ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចែក​ទឹកបរិសុទ្ធ​កម្ពុជា​១​ម៉ឺន​កេស ​ជូន​ប្រជាពលរដ្ឋ​កំពុង​ជួប ប្រទះ​កង្វះ​ទឹកស្អាត​ក្នុង​ខេត្តតាកែវ​

339
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១០០០០​កេស​ដល់​ប្រជាពលរដ្ឋ ចំនួន​២៥០០​គ្រួសារ​ដែល​កំពុង​ខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន និង​ប្រើប្រាស់ មកពី​ឃុំ អង្គ​កែវ ឃុំ​ប្រាំបី​មុំ និង​ឃុំ​អន្លុង ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ ។​

​លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​មានប្រសាសន៍ថា ការចែក​ទឹកស្អាត​នេះ គឺ​ជា​ការ​ប្ដេ​​ជ្ញា​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​ខ្មែរ​១០០% ក្នុងការ​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរខេត្ត និង​មូលដ្ឋាន ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ប្រឈម​តាមមូលដ្ឋាន​ទូទាំងប្រទេស ។​

​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ ។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន បាន​នាំយក​ទឹកបរិសុទ្ធ​ចំនួន ១០០០០​កេស និង​ទឹកស្អាត​ចែកជូន​ដល់ ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​កង្វះ​ទឹកស្អាត​ក្នុង​ឃុំ​ម្សាក្រង ខេត្តកំពង់ធំ ។​

​កន្លងមក​ក្រុមហ៊ុន ក៏បាន​នាំយក​ទឹកស្អាត និង​ទឹក​ពិសា​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅខេត្តកំពត ខេត្តកំពង់ស្ពឺ​ កាលពី​ឆ្នាំ​២០១៦ និង​ខេត្តក្រចេះ​នៅ​ឆ្នាំ​២០១៨ នៅពេលដែលប្រជាពលរដ្ឋ​ជួបប្រទះ​កង្វះ​ទឹកស្អាត​ម្ដងៗ ៕ /Ha