ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone អេក្រង់​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុន​

2137
ចែករម្លែក

​ព្រឹត្តិការណ៍​បង្ហាញ iPhone របស់​ក្រុមហ៊ុន Apple នៅសល់​មិន​ដល់​១​ខែ​ទៀត​ទេ​នឹង​មកដល់​ហើយ ហើយ​ព័ត៌មាន​លម្អិត​ថ្មីៗ​បានចេញ​ហើយ ដោយ​បង្ហាញ​អំពី​អ្វីដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​អាច​នឹងមាន​សម្រាប់​ការចេញលក់​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ខ្លួន​។​

​វេ​ប​សាយ Bloomberg បាន​រាយការណ៍​ថា ព័ត៌មាន​ចចាមអារ៉ាម​ចុងក្រោយ​បំផុត​គឺថា​ក្រុមហ៊ុន Apple នឹង​ហៅ​ទូរស័ព្ទ​ឆ្នាំនេះ​ថា​ជា “​ឆ្នាំ S” ដែល​មានន័យថា​ឧបករណ៍​ថ្មី​នេះ​ភាគច្រើន​គឺ​ធ្វើការ​កែលម្អ​ផ្ទៃ​ខាងក្នុង ជំនួស​ឱ្យ​ការកែលម្អ​សោភណភាព​ខាងក្រៅ​ទាំងស្រុង​។​

​របាយការណ៍​នេះ​គឺ​ស្របគ្នា​នឹង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា ក្រុមហ៊ុន Apple នឹង​ដាក់លក់​ទូរស័ព្ទ iPhone ថ្មី​ចំនួន ៣ ប្រភេទ​នៅ​ថ្ងៃទី ១២ ខែកញ្ញា​។​

​ក្រុមហ៊ុន​ផលិត iPhone នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចេញ​ម៉ូ​ដែល ៥,៨ អ៊ី​ញ ៦,១ អ៊ី​ញ និង ៦,៥ អ៊ី​ញ ដែលមាន​អេក្រង់​លាត​ដល់​គែម​ស្រដៀង​នឹង iPhone X ដែរ​។​

​ទូរស័ព្ទ iPhone អេក្រង់ ៦,៥ អ៊ី​ញ ដែល​គេ​ហៅថា D33 នឹង​ជា​ទូរស័ព្ទ​អេក្រង់​ធំ​បំផុត​របស់​ក្រុមហ៊ុន Apple និង​មាន​លក្ខណៈពិសេស​ថ្មីៗ​ដូចជា​លទ្ធភាព​មើល​មាតិកា​ដាក់​ទន្ទឹមគ្នា (​ពុះ​អេក្រង់​ជា​២)​។​

Bloomberg បាន​កត់សម្គាល់ថា ខណៈដែល​វា​នឹង​ក្លាយជា​ទូរស័ព្ទ​អេក្រង់​ធំ​បំផុត ក្រុមហ៊ុន Apple ត្រូវបាន​គេ​និយាយថា​កំពុង​ពិចារណា​ថា​តើ​វា​គួរតែ​ឈប់​ឱ្យមាន​ប្រភេទ “Plus” ឬ​អត់​សម្រាប់​ទូរស័ព្ទ​ម៉ូ​ដែល ៦,៥ អ៊ី​ញ​។​

​ម៉ូ​ដែល ៦,៥ អ៊ី​ញ និង ៥,៨ អ៊ី​ញ នឹងមាន​ប្រព័ន្ធ​ដំណើរការ​លឿន​ជាង​មុន និង មាន​កាមេរ៉ា​ល្អប្រសើរ​ជាង​មុន​។ តែ​គេ​មិនដឹង​ច្បាស់​ថា​តើ​នឹងមាន​ការផ្លាស់ប្តូរ​ចំណុច​ពិសេស​អ្វី​ទៀត​នោះទេ​។

Apple នឹង​កំណត់​តម្លៃ​ថ្លៃ​លើ​ម៉ូ​ដែល ៦,១ អ៊ី​ញ ព្រោះ​វា​ជា​ម៉ូ​ដែល​ពេញនិយម និង​មាន​រូបរាង​ស្រដៀង iPhone 8 ៕  ដោយ៖ កញ្ញាដាលីស

iPhone ថ្មី​នឹង​បង្ហាញ​នៅ​ថ្ងៃទី ១២ ខែកញ្ញា