ក្រុមហ៊ុន​អាម៉េរិក​១៦​ស្វែងរក​ឱកាស​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា​ មិន​ខ្វល់​ពី​នយោបាយ​និង​EBA

199
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ គណៈប្រតិភូ​មួយក្រុម​ដែលជា​តំណាង​របស់​ក្រុមហ៊ុន​អាម៉េរិក​ចំនួន​១៦​ មាន ក្រុមហ៊ុន Amazon , John Deer , IBM , ក្រុមប្រឹក្សា​ធញ្ញជាតិ​អាម៉េរិក និង ក្រុមហ៊ុន​វិស្វកម្ម Sripipat ជាដើម​ កំពុង​ជួប​ពិភាក្សាគ្នា​នៅក្នុង​សន្និសីទមួយនា​ថ្ងៃទី ៦-៧ ខែ កុម្ភៈ ឆ្នាំ ២០២០​នេះ នៅ​សណ្ឋាគារ Roserwood​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ឈ្វេងយល់​ពី​និន្នាការ​ចុងក្រោយ​បំផុត​ក្នុង​វិស័យ​កសិកម្ម​ដែល​រួមមាន​បច្ចេកវិទ្យា​សន្តិសុខ​ជីវចម្រុះ​និង​សុវត្ថិភាព​ស្បៀងអាហារ​ដើម្បី​រក​ឱកាស​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។​

ថ្លែង​បើក​សន្និសីទ​ដ៏​មាន​សារសំខាន់​នេះ​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ជម្រាបជូន​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ថា ក្នុង​ឆ្នាំ ២០១៩ កម្ពុជាមាន​ប្រជាពលរដ្ឋ ១៥,៣ លាន​នាក់ ដោយ ៧៨ ភាគរយ​គឺជា​អ្នករស់នៅ​តាម​តំបន់​ជនបទ ​ហើយ​និរន្តរភាព​នៃ​ជីវភាព​របស់​ពួកគាត់​ពឹង​លើ​វិស័យ​កសិកម្ម ហើយ ៦៦ ភាគរយ គឺជា​ក្រុមមនុស្ស​ស្ថិតក្នុង​វ័យ​ផលិតភាព ។

​វិស័យ​កសិកម្ម​បាន​ដើរតួនាទី​១​ភាគ​៣​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជា​ដោយបាន​ផ្តល់​ការងារ​៤០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប ។​ដំណាំ​កសិកម្ម​ដែលមាន​សក្តានុពល​នៅ​កម្ពុជា មានដូចជា ស្រូវ សណ្តែកបាយ ពោត បន្លែ កៅស៊ូ បសុសត្វ នេសាទ ស្វាយ ស្ករត្នោត ស្ករអំពៅ និង ម្រេច ជាដើម ។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក​W.PatrickMurphy​បានលើកឡើង​អំពី​ឱកាស​ដ៏​ល្អ​ក្នុង​ការធ្វើ​កសិក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង អាម៉េរិក ថា កសិផល​នៅ​កម្ពុជា ដូចជា​ស្រូវ ស្វាយ និង ក្រូច​ទ្រើង (​ផ្លែ​ប៉ា​ស្យុ​ង​)​ជាដើម​។​គឺជា​អ្វីដែល​ប្រជាជន​អាម៉េរិក​ចូលចិត្ត​និង​ត្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ​ហើយ​នៅពេល​សួរ​អំពី​ដំណើរការ​សវនាការ​ក​រណ​លោក​កឹម​សុខា​ លោក​Murphy​បាន​បដិសេធ​ឆ្លើយ​ដោយ​លោក​គ្រាន់តែ​ប្រាប់ថា​ ទីនេះ​យើង​និយាយ​តែ​អំពី​ការធ្វើ​ពាណិជ្ជកម្ម ​វិស័យ​កសិក​ម្ម​ជាមួយគ្នា​តែប៉ុណ្ណោះ ។​

