ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត​គ្រោង​ហោះហើរ​មក​កម្ពុជា​នៅ​ឆ្នាំក្រោយ​

155

(​ភ្នំពេញ​)៖ វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែមាន​សញ្ញា​វិជ្ជមាន ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត គ្រោង​នឹង​ហោះហើរ​ត្រង់​មក​កម្ពុជា ខណៈ​អាកាសចរណ៍​ដទៃទៀត នឹង​បង្កើន​ជើងហោះហើរ​ផងដែរ ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែមាន​សញ្ញា​ល្អប្រសើរ​។​
​ ​
​លោកស្រី​ឆាយ ស៊ីវ​លីន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា​វិស័យ​ទេសចរណ៍​​នៅ​កម្ពុជា​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយសារ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​នឹង​ភ្ជាប់​ការហោះហើរ​​មកកាន់​កម្ពុជា ដូចជា​អាកាសចរណ៍​ភូមា ដែល​នឹង​ភ្ជាប់​ការហោះហើរ​ត្រង់​ពី​ទីក្រុង​បា​ហ្កា​ន មកកាន់​ខេត្តសៀមរាប អាកាសចរណ៍​ហ្វីលីពីន និង​អាកាសចរណ៍​ឥណ្ឌូនេស៊ី គ្រោង​ភ្ជាប់​ការហោះហើរ​ត្រង់​មក​កម្ពុជា​។​
​ ​
​លោកស្រី​បន្តថា ជាមួយគ្នានេះ​អាកាសចរណ៍​មួយចំនួន ក៏​បាននិងកំពុង​គ្រោង​ពង្រីក​ជើងហោះហើរ មក​កម្ពុជា​បន្ថែមទៀត​ផងដែរ ដូចជា អាកាសចរណ៍ ASIANA​របស់​កូរ៉េ និង​អាកាសចរណ៍​មកពី​ប្រទេស​ចិន​ជាដើម​។​
​ ​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងថា វិស័យ​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០១៨​មិនមាន​សញ្ញា​អវិជ្ជមាន​ណាមួយ​កើត​​មាន​នោះទេ ដោយ​ក្រសួង​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង​៦​លាន​នាក់​ខណៈ​ឆ្នាំនេះ​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេស​​ចរណ៍​អន្តរជាតិ មក​ទស្សនា​កម្ពុជា​ប្រមាណ​៥,៦​លាន​នាក់​៕​ដោយ​៖ច្រាយ ចំណាន​/sn

​អាកាសយានដ្ឋាន​កម្ពុជា