ក្រុមហ៊ុន Apple កាត់បន្ថយ​តម្លៃ​សម្រាប់​ទូរស័ព្ទ​ថ្មី និង បង្កើន​ផ្នែក​សេវាកម្ម ខណៈ​បង្ហាញ​ទូរស័ព្ទ iPhone 11

496
ចែករម្លែក

ក្រុមហ៊ុន Apple បានដាក់​បង្ហាញ​ទូរស័ព្ទ iPhone 11 កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​ជាមួយនឹង​ការកាត់បន្ថយ​តម្លៃ​សម្រាប់​ទូរស័ព្ទ​ម៉ូ​ដែល​ចម្បង​បំផុត​របស់ខ្លួន ខណៈ​ដាក់ចេញ​ផែនការ​សម្រាប់​សេវាកម្ម​ចាក់​មើល​ភាពយន្ត​លើ​អន​ឡាញ​និង​សេវាកម្ម​ហ្គេម ស្រប​ពេលដែល​ក្រុមហ៊ុន​ព្យាយាម​ទប់ទល់​ការធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​នស​កល​។​

​តម្លៃ​បានក្លាយ​ជាការ​ពិចារណា​ដ៏​សំខាន់​ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បាន​បញ្ចុះតម្លៃ​គោល​សម្រាប់​ទូរស័ព្ទ iPhone 11 មក​នៅត្រឹម ៦៩៩ ដុល្លារ និង ទប់ទល់​ក្រុមហ៊ុន​ដទៃទៀត​ជាមួយនឹង​សេវាកម្ម​ជាវ​ហ្គេម​និង​ការចាក់​មើល​រឿង​តាម​ទូរទស្សន៍​អន​ឡាញ​។​

​ក្រុមហ៊ុន Apple បានដាក់​បង្ហាញ iPhone 11 ចំនួន ៣ ម៉ូ​ដែល​រួមមាន​ម៉ូ​ដែល “Pro” ដែលមាន​កាមេរ៉ា​៣​គ្រាប់ និង​លក្ខណៈពិសេស​កម្រិត​ខ្ពស់​ផ្សេងៗ​ទៀត ដែលមាន​តម្លៃ​ចាប់ផ្តើម ៩៩៩ ដុល្លារ និង ១.០៩៩ ដុល្លារ ដែល​មិនមាន​ការផ្លាស់ប្តូរ​ពី​តម្លៃ​កាលពី​ឆ្នាំមុន​ទេ ដោយហេតុថា​វា​បាន​បន្ថែម​នូវ​លក្ខណៈពិសេស​ល្អប្រសើរ​ជាង​មុន​ជាច្រើន រួមទាំង​កញ្ចក់​លែ​ន​កាមេរ៉ា​ថត​បាន​ផ្ទៃ​ធំ​ទូលាយ​ខ្លាំង​។​

​ការភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន Apple គឺ​ការកាត់បន្ថយ​ចំពោះ​តម្លៃ​ចាប់ផ្តើម​មក​នៅត្រឹម ៦៩៩ ដុល្លារ ពោលគឺ​ធ្លាក់ចុះ​ពី ៧៤៩ ដុល្លារ​សម្រាប់ iPhone XR កាល​ពីមួយ​ឆ្នាំមុន ទោះបីជា​ទូរស័ព្ទ​ស៊េរី​ប្រណីត​ជាច្រើន​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ប្រហែល ១.០០០ ដុល្លារ​ក៏ដោយ​។​

​លោក ធី​ម ឃុ​គ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​ប្រាប់​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ទូរស័ព្ទ​នៅ​ទីក្រុង​ឃ្យូ​ភើ​ទី​ណូ រដ្ឋ​កាលីហ្វ័រ​ញ៉ាខ​ណៈ​ក្រុមហ៊ុន​គ្រោង​នឹង​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នៅ​ថ្ងៃទី ២០ ខែកញ្ញា យ៉ាង​ដូច្នេះ​ថា ទូរស័ព្ទ iPhone ថ្មី​ទាំងនេះ “​មាន​សមត្ថភាព​ថ្មី​ជាច្រើន និង មាន​ម៉ូត​ថ្មី​ស្អាត​អស្ចារ្យ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple បង្ហាញ iPhone 11 កាលពី​ថ្ងៃ​អង្គារ និង​គ្រោង​ដាក់លក់​ផ្លូវការ​នៅ​ថ្ងៃទី ២០ កញ្ញា