ក្រុមហ៊ុន Apple ចេញ​នាឡិកា​ថ្មី ប្រើ​ដូច​អាយកូម គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ អាច​ជជែក​ជាមួយ​មិត្តភក្តិ​បាន​ភ្លែត

1399
ចែករម្លែក
  • 35
    Shares

​ការនិយាយ​ទៅកាន់​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់​អ្នក​ជាមួយ​នាឡិកា Apple Watch នាពេល​ឥឡូវនេះ​គឺ​ងាយស្រួល​មែនទែន ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ​។​

​ក្រុមហ៊ុន Apple បានចេញ App ថ្មី​មួយ​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​នាឡិកា Apple Watch ចុងក្រោយបង្អស់ ដែល​គេ​ហៅថា watchOS 5 ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ផ្ញើ​សារ​ជា​សំឡេង​រហ័ស​ទាន់​ចិត្ត​ទៅកាន់​លេខ​ទំនាក់ទំនង​របស់​ពួកគេ​។​

​ដោយ​ដាក់​រហស្សនាម​ថា “Walkie-Talkie” (​អាយកូម​) អ្នកប្រើប្រាស់​អាច​និយាយ​ទៅកាន់​នាឡិកា Apple Watch របស់​ពួកគេ​ដើម្បី​ផ្ញើ​សារ​ជា​សំឡេង​។​

Walkie-Talkie គឺ​គ្រាន់តែ​ជា​លក្ខណៈពិសេស​មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​លក្ខណៈពិសេស​ថ្មីៗ​ជាច្រើន ដែល​ក្រុមហ៊ុន Apple បានប្រកាសថា​នឹងមាន​នៅក្នុង​នាឡិកា Apple Watch នៅក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី​លើ​ពិភពលោក​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​៤ មិថុនា​។​

​លោក ជេ​ហ្វ វី​លលៀម ប្រធាន​ប្រតិ​ប​ត្ដិ​ការ​របស់​ក្រុមហ៊ុន Apple បាន​និយាយថា “​យើង​រំភើប​ជាមួយនឹង​ឥទ្ធិពល​ជា​វិជ្ជមាន ដែល​នាឡិកា Apple Watch មាន​នៅលើ​ជីវិត​របស់​មនុស្ស​។ នាឡិកា Apple Watch កំពុងតែ​ជួយ​ដល់​អតិថិជន​របស់​យើង​ក្នុង​ការភ្ជាប់​ទំនាក់ទំនង ជំរុញ​កាយសម្បទា​របស់​ពួកគេ ហើយ​ក្នុងករណី​ជាច្រើន បាន​រកឃើញ​ស្ថានភាព​គំរាមកំហែង​ដល់​ជីវិត​ពួកគេ​។ ជាមួយនឹង​ការដាក់ចេញ​នូវ​ប្រព័ន្ធ watchOS 5 យើង​មាន​ក្តីរំភើប​ក្នុងការ​ណែនាំ​នូវ​សកម្មភាព​ថ្មី​និង​លក្ខណៈពិសេស​នៃ​ទំនាក់ទំនង ដែល​នឹង​នាំយក​នាឡិកា​នេះ​ទៅ​កម្រិត​ថ្មី​មួយ​ទាំងស្រុង​”​។​

​អ្នកប្រើប្រាស់​ម្នាក់ៗ​ត្រូវតែមាន​នាឡិកា Apple Watch ដើម្បី​ទាក់ទង​គ្នា​ជាមួយ​កម្មវិធី Walkie-Talkie ។​

​ដើម្បី​ប្រើ​វា អ្នកប្រើប្រាស់​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​នៅ​ចំហៀង​នៃ​នាឡិកា Apple Watch រួច​និយាយ ហើយ​មនុស្ស​ផ្សេងទៀត​នឹង​ស្តាប់ឮ​នូវ​អ្វីដែល​អ្នក​កំពុងនិយាយ​។​

​បន្ទាប់មក អ្នក​ដទៃទៀត​អាចឆ្លើយតប​ដោយ​ប​ញ្ចូ​ន​សារ​ផ្ទាល់​របស់​ពួកគេ​មកវិញ​៕ ដោយ៖ កញ្ញាដាលីស

នាឡិកា Apple Watch មានកម្ម​វិធី​និយាយ​អាយកូម​បាន