(ភ្នំពេញ)៖ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជានឹងជំរុញឲ្យមានសន្ទុះនៃកំណើនការនាំចេញតាមអាកាស ខណៈពេលដែលការនាំចេញសរុបនៃប្រទេសនេះមាន៨០ភាគរយគឺជាផលិតផលកាត់ដេរ។
ដោយយោងតាមការឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រទេសកម្ពុជាមើលឃើញការរីកលូតលាត់ជាខ្លាំងនៃការនាំចេញតាមអាកាសដល់ទៅ៣៤ភាគរយក្នុងពាក់កណ្តាលឆ្នាំ២០១៧។
លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនកម្ពុជាអ៊ែរផតបានឱ្យដឹងថាកំណើននេះគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចកម្ពុជាល្អហើយចំនួនក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចូលមកទីផ្សារច្រើន។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា៖«ការដឹកទំនិញតាមផ្លូវអាកាសកើនច្រើនឡើងៗទាំងក្នុងស្រុកនិងក្រៅប្រទេស»។
ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ កាថៃ ធ្លាប់តែជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់សេវាដឹក ជញ្ជូនទៀងទាត់តាមផ្លូវអាកាសចេញចូលប្រទេសកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិផ្តល់សេវាកម្មដូចគ្នាមិនក្រោម៧ក្រុមហ៊ុននោះទេក្នុងទីផ្សារ។ក្រុមហ៊ុនអាកាសចរណ៍ធំ ២ មកពីតំបន់មជ្ឈិមបូព៌ាក៏បោះជំហានចូលក្នុងទីផ្សារកម្ពុជាដែលកំពុងតែរីកធំនេះដែរ។
ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត បានចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃមួយឈ្មោះថា «អេមីរ៉ាត ស្កាយខាហ្គូ» កាលពីខែមេសា ឆ្នាំ២០១៦ ដែលក្រោយមកទើបមានវត្តមានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតគឺ កាតា កាលពីខែមេសា ឆ្នាំ២០១៧ នេះដែលផ្តល់សេវាកម្មដឹកជញ្ជូន ជារៀងរាល់សប្តាហ៍។ អេមីរ៉ាតស្កាយខាហ្គូ គឺជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត ដែលប្រតិបត្តិការដឹកជញ្ជូនទំនិញលំដាប់អន្តរជាតិធំជាងគេ នៅក្នុងប្រលានយន្តហោះជាច្រើននៅជុំវិញពិភពលោក។
បើទោះជាការនាំចេញផលិតផលកាត់ដេរគឺជាគោលដៅចម្បង ក្រុមហ៊ុនអេមីរ៉ាតក៏មើលឃើញឱកាសល្អៗផ្សេងទៀតចំពោះទីផ្សារផលិតផលកសិកម្មនិងជលផលដែលងាយខូចដូចជាត្រី ជាដើមដែលក្រុមហ៊ុននេះអាចដឹក ទៅកាន់ទីក្រុង ឌូបៃ។
ក្រោយពេលដែលបើកដំណើរការសេវាកម្មដឹកជញ្ជូន អេមីរ៉ាតស្កាយខាហ្គូ រួចហើយ ក្រុមហ៊ុនយក្សមួយនេះក៏បានដាក់សម្ភោធជើងហោះហើរថ្មីប្រចាំថ្ងៃមួយនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលនឹងតភ្ជាប់ប្រទេសកម្ពុជា និងឌូបៃដោយចុះសំចតរយៈពេលខ្លីនៅទីក្រុង យ៉ង់ហ្គោន ប្រទេសមីយ៉ាន់ម៉ា៕ដោយៈសុផល/sn