ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​កម្ពុជា​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ឌីជីថល

268
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ​ ៖ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវា កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា ក្នុង ព្រឹត្តិការណ៍​ឌីជីថល​កម្ពុជា ២០១៩ បានបង្ហាញ​ពី​ការ ប្តេជ្ញាចិត្ត និង​គោលជំហរ​យ៉ាងច្បាស់​លាស់​ក្នុងការ​ចូលរួម ជាមួយនឹង​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​ដើម្បី​ជួយ​ឲ្យ​ប្រទេសមួយ​នេះ​សម្រេចបាន​នូវ​គោលដៅ​ឌីជីថល​របស់ខ្លួន​។​

នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ និង​មិន​ធ្លាប់មាន​ពីមុនមក​នោះ នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ​នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប លោក Phillip Wong បាន​ថ្លែងថា «edotco ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ការវិនិយោគទុន​នៅ​តំបន់​អាស៊ី ហើយ​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ដ៏ រឹងមាំ​ក្នុង​ការជួយ​កសាង​ប្រទេសជាតិ​លើ​វិស័យ​ទូរគមនាគមន៍​។ យើង​បាន​គាំទ្រ​ដល់​ចក្ខុវិស័យ ICT ឆ្នាំ ២០២០ របស់​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ច​ប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដល់​អតិថិជន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​រួម​នៅក្នុង​ប្រទេស​ហើយក៏​ខិតខំ​រិះរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែលមាន​នៅក្នុង​វិស័យនេះ​ផងដែរ​»​។​

លោក​បាន​គូសបញ្ជាក់ថា​«​យើង​ប្តេជ្ញា​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​រដ្ឋាភិបាល និង​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត ដើម្បី​នាំយកមក​នូវ​បច្ចេកវិទ្យា​ជំនាន់​ថ្មី សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​។ ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រព័ន្ធ ecosystem គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​»​។​

លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសា​ស ន៍​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្ពុជា​នឹងមាន​បណ្តាញ​សេវា​គ្របដណ្តប់ ១០០​ភាគរយ នៅ​តំបន់​ប្រជុំជន និង ៧០​ភាគរយ នៅ​តំបន់​ជនបទ (​បណ្តាញ​អ៊ីនធឺណិត ៨០​ភាគរយ​) នា​ឆ្នាំ ២០២០​ខាងមុខ​ហើយ​ការសហការ​គ្នា​និង​ការចូលរួម​យ៉ាងសកម្ម និង​ជិតស្និទ្ធ​ពី​សំណាក់​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ជំនាញ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានាថា​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ត្រឹមត្រូវ​ដើម្បី​សម្រេចបាន​គោលដៅ​ដ៏​ធំ​មួយ​នេះ​»​។

លោក ហ្វី​លី​ព បាន​អះអាងថា​«​តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់ edotco ក្នុងការ​នាំមក​នូវ​ការតភ្ជាប់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ វា​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការគាំទ្រ​ចំពោះ​ចក្ខុវិស័យ ICT​របស់​ប្រទេស​កម្ពុជា​។​យើង​នៅតែ​បន្ត​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ពង្រីក​បណ្តាញ​គ្របដណ្តប់ តាមរយៈ​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​លក្ខណៈពិសេស និង​ល្អ ឥតខ្ចោះ​ដែល​នឹង​បំពេញបាន​នូវ​តម្រូវការ​នៃ​ការតភ្ជាប់​បណ្តាញ​មួយ​ដ៏​ជាក់លាក់​»​។

សម្រាប់​ជំហាន​ទៅ​មុខជា​បន្ត បន្ទាប់​ទៀត ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​យើង នឹង​បន្ត​ផ្តោតលើ​ការកាត់បន្ថយ​កាបូន​ហើយ​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ដើម្បី​ជួយ​សម្រួល​ដល់​ផែនការ​យុទ្ធសាស្ត្រ ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ដូចជា​ប្រព័ន្ធ small cells ប្រព័ន្ធ IBS និង​ដំណោះស្រាយ​សម្រាប់​ទីក្រុង​ឆ្លាត​វៃ​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​កម្ពុជា​ចំពោះ​បច្ចេកវិទ្យា 4G, 4.5G និង 5G »​។​

វេទិកា​ឌីជីថល​កម្ពុជា ២០១៩ រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ហើយ​ក្រុមហ៊ុន edotco ជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​ធំ​មួយ​នៅក្នុង​ព្រឹត្តិការណ៍ នេះ ដែល ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់ទី​១៧ ខែមីនា​។​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ជំហាន​ថ្មី​មួយ​ឆ្ពោះទៅរក​ការរៀបចំ​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​សក្តានុពល និង​កំណើន​នៃ​អាជីវកម្ម​បច្ចេកវិទ្យា​ក្នុងស្រុក ក៏ដូចជា​បង្កើត​បណ្តាញ​ទំនាក់ទំនង និង​បណ្តាញ​អ៊ីនធឺណិត​ផងដែរ​។

វេទិកា​នេះ​បាន​ត្រូវគេ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ ២​ម៉ឺន​នាក់​មកពី​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​(startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​៕B/