ក្រុមហ៊ុន Apple និយាយថា ពន្ធ​របស់​អាម៉េរិក​លើ​ចិន​អាច​នឹង​ជះ​ផលប៉ះពាល់​ត្រឡប់​មករក​អាម៉េរិក​វិញ​

551
ចែករម្លែក

​ក្រុមហ៊ុន Apple កំពុង​ព្រមាន​ដល់​រដ្ឋបាល​អាម៉េរិក​ថា ពន្ធ​ដែល​បានស្នើ​លើ​ការនាំ​ចូល​របស់​ចិន​អាច​នឹង​នាំមក​នូវ​ផលវិបាក ដោយ​និយាយថា ពន្ធ​ទាំងនោះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone និង​ផ្តល់​ប្រៀប​ឈ្នះ​ដល់​គូប្រជែង​ដែល​មិនមែនជា​អាម៉េរិក​។​

​នៅក្នុង​សេចក្តីអធិប្បាយ​ដែល​បានដាក់​នៅ​សប្តាហ៍​នេះ​ទៅកាន់​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក ក្រុមហ៊ុន Apple បាន​និយាយថា ពន្ធ​ដែល​បាន​ស្នើឡើង​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន Apple ហើយក៏​នឹង​កាត់បន្ថយ​ការចូលរួម​វិភាគទាន​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​នៅក្នុង​សេដ្ឋកិច្ច​អាមេរិក​គិត​ជា​ប្រាក់​ពន្ធ​និង​ការវិនិយោគ​ផងដែរ​។​

​សេចក្តីអធិប្បាយ​របស់​ក្រុមហ៊ុន Apple ដែល​បាន​ចុះ​ថ្ងៃទី ១៧ ខែមិថុនា បាន​កត់សម្គាល់ថា ក្រុមហ៊ុន​នេះ​គឺជា​អ្នក​បង់ពន្ធ​ធំជាងគេ​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក ហើយក៏​កំពុងស្ថិត​លើផ្លូវ​វិនិយោគ​ចំនួន ៣៥០ ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​នេះ​ក្នុង​រយៈពេល ៥ ឆ្នាំ​ផងដែរ​។​

​ក្រុមហ៊ុន​បាន​និយាយថា “​ពន្ធ​អាម៉េរិក​លើ​ផលិតផល​របស់​ក្រុមហ៊ុន Apple នឹង​នាំមក​នូវ​ការកាត់បន្ថយ​ការរួមវិភាគទាន​ផ្នែក​សេដ្ឋកិច្ច​អាម៉េរិក​របស់​ក្រុមហ៊ុន Apple”​។​

​លើសពីនេះទៅទៀត ក្រុមហ៊ុន​នេះ​បាន​និយាយថា ផែនការ​នេះ​នឹង “​ដាក់​ទម្ងន់​មកលើ​ភាព​ប្រកួតប្រជែង​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Apple” ហើយនឹង​ជំរុញ​ដល់​គូប្រជែង​ចិន​របស់ខ្លួន​ឱ្យមាន​ប្រៀប​ជាង​។​

​លិខិត​របស់​ក្រុមហ៊ុន Apple និយាយថា “​អ្នក​ផលិត​របស់​ចិន ដែល​យើង​កំពុង​ប្រកួតប្រជែង​ជាមួយ​នៅលើ​ទីផ្សារ​សកលលោក មិនមាន​វត្តមាន​សំខាន់​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​ទេ ហើយ​ដូច្នេះ​នឹងមិន​ត្រូវបាន​ប៉ះពាល់​ដោយ​ពន្ធ​អាម៉េរិក​ទេ​។ ក្រុមហ៊ុន​ទាំងនោះ​ក៏​មិនមែនជា​ដៃគូ​ប្រកួតប្រជែង​ធំៗ​របស់​យើង​ដែរ​។ ដូច្នេះ​ពន្ធគយ​របស់​អាម៉េរិក​នឹងធ្វើ​ឱ្យមាន​ប្រៀប​ទៅខាង​ដៃគូ​ប្រកួតប្រជែង​នៅ​ទូទាំង​ពិភពលោក​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Apple ថា​ពន្ធ​ដែល​បានស្នើ​លើ​ការនាំ​ចូល​របស់​ចិន​អាច​នឹង​នាំមក​នូវ​ផលវិបាក​មកលើ​អាម៉េរិក​វិញ