ក្រុមហ៊ុន Alibaba បង្ហាញ​មនុស្ស​យន្ត “Space Egg” ដើម្បី​បម្រើការ​នៅតាម​សណ្ឋាគារ​

1623
ចែករម្លែក

​ក្រុមហ៊ុន Alibaba នឹងដាក់​ពង្រាយ​មនុស្ស​យន្ត​ឱ្យ​ផ្តល់​សេវា​បម្រើ​តាម​បន្ទប់​នៅ​សណ្ឋាគារ​។​

​មន្ទីរពិសោធន៍ A.I. Labs របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​នេះ​បានដាក់​បង្ហាញ​មនុស្ស​យន្ត​ឈ្មោះ Space Egg ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា​ប្រាជ្ញា​សិប្បនិម្មិត (AI) ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវ​។​

​វា​អាច​លើក​ម្ហូបអាហារ​ឬ​បោក​ខោអាវ​និង​ថែមទាំង​ស្គាល់​ការបញ្ជា​ដោយ​សំឡេង​ទៀតផង ដោយសារ​ជំនួយការ​សំឡេង​របស់​ក្រុមហ៊ុន Alibaba គឺ Tmall Genie ។​

​មនុស្ស​យន្ត Space Egg មាន​កម្ពស់​ត្រឹមតែ ១ ម៉ែត្រ​ប៉ុណ្ណោះ និង ដើរ​ក្នុង​ល្បឿន​ត្រឹមតែ ៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​នៅពេលណា​ដែល​ភ្ញៀវ​ធ្វើការ​បញ្ជា ដោយ​ប្រើប្រាស់ Tmall Genie នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ នោះ​មនុស្ស​យន្ត​អាលុយមីញ៉ូម​នេះ​នឹង​ទៅ​ប្រមូលយក​អាហារ​ឬ​វត្ថុ​ផ្សេងៗ​ពី​បុគ្គលិក​ឬ​កន្លែង​ទុកដាក់​អាហារ រួច​បញ្ជូន​វា​ទៅ​ភ្ញៀវ​។​

​មនុស្ស​យន្ត​នេះ​ប្រើប្រាស់​ឡាស៊ែរ​និង​ឧបករណ៍​ចាប់​សញ្ញា​រ៉ា​ដា​ដើម្បី​ដើរ​សព្វ​សណ្ឋាគារ​ដោយ​ស្វ័យប្រវត្តិ ដោយ​ចៀសវាង​ការប៉ះទង្គិច​អ្វីមួយ​ឬ​ឧបសគ្គ​ណាមួយ ដោយសារ​ផែនទី​បំពាក់​ក្នុង​ខួរក្បាល​សិប្បនិម្មិត​របស់​វា​។​

​វា​បញ្ចេញ​ភ្លើង​បំភ្លឺ​ទិសដៅ​ដើម្បី​បង្ហាញ​ភ្ញៀវ​ផ្សេងទៀត នូវ​កន្លែង​ដែល​វា​នឹងត្រូវ​ទៅ​នាពេល​បន្ទាប់​ទៀត​។​

​លើសពីនេះ​ទៀត វា​ត្រូវបាន​បំពាក់​ជាមួយ WiFi ដែល​អនុញ្ញាតឱ្យ​វា​ប្រាប់​ទៅ​ជណ្តើរយន្ត រួច​នាំ​វា​ទៅជា​ន់​ណា​ដែល​វា​ចង់ទៅ​។​

​នៅពេល​ទៅដល់​មាត់​បន្ទប់ មនុស្ស​យន្ត Space Egg នឹង​ជូនដំណឹង​ដល់​ភ្ញៀវ​ថា​វា​នៅ​ខាងក្រៅ​បន្ទប់​របស់​ពួកគេ ដោយ​ប្រើ​ឧបករណ៍ Tmall Genie ហើយ​បន្ទាប់មក​ប្រើ​បច្ចេកវិជ្ជា​សម្គាល់​ផ្ទៃមុខ​ដើម្បី​ប្រាកដថា​នោះ​ជា​ភ្ញៀវ​ត្រឹមត្រូវ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត Space Egg នឹងត្រូវ​ដាក់ពង្រាយ​ឱ្យធ្វើ​ការ​តាម​សណ្ឋាគារ​នៅ​ចិន