ក្រុមហ៊ុន​អ៊ីស្រាអែល​បង្ហាញ​រថពាសដែក Mantis ធុន​ស្រាល​សម្រាប់​អនាគត​

1922
ចែករម្លែក

​ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​បានបង្ហាញ​រថពាសដែក​ធុន​ស្រាល​មួយ ដែល​ពួក​អ្នក​អង្កេត​តាមដាន​និយាយថា អ្នក​ត្រូវតែ​មក​មើល​ផ្ទាល់​ទើប​ជឿ​។​

​លោក អ៊ី​តាន ហ្សា​អ៊ី​ត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Carmor Integrated Vehicle Solutions បាន​និយាយថា “​រថពាសដែក​ថ្មីៗ​ទាំងនេះ​ផ្តល់នូវ​ដំណោះស្រាយ​និង​សមត្ថភាព​ជាច្រើន​ជាមួយនឹង​ការ​រចនា​ម៉ូត​តូច​ល្អិត​ល្មម ដែល​មិនមាន​នៅក្នុង​ប្រភេទ​រថពាសដែក​ធុន​ស្រាល​ដទៃទៀត​នោះឡើយ​”​។​

​រថពាសដែក​ឈ្មោះ Mantis នេះ មាន​ស្រទាប់​ការពារ​ជាច្រើន​តង់​ដើម្បី​ការពារ​ខ្លួន​វា និង​ការពារ​អ្នកជិះ​នៅ​ខាងក្នុង​ពី​ការគំរាមកំហែង​ផ្សេងៗ​ដូចជា ការផ្ទុះ​គ្រាប់បែក គ្រឿង​រំសេវ នុយក្លេអ៊ែរ និង គីមី​ជីវសាស្ត្រ​។​

​យោងតាម​លោក​ហ្សា​អ៊ី​ត ដែល​បាន​ប្រាប់​សារព័ត៌មាន Ynet News បានឱ្យដឹងថា ការផលិត​រថពាសដែក ដែលមាន​លក្ខណៈពិសេស​ខុសប្លែក​ពី​រថពាសដែក​ធំកា​ម៉ាងៗ​ដទៃទៀត គឺមាន​សារៈសំខាន់​ណាស់ ក្នុងការ​ធ្វើឱ្យ Mantis មានឈ្មោះ​បោះ​សំឡេង​។​

​រថពាសដែក Mantis អាច​កំណត់​សម្រាប់​ដឹក​មនុស្ស ៣ នាក់ ៥ នាក់ ឬ ៨ នាក់​ក៏បាន​ដែរ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​។​

​រថពាសដែក​នេះ​អាច​រ៉ាប់រង​បេសកកម្ម​ពេលយប់​បាន មាន​ប្រព័ន្ធ​ឃ្លាំមើល​ទំនើប និង មាន​កន្លែង​សម្រាប់​បំពាក់​ជើង​ទម្រ​បាញ់​មី​ស៊ី​ល កាំភ្លើងត្បាល់ ឬ កាំភ្លើង​ធុន​ធ្ងន់​ដទៃទៀត​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន ដែល​និយាយថា រថពាសដែក​នេះ “​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​បំពេញបេសកកម្ម​តាម​តម្រូវការ​គ្រប់​វិស័យ​”៕ ដោយ៖ កញ្ញាដាលីស

រថពាសដែក Mantis
#