ក្រុមហ៊ុន Airbus បង្ហាញ​យន្តហោះ​ដឹកទំនិញ​ដ៏​ចម្លែក រាង​ដូច​ត្រី​បា​ឡែ​ន​យក្ស​

1650
ចែករម្លែក
  • 40
    Shares

​យន្តហោះ​ដឹកទំនិញ “BelugaXL” ថ្មី​របស់​ក្រុមហ៊ុន Airbus បានធ្វើការ​ហោះហើរ​សាក​ល្បង​ជា​លើកដំបូង​។​

​យន្តហោះ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​នេះ​បាន​ហោះ​ឡើងលើ​មេឃ​នៅ​អាកាសយានដ្ឋាន Toulouse-Blagnac កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា​។​

​ការហោះហើរ​នេះ​បានធ្វើ​ឱ្យមាន​ការអបអ​រ​សាទរ​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​ទស្សនិកជន​ជាង​១០.០០០​នាក់​ដែល​ភាគច្រើន​ជា​បុគ្គលិក​និង​អ្នកម៉ៅការ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​នានា​របស់​អឺរ៉ុប​។​

​យន្តហោះ​ម៉ូ​ដែល​ថ្មី BelugaXL មាន​ប្រវែង​បណ្តោយ​វែង​ជាង ៦ ម៉ែត្រ​និង​ទទឹង​វែង​ជាង ១ ម៉ែត្រ​ធៀប​ទៅនឹង​យន្តហោះ​ស៊េរី​ចាស់ BelugaST ដែល​វា​នឹង​ចូលមក​ជំនួស​។ វា​ក៏​អាច​ផ្ទុក​ទម្ងន់​លើសពី ៦ តោន​ផងដែរ​។​

​ភ្នែក​និង​ក្បាល​យន្តហោះ​នេះ​មើលទៅ​គឺ​ស្រដៀង​នឹង​ត្រី​បា​ឡែ​ន​យក្ស​។ មុននឹង​ចេញ​ម៉ូត​បែបនេះ បុគ្គលិក​ក្រុមហ៊ុន Airbus ត្រូវបាន​ស្នើឱ្យ​បោះឆ្នោត​សម្រាប់​ម៉ូត​នេះ​ផងដែរ ជាមួយ​សំឡេងឆ្នោត ៤០ ភាគរយ​គាំទ្រ​ម៉ូត​មួយ​ហ្នឹង​។

​ក្រុមហ៊ុន Airbus និយាយថា យន្តហោះ BelugaXL នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការហោះហើរ​ខាង​ពាណិជ្ជកម្ម​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ដឹកទំនិញ BelugaXL