ក្រុមហ៊ុន APIWSA នឹង​ចំណាយ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​មួយឆ្នាំ​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​

1133
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​សាធារណការ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្តីពី​”​បើ ពិសារ គ្រឿង​ស្រវឹង​សូមកុំ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៨” ជាមួយ​អង្គការ Asia Pacific International Wine andSpiritsAlliance(APIWSA)​។
ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង ដោយសារ​ការ​ពិសារ​គ្រឿង​ស្រវឹង និង​គាំទ្រ​ដល់​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ឲ្យ​ស្រប​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ខាង​ក្រុមហ៊ុន នឹង​ចំណាយ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១​ឆ្នាំ ដើម្បី​ធ្វើ​យុទ្ធនា​ការអប់រំ បណ្តុះបណ្តាល និង​លើកកម្ពស់​ទាកទង​នឹង​សុវត្ថិភាព​ចរាចរណ៍​។​

ក្នុង​ចំនួន​ទឹកប្រាក់​នេះ​ទឹកប្រាក់​២​ម៉ឺន​ដុល្លារ​សម្រាប់​យុទ្ធនាការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​,​ទឹកប្រាក់ ៣​ម៉ឺន​ដុល្លារ សម្រាប់​យុទ្ធនាការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ,​ទឹកប្រាក់​១៥.០០០​ដុល្លារ​សម្រាប់​យុទ្ធនាការ​ជាមួយ​ក្រសួងមហាផ្ទៃ​, ១​ម៉ឺន​ដុល្លារ​សម្រាប់​យុទ្ធនាការ​ជាមួយ​ក្រសួង​ព័ត៌មាន និង ទឹកប្រាក់​២៥០០០​ដុល្លារ​សម្រាប់​សកម្មភាព​ផ្សេងៗ​។​

​ដើម្បី​បញ្ជ្រាប​ដល់​សាធារណជន​ចំពោះ​បញ្ហាសំខាន់​នេះ​ក្រុមហ៊ុន​APIWSA​នឹង​វិនិយោគ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​យុទ្ធនាការ​រយៈពេល​១​ឆ្នាំ​រួមទាំង​សកម្មភាព​លើកកម្ពស់​ការយល់ដឹង ការបណ្តុះបណ្តាល​នៅតាម​សាលារៀន សកម្មភាព​ផ្សព្វផ្សាយ​សង្គម​និង​សកម្មភាព​ស្វែងរក​ទីផ្សារ​ប្រកបដោយ​ការទទួលខុសត្រូវ​នៅ​ទីតាំង​លក់​នានា​។

​តាមរយៈ​កិច្ចសហការ​នេះ​ភាគី​ទាំងពីរ​នៅក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មាន​គោលបំណង​កាត់បន្ថយ​ការ​ពិសា​គ្រឿង​ស្រវឹង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​និង​អ្នកស្លាប់​ដោយសារ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង ស្រវឹង​ជាពិសេស​ការបង្កើន​ការយល់ដឹង​និង​បណ្ដុះបណ្ដាល​ដល់​ភាគី​ពាក់ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា​”​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​យើង​មាន​គោលបំណង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឱ្យបាន​ពាក់កណ្តាល​នៅលើ​ផ្លូវ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០១១​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០​នាពេលខាងមុខ​។​

យើង​ពិតជា​ជឿជាក់​លើ​កិច្ចសហការ​នេះ​ដើម្បី​រួមចំណែក​សម្រេច​គោលដៅ​នេះ​។​យើង​បាន​កំពុងធ្វើការ​ងារ​ឲ្យ​ស្របទៅតាម​ស្ថានភាព​ផ្លូវ​ដែល​បាន​ពង្រីក​និង​កែលម្អ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ណ៍ហើយ​សម្រួល​ដល់​ការដឹកជញ្ជូន​ឱ្យមាន​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​ម៉ូតូ​នៅ​ទូទាំងប្រទេស​”​។​

​លោក ស៊ី​រី​ល សា​យ៉ាង​( Cyril Sayang)​នាយក​ក្រុមហ៊ុន APIWSA បាន​មានប្រសាសន៍ថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ស្ថាប័ន​ព​ដទៃទៀត​ទាំងអស់​ដែល​គាំទ្រ​យើង​ក្នុង​គោលដៅ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

លោក​សប្បាយរីករាយ​ដែល​រួមចំណែក​បុព្វហេតុ​នេះ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​យើងខ្ញុំ​។​យើងខ្ញុំ​សង្ឃឹមថា​ការងារ​របស់​យើង​នឹង​រួម ចំណែក​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់ ចរាចរ នៅ​ប្រទេស​កម្ពុជា​៕S/

​ក្រុមហ៊ុន APIWSA នឹង​ចំណាយ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​មួយឆ្នាំ​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​