Series 3 Apple Watch អាច​ប្រើ​ជា​អង់​តែ​ន​និយាយ​ទូរស័ព្ទ មិនចាំបាច់​មាន iPhone នៅក្បែរ​ទៀតឡើយ​

415

​ក្រុមហ៊ុន Apple បាន​លាតត្រដាង​ថា នាឡិកា​ឆ្លាត​ថ្មី​បំផុត​របស់ខ្លួន​នឹង​ត្រូវបាន​បំពាក់​ជាមួយ​សមត្ថភាព Cellular របស់​ទូរស័ព្ទ ជា​លើកដំបូង​។​

​នាឡិកា Series 3 Apple Watch តម្លៃ ៣៩៩ ដុល្លារ​នេះ នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ធ្វើ​ការហៅ​ទូរស័ព្ទ​ដោយផ្ទាល់​ពី​កដៃ​របស់​ពួកគេ​ដូចជា​កំណែ​មុនៗ​ដែរ ប៉ុន្តែ​ជាមួយនឹង​ស៊ីម​កាត​តូច​ដែល​ស៊ក​បញ្ចូល និង​អេក្រង់​ក្លាយទៅជា​អង់​តែ​ន អ្នក​អាច​តេ​ទូរស័ព្ទ​ដោយ​មិនចាំបាច់ មាន​ទូរស័ព្ទ iPhone ក្បែរ​នោះទេ​។​

​នាឡិកា​ថ្មី​របស់​ក្រុមហ៊ុន Apple ក៏មាន​លក្ខណៈពិសេស​ថ្មីៗ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ប្រើ​ប្រព័ន្ធ​ដំណើរការ Dual-Core លឿន​ជាង​មុន និង​ថាមពល​ថ្ម ១៨ ម៉ោង ដែល​ធ្វើឱ្យ​វា​ជា​នាឡិកា​ឆ្លាត ដែលមាន​ឥទ្ធិពល​បំផុត​របស់​ក្រុមហ៊ុន​។​

​នាឡិកា​ឆ្លាត Series 3 Apple Watch គ្រោង​នឹង​ចាប់ផ្តើម​ការបញ្ជាទិញ​ជាមុន​នៅ​ថ្ងៃទី ១៥ ខែកញ្ញា មុនពេល​វា​ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែកញ្ញា​។​

​លោក ជេ​ហ្វ វី​លលៀម ប្រធាន​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន Apple បាន​និយាយថា “​ឥឡូវនេះ​អ្នក​អាច​ទៅគ្រប់​ទីកន្លែង​ជាមួយនឹង​នាឡិកា Apple Watch”​។​

​អេក្រង់​ខ្លួន​វា​ផ្ទាល់​ដំណើរការ​ជា​ឧបករណ៍​បញ្ជូន​និង​ទទួល​រលកសញ្ញា សម្រាប់ 4G LTE និង UMTS ដូច្នេះ​មានន័យថា​វា​ក្លាយជា​អង់​តែ​ន​។​

​ហើយ eSIM ដែល​បំពាក់​ខាងក្នុង​នាឡិកា​មាន​ទំហំ​ប៉ុន​ស៊ីម​កាត​ធម្មតា​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Apple​។​

​នេះ​អនុញ្ញាត​ឱ្យមាន​សកម្មភាព​រលកធាតុអាកាស​ចូល​មក​ក្នុង​នាឡិកា​រចនា​ឡើង​យ៉ាង​តូច​ល្អិត​នេះ​៕ ដោយ៖ កញ្ញាដាលីស

នាឡិកា Series 3 Apple Watch មាន​ស៊ីម​កាត មិនចាំបាច់​មាន iPhone នៅក្បែរ​ទៀតឡើយ ពេល​តេ​ចេញ​ឬ​ទទួល​ទូរស័ព្ទ