ក្រុមហ៊ុន Apple ប្រឈម​ពាក្យបណ្តឹង បន្ទាប់ពី​សារភាពថា​ខ្លួន​ធ្វើឱ្យ iPhone ចាស់ៗ​ដើរ​យឺត​

203

​យោងតាម​ពាក្យបណ្តឹង​ចំនួន​៨​ដែល​ដាក់​នៅ​តុលាការ​សហព័ន្ធ​ផ្សេងៗ​គ្នា​ក្នុង​សប្តាហ៍​នេះ​បានឱ្យដឹងថា ចាប់តាំងពី​ក្រុមហ៊ុន​បាន​លាតត្រដាង​អំពី​ការកែប្រែ​សូ​ហ្វ​វែ​ចំណាស់​មួយឆ្នាំ​របស់ខ្លួន​មក ក្រុមហ៊ុន Apple បាន​បោកប្រាស់​អ្នកប្រើប្រាស់​ទូរស័ព្ទ iPhone ដោយ​ធ្វើឱ្យ​ទូរស័ព្ទ​ដើរ​យឺត ដោយ​មិន​បានចេញ​ការជូនដំណឹង ដើម្បី​ទូទាត់​សង​សម្រាប់​ថ្ម​ខ្សោយ​នោះទេ​។​

​ពាក្យបណ្តឹង​ទាំង​នោះបាន​បន្តថា ការ​ពន្យឺត​ល្បឿន​នេះ​អាច​នាំឱ្យ​ម្ចាស់ iPhone យល់ច្រឡំ​ដោយ​នាំគ្នា​ទៅ​ជួសជុល​បញ្ហា​ផ្សេង​កាលពី​ឆ្នាំមុន​។​

​ពាក្យបណ្តឹង​ទាំងអស់ ដែល​ត្រូវ​បានដាក់​នៅក្នុង​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា រដ្ឋ​ញូវយ៉ក និង​រដ្ឋ​អ៊ី​ល​លិ​នណ​យ ស្វែងរក​ការប្តឹង​ជា​សមូហភាព ដើម្បី​តំណាងឱ្យ​ម្ចាស់ iPhone រាប់លាន​នាក់​នៅ​ទូទាំងប្រទេស​។​

​កាសែត Haaretz បាន​រាយការណ៍​ថា ករណី​ស្រដៀង​គ្នា​នេះ​ត្រូវ​បានដាក់​ប្តឹង​នៅ​តុលាការ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ​ទី ២៥ ធ្នូ​ផងដែរ​។​

​ក្រុមហ៊ុន Apple មិនបាន​ឆ្លើយតប​ទៅនឹង​អ៊ីមែល ដែល​សុំ​ការបញ្ចេញ​មតិយោបល់​លើ​ពាក្យបណ្តឹង​ទាំងនេះ​ទេ​។​

​ក្រុមហ៊ុន Apple បានទទួល​ស្គាល់​កាលពី​សប្តាហ៍​មុន​ជា​លើកដំបូង​យ៉ាង​លម្អិត​ថា ការ​អាប់​ដេ​ត​ថ្មី (Update) នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ទូរស័ព្ទ ដែល​ចេញ​តាំងពី​ឆ្នាំមុន​សម្រាប់ iPhone 6, iPhone 6s, iPhone SE និង iPhone 7 រួមបញ្ចូល​លក្ខណៈពិសេស​មួយ “​ដើម្បី​ស៊ី​ថាមពល​” ដែល​ផ្គត់ផ្គង់​ចេញពី​ថ្ម​ចាស់ៗ ឬ ថ្ម​ខ្សោយ​សាក​ភ្លើង​មិន​ងាយ​ពេញ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា ទូរស័ព្ទ​ដែល​គ្មាន​ការកែតម្រូវ​ទេនោះ នឹង​បិទ​យ៉ាង​រហ័ស ដោយសារតែ​ការប្រុងប្រយ័ត្ន ដែល​គេ​រចនា​ឡើង​ដើម្បី​ការពារ​សមាសធាតុ​ទូរ​ស័ព្ទ​កុំឱ្យ​ឆេះ​ខូច​៕ ដោយ៖ កញ្ញាដាលីស