ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង ប្រមាណ​ជាង​៣០០ នឹង​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា

365

(​ប៉ារីស )៖​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ នៅឯ​វិមាន​ព្រឹទ្ធសភា​នៃ​ប្រទេស​បារាំង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​កម្ពុជា ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ចូលជួប​ពិភាក្សា​ជាមួយ លោក Jean-Pierre RAFFARIN ប្រធាន​មូលនិធិ FPI (Fondation Prospective Innovation) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​បារាំង និង​ជា​សមាជិកសភា​កិ​ត្ត​យស​នៃ​ប្រទេស​បារាំង​។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ដល់ លោក Jean-Pierre RAFFARIN ដែល​បានផ្តល់​កិត្តិយស​អញ្ជើញ​កម្ពុជា និង​ស្វាគមន៍​គណៈប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ​ក្នុងជំនួប​ដ៏​មាន​សារៈសំខាន់​នោះ​។​

​នៅ​ចំពោះមុខ​អ្នកការទូត​ជាច្រើនរូប ប្រធាន​សមាគម​ពាក់ព័ន្ធ​នឹង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មកពី ប្រទេស​ផ្សេងៗ អ្នកបញ្ជា​ទិញ​ធំៗ (BUYER) និង​តំណាង​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ MESSE FRANKFURT ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​ប្រាកដនិយម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ សំដៅ​បង្ក​បរិយាកាស​ធុរកិច្ច​ដ៏​ល្អប្រសើរ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគ និង​ធ្វើ​ធុរកិច្ច​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ប្រាប់​អ្នកការទូត ក៏ដូចជា​ភ្ញៀវកិត្តិយស​ទាំងអស់​ផងដែរ អំពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​បារាំង​កន្លងមករ​ហូ​ត​មកដល់​ពេល​នះ ជាពិសេស​ផ្នែក​ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​ក្នុងនោះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ប្រព័ន្ធ​អនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែល​បាន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ (​លើកលែងតែ​អាវុធ​) ទៅកាន់​សហគម​អឺរ៉ុប ដោយ​មិន​ជាប់ពន្ធ និង​កាតព្វកិច្ច​ផ្សេងៗ​ឡើយ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​ភាគី​បារាំង ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ជាពិសេស​បាន​ជំរុញ​ភាគី​បារាំង ឱ្យមកធ្វើ​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​ទៅលើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផល​កសិកម្ម និង​ផលិតផល​សក្តានុពល​ជាច្រើន​ទៀត​។​

​ថ្លែង​សុន្ទរកថា​ក្នុងឱកាស​នោះ លោក Jean-Pierre RAFFARIN បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ថា​កម្ពុជា​ពិត​ជាមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ មាន​ធនធានធម្មជាតិ​សម្បូរ​ណ៍​បែប និង​មាន​ទីតាំង​អំណោយផល​សម្រាប់​ធានា​ដល់​ការធ្វើ​វិនិយោគ​យូរអង្វែង​ផងដែរ​។ លើសពីនេះទៅទៀត តាមរយៈ​មូល​នី​ធី FPI (Fondation Prospective Innovation) នៃ​ប្រទេស​បារាំង លោក Jean-Pierre RAFFARIN នឹង​ប្រមែប្រមូល​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​បារាំង​ប្រមាណ​ជាង​៣០០ មក​សិក្សា​ពី​លទ្ធភាព​វិនិយោគ និង​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន និង​សហគ្រាស ឯកជន​ទាំងនោះ នឹង​ទៅ​កម្ពុជា ដើម្បី​បើក​ក្រុមហ៊ុន និង​វិនិយោគ​លើ​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​៕​អត្ថ​ទ​៖​ក្រសួង​/sn