ក្រុមហ៊ុន​អរ​សាំ​បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ជាមួយ​ស្ត្រី​ចាស់ជរា ស្ត្រី​ក្រីក្រ និង ស្ត្រី​ពិការ

285
ចែករម្លែក

ដោយ:សុផល/ភ្នំពេញ ៖ ក្នុង​គោលដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​សិទ្ធិនារី ការគាំទ្រ និង ការពារ​ជីវភាព​រស់នៅ​របស់​ស្ត្រី ក៏ដូចជា​គ្រប់​ទម្រង់​នៃ​ស្ថានភាព ឋានៈ តួនាទី​ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប​បាន​សហការ​ជាមួយ​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រួមជាមួយ​អង្គការ​ខេមរា​បានរៀបចំ ពិធី​ចែក​អំណោយ​ទៅដល់ ស្ត្រី​ចាស់ជរា ស្ត្រី​ក្រីក្រ និង ស្ត្រី​ពិការ ចំនួន​៣៨​គ្រួសារ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ រាជា​ធានី​ភ្នំពេញ​។

កម្ម​វី​ធី​បាន​ត្រូវធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​ខ​ណ្ឌ និង​មានការ​អញ្ជើញ​ចូលរួម​ពី លោកស្រី សួស សូលី​ដា អនុប្រធាន​អនុសាខា​ខណ្ឌ និង​ជា​អភិបាលរងខណ្ឌ​ប្ញ​ស្សី​កែវ លោកស្រី​កុយ ផល្លា​ន្នី នាយិកា​អង្គការ​ខេមរា និង​លោកស្រី Evelyn Pek អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Awesome Global Investment Group ហៅ​កាត់​ថា AGIG ព្រមជាមួយ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមនារី​ខណ្ឌ​-​សង្កាត់​ទាំង​៧​។​

នៅក្នុង​ឱកាស​ជំនួប​ជាមួយ​ស្ត្រី​ចាស់ជរា ស្ត្រី​ក្រីក្រ និង​ស្ត្រី​ពិការ​នេះ លោកស្រី សួស សូលី​ដា អនុប្រធាន​អនុសាខា​ខណ្ឌ និង​ជា​អភិបាលរងខណ្ឌ​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែលមាន​ឱកាស​បាន​ជួបជុំគ្នា​ជាមួយ​ក្រុមហ៊ុន​អរ​សាំ​និង​អង្គការ​ខេមរា​នៅទីនេះ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១០៨​នៃ​ទិវា​នារី​អន្តរជាតិ​ដោយមាន​គោលបំណង​ដើម្បី​អបអរសាទរ​សិទ្ធិ​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាការ​ពិតណាស់​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​អោយឃើញថា​ពេលនេះ​ស្ត្រី​កម្ពុជា​រីករាយ​នឹង​សិទ្ធិសេរីភាព និង​អត្ថប្រយោជន៍​ស្មើគ្នា​ដូច​បុរស​ដែរ​”​។
​ ​

លោកស្រី Evelyn Pek អគ្គនាយករង​នៃ​ក្រុមហ៊ុន Awesome Global Investment Group បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​កិត្តិយស​ហើយ​រីករាយ​ណាស់​ដោយបាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ជាមួយ​អ្នក​ទាំងអស់គ្នា​នៅថ្ងៃនេះ​។ យោងតាម​ប្រវត្តិសាស្ត្រ ស្ត្រី​ត្រូវបាន​គេ​គាបសង្កត់​និង​មិនបាន​មាន​សិទ្ធិ​ក្នុង​ការទទួល​បានការ​អប់រំ និង ឱកាស​ការងារ​ដូច​បុរស​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ នាង​ខ្ញុំ​សូម​អបអរសាទរ​ទៅដល់​ស្ត្រី​កម្ពុជា​ទាំងអស់ ដែល​ពេលនេះ​សង្គម​របស់​យើង​បាន​ផ្តោត​សំខាន់​ដាល​ការលើក​កម្ពស់ ឧបត្ថម្ភ​គាំទ្រ គាំពារ​យ៉ាង​ពេញទំហឹង​ទៅលើ សមភាព​យេនឌ័រ សិទ្ធិសេរីភាព ជីវភាព​រស់នៅ តួនាទី ឋាន​: ពោលគឺ​គ្រប់​ទម្រង់​នៃ​ស្ថានភាព​ស្ត្រី ។

លោកស្រី​បា​នប​ន្តែ​ម​ទៀតថា គោលបំណង​សំខាន់​ក្នុងការ​ប្រារព្ធ​ពិធី​នេះ​គឺ​”​ការចងចាំ​ពី​ទុក្ខវេទនា​ដែល​ស្ត្រី​យើង​បាន​ឆ្លងកាត់​កន្លងមក ហើយ​សូម​កោតសរសើរ​ដល់​អ្វីៗ​ដែល​យើង​មាននៅ​ក្នុងពេល​បច្ចុប្បន្ន និង​ក្តីសង្ឃឹម​ដែល​ល្អ​បំផុត​នាពេល​អនាគត​”​។​

លោកស្រី​កុយ ផល្លា​ន្នី នាយិកា​អង្គការ​ខេមរា​បាន​មានប្រសាសន៍ថា “​នាង​ខ្ញុំ​ជំនួសមុខ​ឱ្យ​នារី​ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់គ្នា​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល​នេះ ជាមួយនិង​វត្តមាន​របស់​អ្នក​ទាំងអស់គ្នា​នៅថ្ងៃនេះ​។​លោកស្រី​ជឿជាក់ថា វា​ជា​ផ្នែក​មួយ​បាន​ជួយ​សម្រួល​ដល់​បន្ទុករ​បស់បង​ប្អូន​ស្រី្តៗ​មួយចំនួន​នៅក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

លោកស្រី​បាន​បន្ថែមទៀតថា ​”​នាង​ខ្ញុំ​សូម​ជូនពរ​ដល់​នារី​ទាំងអស់​អោយមាន​សុខភាព​ល្អ និង​មាន​សុភមង្គល ហើយក៏​សូម​ជូនពរ​ដល់​ក្រុមហ៊ុន អរ​សាំ​គ្លូ​ប៊​ល​អ៊ី​ន​វេស​ម៉ិ​ន​គ្រុប​អោយទទួល​បាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​”៕B/