ក្រុមហ៊ុន Apple ប្រកាស​អំពី​ប្រាក់ចំណេញ​កប់​ក្តោង ដើម្បី​សម្រាល​ការបារម្ភ​ថា iPhone X ថ្លៃ​ពេក​លក់​មិន​ដាច់​

176

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កុម្ភៈ ក្រុមហ៊ុន Apple បាន​រាយការណ៍​ប្រាក់ចំណេញ​ចំនួន ២០ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ឯតទគ្គ​កម្ម​មួយ ហើយ​បាន​ឱ្យដឹងទៀតថា ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន iPhone X ថ្មី​របស់ខ្លួន​គឺ​ប្រសើរ​ជាង​ការរំពឹងទុក​។​

​យោងតាម​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​បានឱ្យដឹងថា ចំណូល​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំមុន​បាន​កើនឡើង ១៣ ភាគរយ គឺ​ស្មើនឹង ៨៨,៣ ពាន់​លាន​ដុល្លារ​។​

​លោក ធី​ម ឃុ​គ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​និយាយថា “​យើង​ពិតជា​រំភើប​ក្នុងការ​រាយការណ៍​អំពី​ត្រីមាស​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Apple ជាមួយនឹង​កំណើន​ដ៏​ទូលំទូលាយ ដែល​រួមបញ្ចូល​ទាំង​ប្រាក់ចំណូល​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពី​ផលិតផល iPhone ថ្មី​”​។​

​លោក​បន្តថា “​ទូរស័ព្ទ iPhone X គឺ​ធ្វើ​បានល្អ​លើសពី​ការរំពឹងទុក​របស់​យើង ហើយ​ជា​ទូរស័ព្ទ​ដែល​លក់ដាច់​បំផុត​របស់​យើង​រៀងរាល់​សប្តាហ៍ ចាប់តាំងពី​វា​បាន​នាំចេញ​កាលពី​ខែវិច្ឆិកា​”​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Apple បាន​រាយការណ៍​ថា ការលក់​ទូរស័ព្ទ iPhone សរុប​ទាំងអស់​នៅក្នុង​ត្រីមាស​ទី​៤ មាន​ចំនួន ៧៧,៣ លាន​គ្រឿង គឺ​តិចជាង​កាលពី​ឆ្នាំមុន ១ លាន​គ្រឿង​។ ប៉ុន្តែ​ប្រាក់ចំណូល​របស់ iPhone បាន​កើនឡើង ១៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន ដោយ​បង្ហាញថា ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​កំពុង​ទទួលបាន​ការទា​ក់​ទាញ​។​

​ប្រាក់ចំណេញ​នេះ​បាន​កើតឡើង​ចំពេល​មានការ​ព្រួយបារម្ភ​ជុំវិញ​តម្រូវការ​ទូរស័ព្ទ iPhone X ថ្មី​និង​ថ្លៃ​បំផុត​របស់ខ្លួន ដែលជា​ទូរស័ព្ទ​សម្រាប់​ខួប​លើក​ទី ១០ នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​នេះ​។​

​ក្រុមហ៊ុន Apple ក៏បាន​ព្យាករណ៍​ដែរ​ថា ប្រាក់ចំណូល​នៅក្នុង​ត្រីមាស​ថ្មីៗ​នេះ​នឹងមាន​ចន្លោះ​ពី ៦០ ពាន់​លាន​ដុល្លារ​ទៅ ៦២ ពាន់​លាន​ដុល្លារ​នៅក្នុង​ការព្យាករណ៍​មួយ ដែល​តិចជាង​អ្នកវិភាគ​រំពឹងទុក​៕ ដោយ៖ កញ្ញាដាលីស

ចំណូល​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំមុន​ពី​ការលក់ iPhone បាន​កើនឡើង ១៣ ភាគរយ គឺ​ស្មើនឹង ៨៨,៣ ពាន់​លាន​ដុល្លារ