ជួយ​រក​ទីផ្សារ​ដល់​ប្រជាកសិករ​នៅ​ខេត្តកំពង់ចាម​ដែល​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​។​ជាពិសេស​គឺ​ចេកអំបូង​លឿង​ដើម្បី​ឲ្យ​មាន​ការងារ​ធ្វើ​និង​ទទួលបាន​ប្រាក់ចំណូល​ច្រើន​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​។​
​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់ថា​មកដល់​ពេលនេះ​ការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​គឺមាន​ពី​បី​ទៅ​បួន​កន្លែង​ហើយ​។​

ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​នោះ​គឺ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ចាប់​ពី​ការដាំដុះ​រហូតដល់​ប្រមូល​ផល​។​លើសពីនោះ​ការ​វេច​ខ្ចប់​ក៏ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​។​បើ​មិន​ដូច្នោះ​ទេ​នឹងធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​បាត់បង់​ជំនឿ​ហើយ​ក្រោយមក​នឹងធ្វើ​ឲ្យ​យើង​បាត់បង់​ប្រាក់ចំណូល​ពី​ការនាំចេញ​ទំនិញ​នេះ​តែម្តង​៕S/

រូប​: ក្រុមហ៊ុន​ឡុង​ស្រេង​នាំចេញ​ចេកអំបូង​លឿង​ជិត​៣០០​តោន ក្រោយពី​ចំណាយ​ទុក​ជាង​ជាង​ប្រាំបី​លាន ដុល្លារ​។ សកម្មភាព​វេច​ខ្ចប់​ចេកអំបូង​លឿង​ដើម្បី​នាំចេញ​ទៅ​ប្រទេស​លើក ដំបូង​។​