ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ទទួលបាន​ពានរង្វាន់​កិត្តិយស​លំដាប់​អន្តរជាតិ​ចំនួន​ពីរ​

818
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី ១៧ ខែមិថុនា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ទទួលបាន​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​ប្រចាំឆ្នាំ និង​ពានរង្វាន់​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ប្រចាំឆ្នាំ ពី​ស្ថាប័ន Asia Pacific Customer Service Consortium​។ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ពានរង្វាន់​នេះ​ក្នុង​ប្រ​វត្ថិ​សាស្ត្រ​របស់​ស្ថាប័ន APCSC ជិត ២០ ឆ្នាំ​មកនេះ​។ APCSC គឺជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​លើកកម្ពស់​ផ្នែក​ទំនាក់ទំនង​អតិថិជន ក្នុង​បណ្តា​ក្រុមហ៊ុន​នានា​នៅក្នុង​តំបន់​។​

​ពានរង្វាន់​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​ប្រចាំឆ្នាំ បង្ហាញឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក និង​ទីប្រឹក្សា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក្នុង​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ជាង​មុន​មួយ​សម្រាប់​គ្រួសារ​កម្ពុជា​តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ការពារ​ហិរញ្ញវត្ថុ​របស់ខ្លួន​។ ពានរង្វាន់​ទី ២ ដែលជា​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​ប្រចាំឆ្នាំ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​គាំទ្រ​ដល់​សហគមន៍​ក្នុងស្រុក​តាមរយៈ​ការឧបត្ថម្ភ និង​សកម្មភាព​សង្គម​របស់​ក្រុមហ៊ុន​ដែល​ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១២ ។

​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ មាន​គោលដៅ​ជួយ​ដល់​ប្រជាជន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្តី​សុបិន និង​បំណងប្រាថ្នា​របស់​ពួកគេ នេះ​ជា​មូលហេតុ​ដែល​យើង​តែងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ និង​លើកស្ទួយ​ដល់​សហគមន៍​។ យើង​មាន​មោទនភាព​ខ្លាំងណាស់​ដែល​យើង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដ៏​មាន​អស្ចារ្យ​នេះ​។​» លោក​បាន​បន្ថែមថា​៖ «​យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បានឈ្នះ​ពានរង្វាន់​ទាំងពីរ​នេះ​។ ភាពជោគជ័យ​នេះ​លាតត្រដាង​ឲ្យ​ឃើញថា យើង​កំពុង​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ហើយ​ភាពជោគជ័យ​នេះ​នឹង​កាន់តែ​លើកទឹកចិត្ត​ឱ្យ​យើង​នៅតែ​បន្ត​ផ្តល់ជូន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​កម្ពុជា​ជាច្រើន​ទៀត ក៏ដូចជា​បន្ត​វិនិយោគ​នៅក្នុង​សកម្មភាព​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​» ។​

​លោក Jason Chu ប្រធាន​ស្ថាប័ន APCSC បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ដែល​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ផ្នែក​ទំនាក់ទំនង​អតិថិជន​ដ៏​ល្អឥតខ្ចោះ ។ ភាពជា​អ្នកដឹកនាំ​ផ្នែក​អតិថិ​ជននេះ គឺជា​ដំណើរ​ចំណង​ទំនាក់ទំនង​មួយ​។ អ្នកដឹកនាំ​ផ្នែក​ទំនាក់ទំនង​អតិថិជន​ទាំងអស់​កសាង​ទំនុកចិត្ត អនុវត្តតាម​ការសន្យា​របស់ខ្លួន ពង្រឹង​កិច្ចសហការ​ជា​ក្រុម ហើយ​កសាង​ទំនាក់ទំនង​ប្រកបដោយ​ទំនុកចិត្ត​យ៉ាង​ស៊ីជម្រៅ​ជាមួយ​អតិថិជន និង​បុគ្គលិក​របស់​យើង​។ អ្នកដឹកនាំ​ផ្នែក​ទំនាក់ទំនង​អតិថិជន គឺជា​អ្នកដឹកនាំ​នូវ​សកម្មភាព​បរិស្ថាន និង​សង្គម ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ជា​វិជ្ជមាន​ដល់​សហគមន៍ និង​ជនក្រីក្រ​។ យើង​ទន្ទឹងរង់ចាំ​មើល​នូវ​សមិទ្ធិផល និង​ការច្នៃប្រឌិត​ថ្មីៗ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ដើម្បី​ធ្វើ​ឲ្យ​បទពិសោធ​ន៏​របស់​អតិថិជន​កាន់តែ​ប្រសើរឡើង និង​កសាង​ទំនាក់ទំនង​អតិថិជន ឲ្យ​កាន់តែ​រឹងមាំ​នៅក្នុង​ឆ្នាំ​ខាងមុខ​» ។​

​ជា​រៀងរាល់ឆ្នាំ ពានរង្វាន់​ផ្នែក​ទំនាក់ទំនង​អតិថិជន​ដ៏​ល្អឥតខ្ចោះ តែងតែ​ទទួលស្គាល់​អ្នកដឹកនាំ​នៅ​ក្នុង​វិស័យ​នានា និង​បុគ្គល​ឆ្នើម សម្រាប់​ការច្នៃប្រឌិត​សេវាកម្ម​ដែល​យក​អតិថិជន​ជា​គោល​ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដែល​ប្រកបដោយ​គុណភាព​ទៅកាន់​អតិថិជន​។ អ្នក​ដែល​ចូលរួម​ទាំងអស់​អញ្ជើញ​មកពី​វិស័យ​ផ្សេងៗ​គ្នា​ក្នុង​លំដាប់​អន្តរជាតិ​ដោយ​ពួកគេ​បង្ហាញ​ពី​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួកគេ ការអនុវត្ត​ដ៏​ល្អ​បំផុត​និង​ភាពជា​អ្នកដឹកនាំ​ផ្នែក​ទំនាក់ទំនង​អតិថិជន​ដ៏​ល្អឥតខ្ចោះ​៕