ក្រុមហ៊ុន Apple អាច​នឹង​រើ​រោងចក្រ​ចេញពី​ចិន ប្រសិនបើ​ចាំបាច់​

334
ចែករម្លែក

​ដៃគូ​ផលិត​របស់​ក្រុមហ៊ុន Apple គឺ​ក្រុមហ៊ុន Hon Hai Precision Industry Co. ថ្មីៗ​នេះ​បានចង្អុលបង្ហាញ​ថា ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​រើ​ទីតាំង​រោងចក្រ​ផលិតផល iPhone របស់​អាម៉េរិក​ទៅ​នៅក្រៅ​ប្រទេស​ចិន ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​កាន់តែ​កើនឡើង​ខ្លាំង​។​

​ក្រុមហ៊ុន Hon Hai ដែល​គេ​ស្គាល់​ជាទូទៅ​ថា Foxconn គឺជា​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ ល្បីល្បាញ​ខាង​ផលិត​ផលិតផល​របស់​ក្រុមហ៊ុន Apple ជាច្រើន​ដូចជា iPhone, iPad និង iPod ។ ឧបករណ៍​អេឡិចត្រូនិក​គួរឱ្យកត់សម្គាល់​ផ្សេងទៀត​នៅលើ​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​រួមមាន​ក្បាល​វីដេអូ​ហ្គេម PlayStation, Xbox និង Nintendo 3DS ។​

​លោក យ៉ុង លីវ បេក្ខជន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Hon Hai និង​ជា​ប្រធាន​ផ្នែក​លក់​ឧបករណ៍​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន បាន​និយាយប្រាប់​នៅឯ​សន្និសីទ​វិនិយោគិន​មួយ​នៅ​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​ថា ក្នុងករណី​វិវាទ​ពាណិជ្ជកម្ម​កាន់តែ​អាក្រក់​ទៅ ក្រុមហ៊ុន​បាន​ត្រៀម​រួចហើយ​ដើម្បី​រើ​ទីតាំង​ផលិតកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន Apple​។​

​លោក​លីវ​បាន​និយាយថា “២៥​ភាគរយ​នៃ​សមត្ថភាព​ផលិត​របស់​យើង​គឺ​នៅក្រៅ​ប្រទេស​ចិន ហើយ​យើង​អាចជួយ Apple ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​បាន​។ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន Apple” មុនពេល​និយាយថា ការវិនិយោគ​នានា​កំពុង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា​សម្រាប់​ក្រុមហ៊ុន Apple​។​

​មន្ត្រី​រូបនេះ​បានកត់សម្គាល់​បន្ថែមទៀត​ថា “​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​នឹងមាន​ផលប៉ះពាល់​ខ្លះៗ​ទៅលើ​ការផលិត​របស់​ក្រុមហ៊ុន ប៉ុន្តែ​វា​នៅមានកម្រិត​ទេ​”​។ គាត់​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Apple មិនទាន់បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ផលិត​នេះ​ឱ្យ​ចាប់ផ្តើម​រើ​ទីតាំង​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​ទៅ​កន្លែង​ផ្សេង​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ផលិត iPhone អាច​នឹង​រើ​ទៅ​ឥណ្ឌា​ប្រសិនបើ​ចាំបាច់