ក្រុមហ៊ុន Apple បើក​ទំព័រ​ថ្មី​ដើមឆ្នាំ ចំពេល​តម្រូវការ iPhone ធ្លាក់ចុះ​

440
ចែករម្លែក
  • 1
    Share

​ក្រុមហ៊ុន Apple សង្ឃឹមថានឹង​ផាត់ទាត់​សង​នូវ​តម្រូវ​ការយឺតយ៉ាវ​សម្រាប់​ទូរស័ព្ទ iPhone ដោយ​ដំឡើងថ្លៃ​ផលិតផល​សំខាន់បំផុត​របស់ខ្លួន ប៉ុន្ដែ​យុទ្ធសាស្ត្រ​នេះ​បែរ​ជាមាន​ផលប៉ះពាល់​ទៅវិញ បន្ទាប់ពី​ការលក់​បាន​ធ្លាក់ចុះ​នៅក្នុង​រដូវ​ទិញដូរ​អីវ៉ាន់​ចុងឆ្នាំ​។​

​លទ្ធផល​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មករា​បានបង្ហាញ​ពី​ការធ្លាក់ចុះ​ការលក់​ទូរស័ព្ទ iPhone ពោលគឺ​ធ្លាក់ចុះ ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ ការធ្លាក់ចុះ​ការលក់​ផលិតផល​ដែល​ផ្តល់​ផលចំណេញ​ច្រើន​បំផុត​ដល់​ក្រុមហ៊ុន Apple បានធ្វើឱ្យ​ប្រាក់ចំណេញ​សរុប​របស់​ក្រុមហ៊ុន Apple សម្រាប់​ត្រីមាស​ទី​៤​ពី​ខែតុលា​ដល់​ខែធ្នូ ធ្លាក់​ចុះមក​នៅត្រឹម ២០ ពាន់​លាន​ដុល្លារ​។​

​បច្ចុប្បន្ន​លោក​ធី​ម ឃុ​គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple កំពុង​ជួប​ការ​ប្រឈម​ដ៏​លំបាក​បំផុត ចាប់តាំងពី​លោក​ពី​ចូលមក​ជំនួស​លោក​ស្ទី​វ ចប​កាលពី ៧ ឆ្នាំកន្លះ​មុន​។ ទោះបីជា​គាត់​ព្យាយាម​បង្កើន​ការលក់ iPhone ក៏ដោយ ក៏​លោក​ឃុ​គ​ត្រូវ​បង្ហាញ​ផងដែរ​ថា ក្រុមហ៊ុន Apple នៅតែ​អាច​រីកចម្រើន​បាន សូម្បី​តម្រូវ​ការមិន​កើនឡើង​ក៏ដោយ​។​

​នេះ​គឺជា​ការតស៊ូ​ដ៏​លំបាក​មួយ ដោយហេតុថា​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ខាតបង់​១​ភាគ​៣​នៃ​តម្លៃ​របស់ខ្លួន​នៅក្នុង​រយៈពេល​តិចជាង​៤​ខែ ដោយ​បាត់បង់​ប្រហែល ៣៧០ ពាន់​លាន​ដុល្លារ​គិត​ជា​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ភាគហ៊ុន​។​

​លោក​ឃុ​គ​បានធ្វើឱ្យ​កក្រើក​សង្កាត់​ហិរញ្ញវត្ថុ Wall Street កាលពីដើម​ខែមករា​ដោយបាន​លាតត្រដាង​ថា ក្រុមហ៊ុន​ខកខាន​ការព្យាករណ៍​អំពី​ប្រាក់ចំណូល​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​រយៈពេល ១៥ ឆ្នាំ​។ គ្រា​ចុងក្រោយ​ដែល​រឿងនេះ​កើតឡើង គឺ iPod កំពុងតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​មុខមាត់​ក្រុមហ៊ុន Apple នៅឡើយ​។​

​លោក ដា​នី​ញែ​ល អ៊ី​វេស អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Wedbush Securities បាន​និយាយថា “​ឥឡូវនេះ​គឺជា​ពេលវេលា​កំណត់​សេចក្តី​ដ៏​សំខាន់បំផុត​សម្រាប់​លោក​ឃុ​គ​។ គាត់​បាន​បាត់បង់​ភាពជឿ​ទុកចិត្ត​មួយចំនួន​នៅ Wall Street ហើយ​ពេលនេះ​គាត់​នឹងត្រូវ​ធ្វើការ​ងារ​ខ្លះ នៅពេលដែល​ក្រុមហ៊ុន​ឈាន​ចូលដល់​ទំព័រ​ថ្មី​មួយទៀត​”​។​

​ក្រុមហ៊ុន Apple ព្យាករណ៍​ថា ចំណូល​របស់ខ្លួន​សម្រាប់​អំឡុង​ខែមករា​-​មីនា​នឹងមាន​ចំនួន​ចាប់ពី ៥៥ ដល់ ៥៩ ពាន់​លាន​ដុល្លារ​។ ពួក​អ្នកវិភាគ​ក៏​រំពឹងថា​ចំណូល​របស់ Apple នឹង​ស្ថិតនៅ​ខ្ទង់​៥៩​ពាន់​លាន​ដុល្លារ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រាប់​ពីឆ្វេង iPhone XS, iPhone XR, និង iPhone XS Max