ក្រុមហ៊ុន​អន្តរជាតិ​រាប់ពាន់​បើកភ្នែក​ធំៗ​ពេល​បាន​ស្គាល់​កម្ពុជា​តាមរយៈ​ពិព័រណ៍​វប្បធម៌​និង​ទេសចរណ៍​អាស៊ី​នៅ​ចិន​

1179
ចែករម្លែក

​មូល​សម្បត្តិ​/​ភ្នំពេញៈ​តាមរយៈ​ការជ្រើសរើស​កម្ពុជា​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិធី​បើក​ពិព័រណ៍​វប្បធម៌​និង​ទេសចរណ៍​អាស៊ី​(ASIANCultureandTourismExhibition)​ពី​សំណាក់​មិត្ត​ចិន​កាន់តែ​ធ្វើឱ្យ​ក្រុមហ៊ុន​ទិញ​-​លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​អន្តរជាតិ​រាប់ពាន់​ក្រុមហ៊ុន​ស្គាល់​កម្ពុជា​កាន់​ច្រើន​ពិសេស​លើ​វិស័យ​ទេសចរណ៍​និង​វប្បធម៌​។​

​ពិធី​បើក​ពិព័រណ៍​វប្បធម៌ និង​ទេសចរណ៍​អាស៊ី​នៅ​ប្រទេស​ចិន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការផ្លាស់ប្តូរ​វប្បធម៌​និង​អរិយធម៌​អាស៊ី​ឬ​AsiaCultureandCivilizationExchanges»​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦-១៨ ខែឧសភា​។​

ពិធី​បើក​ពិ​ព័រ​ណ៌​ជា​ផ្លូវការ ត្រូវបាន​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោ​កឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​។ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។ លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​ថ្នាក់ដឹកនាំ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នានា​ក្នុង​តំបន់​អាស៊ី​។​

​ពេលនោះ​លោក​ថោង​ខុន​ក៏ត្រូវ​បានផ្តល់​កិត្តិយស​ឲ្យ​ថ្លែង​សុន្ទរកថា​បើក​ពិព័រណ៍​ជា​ផ្លូវការ​អម​ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន។ ក្នុងនោះ​លោក បានឱ្យដឹងថា​ការចូលរួម​ក្នុង​ពិព័រណ៍​វប្បធម៌ និង​ទេសចរណ៍​អាស៊ី នាពេលនេះ គឺ​ដើម្បី​អបអរសាទរ​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​។ស្របតាម​ផែនការ​សកម្មភាព​២០១៩-២០២៣​ស្តីពី​ការកសាង​សហគមន៍​វាសនា​រួមគ្នា​រវាង​កម្ពុជា​-​ចិន (Action Plan on Building China-Cambodia Community of Shared Future)​។​

​គួរ​បញ្ជាក់ថា​សម្រាប់​ស្តង់​កម្ពុជា​ក្រសួងទេសចរណ៍​បានរៀបចំ​ជា​ពន្លា​ទេសចរណ៍​ដោយមាន​ការតុបតែង​បង្ហាញ​ពី​វប្បធម៌​អរិយធម៌​និង​សក្តានុពល​និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​បង្ហាញជូន​ភ្ញៀវ​ដែល​ចូលរួម​ព្រមជាមួយ​ការចូលរួម​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន​ទេសចរណ៍​ក​ក្នុងស្រុក​ចំនួន ៥​ក្រុមហ៊ុន និង​ស្ថាន​តំណាង​ទេសចរណ៍​ចំនូ​ន​១​។​

​ទន្ទឹមនឹងនោះ ក៏មាន​រៀបចំ​ការសម្តែង​សិល្បៈ​ប្រពៃណី​ជូន​ភៀវ​ទស្សនា ការ​ផ្តល់ព័ត៌មាន និង​ការធ្វើ​បទ​បង្ហាញ​ស្តីពី​វិស័យ​ទេសចរណ៍​កម្ពុជា​ជាពិសេស​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ការចែកជូន​នូវ​ឧបករណ៍​ផ្សព្វផ្សាយ​ទេសចរណ៍​នានា​ជូន​ភ្ញៀវ​ដែល​ចូលរួម​ផងដែរ​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​នេះ មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អ្នកលក់​ក្នុងស្រុក (Domestic Buyers) ចំនួន​ជាង ១.០០០​ក្រុមហ៊ុន និង​អ្នកលក់​អន្តរជាតិ (International Buyers) ប្រមាណ​២០០​ក្រុមហ៊ុន មកពី​ជាង​៣០​ប្រទេស និង​អ្នកទិញ​ចំនួន​ប្រមាណ ៥៧៥​ក្រុមហ៊ុន និង​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​រាប់សិប​ម៉ឺន​នាក់​ផ្សេងទៀត​។​

​សូមជម្រាបថា​ពិព័រណ៍​វប្បធម៌​និង​ទេសចរណ៍​អាស៊ី​ខាងលើនេះ​ត្រូវបាន​ឡើង​យ៉ាង​អធិក​អ​ធ្ម​ម​នាឱកាស​រៀបចំ​វេទិកា​ស្តីពី​អរិយធម៌​អាស៊ី​(ConferenceonDialogueofAsianCivilizations)​ដែលជា​ព្រឹត្តិការណ៍​លើកដំបូង​ដ៏​ធំ​នេះ​៕S/​