ក្រុមហ៊ុន Airbus ទទួល​ការបញ្ជាទិញ​ថ្មី​តម្លៃ ៣០ ពាន់​លាន​ដុល្លារ​នៅ​ពិព័រណ៍​យន្តហោះ​ឌូ​បៃ​

157
ចែករម្លែក

​ក្រុមហ៊ុន Airbus បានទទួល​ការបញ្ជាទិញ​យន្តហោះ​ថ្មី​តម្លៃ ៣០ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃទី​២​នៃ​ពិព័រណ៍​យន្តហោះ​ឌូ​បៃ បន្ទាប់ពី​ការតាំងពិព័រណ៍​រាល់​ពីរ​ឆ្នាំ​ម្តងនេះ​កាលពី​លើក​មុន​ឃើញ​គូប្រជែង​របស់ខ្លួន​គឺ​ក្រុមហ៊ុន Boeing ទទួលបាន​ចំណែក​ជាច្រើន​ពី​កិច្ចព្រមព្រៀង​បែបនេះ​។​

​កិច្ចព្រមព្រៀង​ធំ​បំផុត​នេះ​គឺ​កើតចេញពី​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​នៅ​មជ្ឈិមបូព៌ា​គឺ​ក្រុមហ៊ុន Emirates ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ ដែល​បានប្រកាសថា​ខ្លួន​នឹង​ទិញ​យន្តហោះ​ធំ Airbus A350 ចំនួន ២០ បន្ថែមទៀត ដោយ​នាំឱ្យ​ការបញ្ជាទិញ​សរុប​របស់ខ្លួន​សម្រាប់​យន្តហោះ​នេះ​មាន​ចំនួន ៥០ គ្រឿងក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​។ ការដឹកជញ្ជូន​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៣​។​

​នៅក្នុង​សេចក្តីប្រកាស​ដ៏​ធំ​មួយទៀត​សម្រាប់​ក្រុមហ៊ុន Airbus ក្រុមហ៊ុន​អាកាសចរណ៍​ធូរ​ថ្លៃ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​មួយទៀត​គឺ Air Arabia បាន​និយាយថា ខ្លួន​នឹង​ទិញ​យន្តហោះ​ថ្មី​ចំនួន ១២០ គ្រឿង​នៅក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ១៤ ពាន់​លាន​ដុល្លារ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដែល​ធ្វើ​ប្រតិបត្តិការ​ជា​ចម្បង​ចេញពី​ទីក្រុង​សា​រ៉ា​ច គឺ​ប្រើប្រាស់​តែ​យន្តហោះ​របស់ Airbus សុទ្ធ​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​រួមបញ្ចូល​យន្តហោះ​ធុន 73 A320neos, 27 A321neos និង 20 A321 XLRs ដោយ​ការដឹកជញ្ជូន​លើកដំបូង​នឹងធ្វើ​នៅ​ឆ្នាំ ២០២៤​។​

​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន Boeing បាន​ប្រើការ​បង្ហាញ​មុខជា​សាធារណៈ​របស់​នាយក​ប្រតិបត្តិ​របស់ខ្លួន​នៅ​ពិព័រណ៍​នេះ​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​សុវត្ថិភាព​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ចំនួន ២ បានសម្លាប់​មនុស្ស​ជិត ៣៥០ នាក់ ក្រោយពី​បាន​ហោះ​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែតុលា​ឆ្នាំមុន​និង​ពី​ប្រទេស​អេ​ត្យូ​ពី​នៅ​ខែមីនា​។ ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ Boeing ដើរតួ​សំខាន់​ក្នុងការ​រុញ​ច្រមុះ​យន្តហោះ​ចុះក្រោម​រហូតដល់​យន្ដហោះ​ធ្លាក់​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Airbus លោក ហ្គី​ល​លូ​ម ហ្វូ​រី ចាប់ដៃ​ជាមួយ​លោក​អាល់ ម៉ាក​ទុម នាយក​ក្រុមហ៊ុន Emirates