​អ្នក​ជំ​ជួញ​អាម៉េរិក​មិន​ខ្វល់​រឿង​នយោបាយ​និង​EBA​ នៅពេល​សួរថា​“​ខណៈដែល​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ថា សហភាព​អឺរ៉ុប នឹង​ដក EBA(​ការលើកលែង​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​​នាំចូល​ពី​កម្ពុជា ទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប លើកលែងតែ​សព្វាវុធ ) ពី​កម្ពុជាដែរ ឬ យ៉ាងណា​នោះ តើ​ពាណិជ្ជករ​អាម៉េរិក យល់ឃើញ​យ៉ាងណា ? “ លោក​អា​ឡែ​ន​ឌីតាន់​ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាម៉េរិក​-​កម្ពុជា​ហៅ​កាត់​ថា​AMCAM​បាន​ឆ្លើយថា​“​ពួកយើង​មិនមែនជា​សភាព​ពាណិជ្ជក​ម្ម​សហភាព​អឺរ៉ុប​ទេ ​ហេតុនេះ​ពួកយើង​ក៏​មិន​អាចធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ​ហើយ​ពួកយើង​មិនមែនជា​អ្នកនយោបាយ​ដែរ​ ហេតុនេះ​អ្វីដែល​ពួកយើង​គិតគូរ​យកចិត្តទុកដាក់​គឺ​ឱកាស​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ “ ។​

​លោក​អា​ឡែ​ន​ឌីតាន់​បន្ថែមថា ​កម្ពុ​ជាមាន​ដី​ដែលមាន​ជីជាតិ​ល្អ​អាច​ដាំ​ដំណាំ​កសិកម្ម​បាន​ច្រើន​ប្រភេទ​ដែល​ប្រជាជន​អាម៉េរិក​ត្រូវការ​និង​ចូលចិត្ត ​គ្រាន់តែ​ថា​កន្លងមក​កម្ពុជា​មិនទាន់បាន​ប្រើប្រាស់​ដី​ទាំងនោះ​ឱ្យអស់​សក្តានុពល ហេតុនេះ​តំណាង​ក្រុមហ៊ុន​អាម៉េរិក​ដែល​មកដល់​កម្ពុជានាពេលនេះ គឺ​មក​ក្នុង​គោលបំណង​នាំយក​បច្ចេកវិជ្ជា​ទំនើប​ គឺមាន​បំណង​ស្វែងរក​ការធ្វើ​កសិពាណិជ្ជកម្ម​បែប​ទំនើប ដែល​នឹង​ធ្វើឱ្យ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា មាន​ទិន្នផល​កាន់តែ​ខ្ពស់ គុណភាព​កាន់តែ​ល្អ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​និង​លក់បាន​ថ្លៃ​ជាង​អ្វី​ដែលមាន​កន្លងមក​គឺ​ពួកយើង​កំពុង​ស្វែងរក​ការធ្វើការ​ជាមួយ​កសិករ​កម្ពុជា​ដូចជា​ការបណ្តុះបណ្តាល​ជំនាញ​ផ្តល់ព័ត៌មាន​បច្ចេកទេស​កសិកម្ម​ទំនើប​ជាដើម ។​

សូមជម្រាបថា ​គិត​ត្រឹម​ពី​ឆ្នាំ​២០១៥​មក ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អាម៉េរិក​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដោយមាន​ទំហំ ៣.៤១៦,៤ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៥ មកដល់ ៥.៤៤៥,៨ លាន​ដុល្លារ​នា​ឆ្នាំ ២០១៩ ។​ក្នុងនោះ កម្ពុជា​នាំ​ទំនិញ​ទៅ​អាម៉េរិក​មានដូចជា​វិស័យ​វាយ​ន​ភណ្ឌ និង អង្ករ​ជាដើម សរុប​ទឹកប្រាក់ ៤.៩៦១,៧ លាន​ដុល្លារ​ ចំណែក​អាម៉េរិក​នាំ​ចូលមក​កម្ពុជា​មានដូចជា​រថយន្ត​គ្រឿងចក្រ និង បរិក្ខារ​ពេទ្យ​ជាដើម​ សរុប​ទឹកប្រាក់ ៤៨៤,១ លាន​ដុល្លារ ៕S/Ha

-​ចំណងជើង​រូបៈលោក​ប៉ាន ​សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថ្លែង​បើក​សន្និសីទ​ពិភាក្សា​ក្នុងការ​ស្វែងរក​ឱកាស​ធ្វើ​កសិពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាមេរិក នៅ​កម្ពុជា