​វៀតណាម​នឹងដាក់​លក់​ស្មា​ត​ហ្វូ​នទី​១​របស់ខ្លួនចំនួន៤​ម៉ូ​ដែល​នៅ​សប្តាហ៍​ក្រោយ

1385
ចែករម្លែក

​ក្រុមហ៊ុន Vingroup ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ធំជាងគេ​នៅ​វៀតណាម​ផ្អែក​តាម​តម្លៃ​ទីផ្សារ នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី ១៤ ខែធ្នូ ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​របស់ខ្លួន​ចូលទៅក្នុង​វិស័យ​បច្ចេកវិជ្ជា​និង​ឧស្សាហកម្ម​។​

​ដោយ​ធ្លាប់តែ​ជា​ក្រុមហ៊ុនចម្រុះ​ផ្តោត​តែ​លើ​អចលនទ្រព្យ​និង​ការ​លក់រាយ ឥឡូវ​ក្រុមហ៊ុន Vingroup បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ធ្នូ​ថា ខ្លួន​នឹង​ចាប់ផ្តើម​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​៤​ម៉ូ​ដែល​ក្រោម​ឈ្មោះ​ម៉ាក Vsmart ។ ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​ដំបូង​គេ​របស់​ប្រទេស​កាលពី​២​ខែ​មុន​។​

​ក្រុមហ៊ុន Vingroup នឹង​ស្វែងរក​ភាពជោគជ័យ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន ៩៥ លាន​នាក់ កន្លែង​ដែល​គូប្រជែង​តូចៗ​មិនអាច​យកឈ្នះ​ប្រជាប្រិយភាព​នៃ​ទូរស័ព្ទ​របស់ Samsung និង Apple បានទេ​។ ប្រទេស​វៀតណាម​គឺជា​មូលដ្ឋាន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន Samsung Electronics​។​

​ក្រុមហ៊ុន Vingroup បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទូរស័ព្ទ Vsmart ត្រូវបាន​ផលិត​នៅក្នុង​រោងចក្រ​របស់ខ្លួន​នៅក្នុង​ទីក្រុង​ហៃ​ហ្វុ​ង​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ដោយមាន​សមត្ថភាព​ផលិត​ទូរស័ព្ទ​បាន ៥ លាន​គ្រឿងក្នុង​មួយឆ្នាំ​នៅក្នុង​ដំណាក់កាល​ដំបូង ដោយ​បន្ថែមថា​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កាន់កាប់​ភាគហ៊ុន ៥១​ភាគរយ របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អេ​ស្ប៉ា​ញ BQ ហើយនឹង​ប្រើប្រាស់​អ្នកឯកទេស​អេ​ស្ប៉ា​ញ​សម្រាប់​ការអភិវឌ្ឍ​ការ​ផលិតផល​។​

​លោក ង្វៀន វៀត ក្វាង អនុប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Vingroup បាន​និយាយថា “​យើង​សង្ឃឹមថា​ទូរស័ព្ទ Vsmart រួមជាមួយ​រថយន្ត VinFast នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​វៀតណាម​និង​នាំយក​ម៉ាក​វៀតណាម​ទៅកាន់​ពិភពលោក​”​។​

Vingroup បាន​និយាយថា​រោងចក្រ Vsmart របស់ខ្លួន​ក៏​នឹង​ផលិត​ទូរទស្សន៍​ឆ្លាត​និង​ផលិតផល​ឆ្លាត​ដទៃទៀត​នាពេល​អនាគត​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Vsmart នឹង​ចេញលក់​នៅ​ថ្ងៃទី ១៤ ធ្នូ